ជិះ​ម៉ូតូ​៣​នាក់​ឌុ​ប​គ្នា​គេច​នឹង​រថយន្ត​ផ្សេង មក​ចូល​រថយន្ត​មួយ​គ្រឿង​ទៀត​ស្លាប់​ទាំង​បី

70

ខេត្តកំពត ៖ មនុស្ស​៣​នាក់​បាន​បាត់បង់​ជីវិត​កាលពី​វេលា​ម៉ោង​១១ និង​នាទី​ព្រឹក នៅ​លើ​កំណាត់ ផ្លូវជាតិ​លេខ​៣​ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​១១៨-១១៩ ស្ថិត​ក្នុងភូមិ​ត្រពាំង​រាំង ឃុំ​អង្គ​រមាស ស្រុក​ដងទង់ ខេត្តកំពត​។

Loading...

លោក ហ៊ីង ឈុំ អធិការ​នគរបាល​ស្រុក​ដងទង់ បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់ ដែល​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​នេះ គឺ​ពួក​គាត់​ទាំង​៣​នាក់​បាន​ជិះ​ម៉ូតូ ពណ៌​ខ្មៅ ជិះ​ឌុ​ប​គ្នា​បី​នាក់​សុទ្ធតែ​ប្រុស​ៗ ពី​លិចទៅ​កើត​តែ​ពេល​នោះ​បាន​គេច​នឹង​រថយន្ត​ផ្សេង ទៅ​បុក រថយន្ត​ផ្សេង​មួយ​គ្រឿង​ទៀត​ម៉ាក​សាំ​យ៉ុ​ង ពាក់​ស្លាក​លេខ ភ្នំពេញ 2U-0823 បើក​មក​ពី​កើត​ទៅ​ទិស ខាងលិច ពេញ​កំហឹង​តែ​ម្ដង បណ្ដាល​ឲ្យ​យុវជន​ទាំង​៣​នាក់​ស្លាប់​នៅ​នឹង​កន្លែង​។

លោក ហ៊ីង ឈុំ អធិការ​នគរបាល​ស្រុក​ដងទង់ និយាយ​ប្រាប់​បន្ត​ថា តាំងពី​ថ្ងៃ​កើតហេតុ​រហូត​មក​ដល់​វេលា​ម៉ោង ៥​ល្ងាច​នេះ ជន​រង​គ្រោះ​ទាំង​៣​នាក់​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ឡើយ ហើយ​នគរបាល​ក៏​បាន ផ្សព្វផ្សាយ តាម​វិទ្យុទាក់ទង​តាម​បណ្ដា​ស្រុក​នានា​។ ចំណែកឯ​អ្នកបើកបរ​រថយន្ត​ឈ្មោះ ឆែម ដា​រ៉ា អាយុ​៤៦​ឆ្នាំ នៅ​ភូម​ឈើ​នី ឃុំ​ព្រៃកប្បាស ស្រុក​ព្រៃកប្បាស ខេត្តតាកែវ យើង​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​ស្នងការ​ដែរ​ហើយ​៕ ដោយ ៖ កែវ ឆាត