រថយន្ត​ដឹក​ដី​បុក​រះ​ហើយ​បើក​រត់ ជ្រុល​ទៅ​បុក​បង្កាន់ដៃស្ពាន​ព្រែក​ព្នៅ

73

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ដី​មួយ​គ្រឿង បាន​បើក​បោះពួយ​បុក​រះ​រថយន្ត​ជា​បន្តបន្ទាប់​ចំនួន​៤​គ្រឿង ហើយ​រថយន្ត​បង្ក​នោះ​ក៏​បាន​បើក​រត់គេច​ខ្លួន ជ្រុល​ឡើង​ខឿន​ទៅ​បុក​បង្កាន់ដៃស្ពាន​ព្រែក​ព្នៅ បណ្តាល​ជាប់​ទៅ​មុខ​លែង​រួច ហើយ​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​។ គ្រោះថ្នាក់​នេះ​ចាត់ទុកជា​សំណាង ធំ​ហើយ ដោយ​ពុំ​បណ្តាល​ឲ្យ​មនុស្ស​រង​របួស​ឡើយ​។ ហេតុការណ៍​ថ្នាក់​ដ៏​រន្ធត់​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​លើ​ស្ពាន​ព្រែក​ព្នៅ ផ្នែក​ខាងកើត ក្នុង​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ​។

Loading...

រថយន្ត​បង្ក​គ្រោះថ្នាក់​ម៉ាក​ហ៊ី​ណូ​ដឹក​ដី ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3A-7159 បើកបរ​ដោយ​បុរស​ម្នាក់​បាន​រត់គេច​ខ្លួន​បាត់​។ តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​គ្រោះថ្នាក់​នោះ​បណ្តាល​ឲ្យ​រថយន្ត​ចំនួន​៥​គ្រឿង​បាន​រង​ការ​ខូចខាត គិត​រថយន្ត​បង្ក​ព្រមទាំង​ខឿន និង​បង្កាន់ដៃស្ពាន​។ តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ខាងលើ បាន​ធ្វើ​ដំណើរ​ឡើង​ស្ពាន​ព្រែក​ព្នៅ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ដោយ​ដឹក​ដី​ពេញ​។

ពេល​ធ្វើ​ដំណើរ​ចុះ​ពីលើ​ស្ពាន ក៏​បាន​ជ្រុល​ទៅ​បុក​រថយន្ត​ធុន​ធំ​មួយ​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A-1895 ហើយ​រុញ​ទៅ​បុក​ជាមួយ​រថយន្ត ម៉ាក​ហា​យ​ឡាន​ឌ័​រ ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-7020 មួយ​គ្រឿង​ទៀត​។ តាម​សាក្សី​បាន​ឲ្យ​ដឹង ទៀត​ថា បន្ទាប់​ពី​បង្ក​គ្រោះថ្នាក់​រថយន្ត​បែន​ដឹក​ដី​ក៏​បាន​ព្យាយាម​បើក​រត់ ហើយ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ជាមួយ នឹង​រថយន្ត​ម៉ាក​ស្តា​រិច​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ បាត់ដំបង 2C-4668 មួយ​គ្រឿង​ទៀត​ហើយ រុញ​ទៅ​បុក​រថយន្ត​ធុន​ធំ​មួយ​គ្រឿង បណ្តាល​ឲ្យ​រថយន្ត​ស្តា​រិច ដឹក​ភ្ញៀវ​ខ្ទេច​ទាំង​មុខ និង​ក្រោយ​។

តាម​សាក្សី​បន្ត​ទៀត​ថា បន្ទាប់​ពីមុខ​រះ​ជា​បន្តបន្ទាប់​រថយន្ត​ដឹក​ដី ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក នឹង​បង្កាន់ដៃស្ពាន​ផ្នែក​ខាងស្តាំ​បណ្តាល​ល​ឲ្យ​រថយន្ត​ដាច់​ចង្កូត និង​សាច់​កង់​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ជាប់​នៅ​នឹង​បង្កាន់ដៃស្ពាន​។ ចំណែក​អ្នកបើកបរ​ក៏​បានក​ចុះ​ពីលើ​រថយន្ត​បាន​គេចខ្លួន​បាត់​ស្រមោល​។ នៅ​ក្នុង​គ្រោះថ្នាក់​រថយន្ត​ធំ​មួយ​ដែល​បុក​ក្រោយ​គេ​ពុំ​បាន​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ក៏​បាន​បើក​ទៅ​បាត់​។ បន្ទាប់​ពី​គ្រោះថ្នាក់ នគរបាល​ក៏​បាន​ចុះ​ទៅ​វាស់វែង​ហើយ​នាំ​រថយន្ត​ចំនួន​៤​គ្រឿង ដែល​ក្នុង​នោះ រថយន្ត​រង​គ្រោះ​៣​គ្រឿង និង​រថយន្ត​បង្ក​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ​រង​ការ​ខូចខាត​៕ ដោយ ៖ ម៉េ​ង ធា