នគរបាល​សេដ្ឋកិច្ច​ខេត្តកណ្តាល នឹង​ដុត​កម្ទេច​ចោល​ឧបករណ៍​ឡូត​ត៍​នេសាទ

41

ខេត្តកណ្តាល ៖ លោក លី សុ​ជាតិ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តកណ្តាល បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ នេះ​ថា ភស្តុ​តាង​ជា ឧបករណ៍​របស់​ដែន​ឡូត៍​នេសាទ​លេខ​១០ និង​លេខ​១១ ខុសច្បាប់ ដែល​សមត្ថកិច្ច​របស់​លោក សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​កោះធំ​បង្ក្រាប​បាន​នោះ និង​ដុត​កម្ទេច​ចោល បន្ទាប់​ពី​លោក បាន​ស្នើ​សុំ​គោលការណ៍​ពី​អយ្យការ​សាលាដំបូង​ខេត្តកណ្តាល​រួច​។ ចំណែក​កូន​ត្រី​ដែល​បង្ក្រាប​បាន បាន​ប្រលែង​ចូល​ទៅ​ក្នុង​បឹង​ធម្មជាតិ​អស់ហើយ​។

Loading...

ក្នុង​ពិធី​ដុត​កម្ទេច​ចោល និង​មាន​វត្តមាន​លោក ម៉ៅ ភិ​រុណ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល​ផង​ដែរ​។ សូម​បញ្ជាក់​ថា កម្លាំង​សមត្ថកិច្ច ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ដឹកនាំ​ដោយ លោក លី សុ​ជាតិ នាយការិយាល័យ បាន​សហការ​ជាមួយ​នគរបាល​ស្រុក​កោះធំ សរុប​ចំនួន​៣៥​នាក់ បាន​ធ្វើការ​ចុះ​បង្ក្រាប​បទល្មើស​ជលផល​នៅ​រដូវ​បិទ​នេសាទ​នៅ​ចំណុច​ដែន​ឡូត៍​នេសាទ​លេខ​១០ និង​លេខ​១១ ដោយ​រឹបអូស​បាន​ឧបករណ៍​ខុសច្បាប់​មួយ​ចំនួន រួម​នឹង​កូន​ត្រី​។

ប្រតិបត្តិការ​បង្ក្រាប​នេះ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​ខ្នា​តាំងយូរ ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្តកណ្ដាល​។ លទ្ធផល​កិច្ច​ប្រតិបត្ដិការ​ទទួល​បាន សៃយ៉ឺន​ស្បៃ​មុង​ចំនួន ១៧០​មាត់ បាំង​ស្បៃ​មុង​ប្រវែង ៥ ៤០០​ម៉ែត្រ បង្គោល​ចំនួន ១ ៧០០​ដើម បាន​ប្រលែង​កូន​ត្រី​ចម្រុះ​ចូល​បឹង ធម្មជាតិ​ចំនួន ៥១២​គីឡូក្រាម​។

ចំពោះ​ករណី​បទ​នេសាទ​នេះ​ដែរ​កាលពី​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៩ ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកណ្តាល បាន​ចុះ​បង្ក្រាប​បាន​ទូក​ស្មាច់ ម៉ាស៊ីន​០៣​គ្រឿង ដែល​ដឹក​ឧបករណ៍​នេសាទ​ខុសច្បាប់ (​ប្រើស​មុខ​១០០) ចំនួន​៣៥០​ខ្សែ ស្មើនឹង​៣៥០០​ម៉ែត្រ នាំ​ចូល​តាម​ច្រករបៀង​ពាម​កិ​ញ ស្រុក​កោះធំ ខេត្តកណ្តាល ហើយ​យក​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​នគរបាល​ច្រក​ទ្វារ​ជ្រៃ​ធំ​-​ខ្នារ​តាំងយូ ដើម្បី​បន្ត​និ​តិ​វិធី​តាម​ផ្លូវច្បាប់​៕ ដោយ ៖ ប៉ឹង ឆដា