ប្រើ​ដំបង​ឈើ​ជ្រុង​វាយ​ប្លន់​ម៉ូតូ គេចខ្លួន​បាន​៣​ថ្ងៃ​ជាប់​ជង់​ទាំង​សម្បុក

55

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៥​នាក់​បាន​ប្រើ​ដំបង​ឈើ​ជ្រុង ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​១​គ្រឿង ពី​គូស្នេហ៍​មួយគូ​បាន​សម្រេច​បន្ទាប់​មក​បាន​នាំ​គ្នា​ជិះ​គេចខ្លួន​បាត់​ស្រមោល ក្រោយមក​ជន​រង​គ្រោះ បាន​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​។ បន្ទាប់​មក​នគរបាល​ប៉ុស្តិ៍​កា​កាប​២ រួម​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ដុតដៃដុតជើង ហើយ​៣​ថ្ងៃ​ក្រោយមក​ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​៤​នាក់​នោះ​បាន​។

Loading...

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១ និង​៥៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​ចម្ការឪឡឹក​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ លុះ​រហូត​ដល់​ថ្ងៃ​ទី​១៤ ខែកញ្ញា ទើប​ចាប់ខ្លួន​ជនសង្ស័យ​បាន​កម្លាំង​នគរបាល ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ នៅ​ចំណុច​បន្ទប់​ជួល​ដែល​ពួក​គេ​ស្នាក់​នៅ​។ ជនសង្ស័យ​ទាំងនោះ​រួម​មាន​៖ ១-​ឈ្មោះ សេង វង្ស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ២-​ឈ្មោះ យ៉ុ​ង ឆេ​ង អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ៣-​ឈ្មោះ ផ សុវណ្ណ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ៤-​ឈ្មោះ ធូ រ​ដ្ឋា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​សន្តិសុខ ទាំង​៣​នាក់​នេះ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ចម្ការឪឡឹក​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ចំណែក​ម្នាក់​ទៀត​រត់គេច​ខ្លួន​រួច ឈ្មោះ ជឹ​ង សឹង អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ចម្ការឪឡឹក​១ សង្កាត់​កា​កាប​១​។​ដោយឡែក​ជន​រង​គ្រោះ​នៅ​ក្នុង​អំពើ ប្លន់​នោះ ឈ្មោះ យ៉ង់ វិច្ឆិកា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ចម្ការឪឡឹក​២ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ រីឯ​នាង​ជា​សង្សារ​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ ឡើយ ហើយ​បាត់បង់​ម៉ូតូ​១​គ្រឿង​ម៉ាក HUN JEA SEALING ស៊េរី​២០១៨ ផលិត​នៅ​ប្រទេស​ចិន ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​1K-6730​។

នគរបាល​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រហែល ១ និង​៣៥​នាទី យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ ខណៈ​ពេល​ត្រឡប់​មក​ពី​ដើរ លេង​វិញ​ដល់​ជិត​បន្ទប់​ជួល មិន​ទាន់​ងងុយដេក​ជន​រង​គ្រោះ​ក៏​បាន​ជជែក​គ្នា​លេង​នៅ​លើ​ផ្លូវ​បេតុង ក្បែរ​សាលារៀន​ប្រាយ​ថា​ម ស្ថិត​ក្នុងភូមិ​ចម្ការឪឡឹក​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ លុះ​បាន​ប្រហែល​២០​នាទី​ក្រោយមក ស្រាប់​ក្រុម​ជនសង្ស័យ​កាន់ដំបង​ឈើ​ជ្រុង​មួយ​កំណាត់ ទៅ ធ្វើ​សកម្មភាព​ដេញ​វាយ​ប្លន់ យក​ម៉ូតូ​ជិះ​គេច​បាត់​តែ​ម្តង ពេល​នោះ​ជន​រង​គ្រោះ​មិន​បាន​ដាក់​ពាក្យ​ប្ដឹង ភ្លាម​ៗ​នោះ​ទេ រហូត​ដល់​វេលា​ព្រឹក​ឡើង​ទើប​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគ​បាល​រដ្ឋបាល កា​កាប​ទី​២ ឲ្យ​ជួយ​អន្តរាគមន៍​។

ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៩ ទើប​កំណត់​មុខសញ្ញា​ជនសង្ស័យ​បាន​ម្នាក់ ក៏​ចុះ​ទៅ​ឃាត់ខ្លួន នាំ​ទៅ​កាន់​ប៉ុស្តិ៍​ដើម្បី​សាកសួរ ទើប​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​បក្ខពួក​៣​នាក់​ផ្សេង​ទៀត ជា​បន្តបន្ទាប់​។ ខណៈនោះ​កម្លាំង​ដក​ហូ​យ​បាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ស្កូ​ពី​តូច (MINI) ពណ៌​ផ្កាឈូក គ្មាន​ស្លាក​លេខ រួម​ជាមួយ​ក្រាម​ស​ថ្លា​ចំនួន​២​កញ្ចប់​តូច​ព្រមទាំង ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។ បន្ទាប់​មក​បាន​នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕ ដោយ ៖ យន់ ស៊ី​ថា