អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុក​ម៉ាស៊ីនត្រជាក់ និង​ឃ្លាំង​លក់​រថយន្ត

142

រាជធានី​ភ្នំពេញ ៖ ឃ្លាំង​ស្តុក​ម៉ាស៊ីនត្រជាក់ និង​ទូទឹកកក ព្រមទាំង​ឃ្លាំង​លក់​រថយន្ត និង​ម៉ូតូ ដែល ស្ថិត​នៅ​ទល់​ខ្នង​គ្នា ត្រូវ​បាន​អគ្គី​ភ័យ​ឆាប​យ៉ាង​សន្ធោសន្ធៅ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​។ ហេតុការណ៍ អគ្គិភ័យ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៥ និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវ​ភ្នំពេញ​ហាណូយ (១០១៩) ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

Loading...

ឃ្លាំង​ស្តុក ម៉ាស៊ីនត្រជាក់ និង​ទូទឹកកក​នោះ​មាន​ទំហំ​ប្រមាណ​ទទឹង​ប្រមាណ​៨​ម៉ែត្រ គុណ​១០​ម៉ែត្រ ដែល​មាន​ម្ចាស់​ឈ្មោះ ម៉េ​ង ទៀង ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ដែល​ជា​ម្ចាស់​ដេប៉ូ​ទិញ​លក់ ជួល​ជុល លាង​សម្អាត​ទូទឹកកក ដំឡើង​ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន បោក​ខោអាវ ម៉ាស៊ីនទឹក​ក្តៅ និង​ម៉ាស៊ីនទឹក​ត្រជាក់ ដែល​មាន​យីហោ ម៉េ​ង សុង មាន​ទីតាំង​ផ្ទះ​លេខ​៩​អា ខាង​មុខ​ឃ្លាំង​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​។ ឃ្លាំង​នោះ​ត្រូវ​ភ្លើង​ឆេះ​ទាំងស្រុង ព្រមទាំង​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​។

ដោយឡែក​ចំណែក​ឃ្លាំង​លក់​រថយន្ត និង​ម៉ូតូ មាន​ទំហំ​ប្រមាណ​១០​ម៉ែត្រ គុណ​នឹង​ជាង​២០​ម៉ែត្រ ស្ថិត​នៅ​ពីមុខ​ឃ្លាំង​ម៉ាស៊ីនត្រជាក់​ត្រូវ​ភ្លើង​ឆេះ​អស់​មួយ​កំណាត់​កន្លែង​ស្នាក់​នៅ​ខាងក្រោយ និង​រថយន្ត​មួយ​គ្រឿង​រង​ការ​ខូចខាត​បន្តិចបន្តួច​មួយ​កំណាត់​ក្រោយ​។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ភ្លើង​បាន​ឆាបឆេះ​យ៉ាង​ស​ន្ទោ​សន្ធៅ ចេញពី​ឃ្លាំង​ស្តុក​ម៉ាស៊ីនត្រជាក់ នៅ​ផ្នែក​ខាងក្រោយ ហើយ​បាន​ភ្លើង​ឆេះ​រាលដាល​យ៉ាង​សន្ធោសន្ធៅ​ទៅ​ឃ្លាំង​លក់​រថយន្ត​។ ភ្លាម​ៗ រថយន្ត​ទំនើប​ៗ​ជា​ច្រើន​គ្រឿង ត្រូវ​បាន​គេ​នាំ​គ្នា​រុញ និង​បើក​ចេញ​ឆេះ​រង​ការ​ខូចខាត​តែ​មួយ​គ្រឿង​។ ដោយសារ​តែ​ជាតិ​ជ័រ​ភ្លើង បាន​ឆាបឆេះ​ផ្សែង​ខ្មួលខ្មាញ់​ទៅ​លើ​អាកាស បង្ក​ឲ្យ​មានការ​ភ្ញាក់​ស្ទើរ​មួយ​ចំហៀង រាជធានី​ភ្នំពេញ​។

តាម​ម្ចាស់​ឃ្លាំង​ម៉ាស៊ីនត្រជាក់​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​នៅផ្ទះ​របស់​គាត់ ផ្នែក​ខាង​មុខ ស្រាប់តែ​អ្នក​ជិតខាង​ដែល​នៅ​ខាងក្រោយ​បាន​ស្រែក​ភ្លើង​ឆេះ​។ ពេល​នោះ​ភ្លើង បាន​ឆេះ​យ៉ាង​សន្ធោ ស​ន្ទៅ​ពេញបន្ទុក​ទៅ​ហើយ​។ ទាក់ទិន​ការ​កើត​មាន​អគ្គិភ័យ​នេះ ម្ចាស់​ឃ្លាំង​រូប​នោះ​បាន​ឲ្យ​ដឹង​ថា ពុំ​ដឹង​ពី​មូលហេតុ​អ្វី​ឡើយ​។ ការ​ឆាបឆេះ​នេះ​គាត់​ពុំ​ដឹង​ថា ឆេះ​ចេញពី​ឃ្លាំង​របស់​គាត់​មុន ឬ​ក៏​ឃ្លាំង​រថយន្ត​មុន​នោះ​ទេ ព្រោះ​នៅ​ជាប់​គ្នា​។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​រថយន្ត​ពន្លត់​អគ្គិភ័យ ប្រមាណ​ជាង​២០​គ្រឿង​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់ ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ នៅ​វេលា​ម៉ោង​ប្រមាណ​៦ និង​៣០​នាទី​ល្ងាច​។ ទោះបីជា​យ៉ាងណា​ឃ្លាំង​ស្តុក​ម៉ាស៊ីនត្រជាក់ ទូទឹកកក ព្រមទាំង​រថយន្ត​សាំង​យ៉ុ​ង​មួយ​គ្រឿង ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត​ទាំងស្រុង​។ ចំណែក​ឃ្លាំង​រថយន្ត​ឆេះ​អស់​មួយ​កំណាត់​ដែល​ជា​កន្លែង​ស្នាក់​នៅ ផ្នែក​ខាងក្រោយ​តែ​ប៉ុណ្ណោះ​។ រថយន្ត​ម្ចាស់ និង​បុគ្គលិក​នាំ​គ្នា​ជួយ​យក​ចេញ​ទាន់ រង​ការ​ខូចខាត​តែ​មួយ​គ្រឿង​នោះ​ទេ​៕ ដោយ ៖ ម៉េ​ង ធា