កងទ័ពជើងគោក​ប្រឆាំង និង​ថ្កោលទោស​យ៉ាង​ដាច់ខាត​ដល់​ជន​ណា​មើលងាយ​អង្គ​ព្រះមហាក្សត្រ

81

ខេត្តបាត់ដំបង ៖ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពល ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​បាន​បើក​ពិធី​សំណេះសំណាល​បញ្ចុះ​បឋមសិលា បុក​គ្រឹះ កសាង​អគារ​ស្នាក់​នៅ​កម្លាំង​អន្តរាគមន៍ និង​អគារ​អាហារ​ដ្ឋា​ន​-​ផ្ទះ​ភ្ញៀវ វេលា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ដោយ​មានការ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ឯក ឯក សំ​អូន មេបញ្ជាការ​រង​កងទ័ពជើងគោក​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥,

Loading...

លោក​អភិបាល អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​, មេបញ្ជាការ​រង នាយសេនាធិការរង នាយការិយាល័យ​, មេបញ្ជាការ​កងពលតូច​ថ្មើរជើង តំបន់​ប្រតិបត្តិការ​សឹក​រង កងការពារ​ព្រំដែន​ចំណុះ​យោធភូមិ​ភាគ​ទី​៥, ស្នងការ​នៃ​ស្នងការ​នគរបាល​ខេត្ត​, មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ទាំង​៤ មាន​ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយ​មាន​ជ័យ ព្រមទាំង​ប្រតិភូ​អមដំណើរ អ្នកឧកញ៉ា លោក​ឧកញ៉ា និង​សប្បុរសជន​ជា​ច្រើន​រូប​ទៀត និង​នាយទាហាន នាយទាហានរង និង​ពល​ទាហាន​ចំណុះ បញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី​៥​។

លោក​ឧត្តមសេនីយ៍ឯក ឯក សំ​អូន មាន​មតិ​ស្វាគមន៍ និង​របាយការណ៍ ជូន​គណៈអធិបតី​ស្តី​ពី​សកម្មភាព​ការងារ និង​ការ​កសាង​អង្គភាព របាយការណ៍​កសាង​អគារ​ទាំង​ពីរ គឺជា​ការ​រៀបចំ​ពង្រឹង​លើ​វិស័យ​កងទ័ព​បន្ថែម​ទៀត​ឲ្យ​កាន់តែ មានគុណ​ភាព និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វត្តមាន​អគ្គមេបញ្ជាការ​រង ប្រតិភូ​អមដំណើរ​លោក​ឧកញ៉ា និង​សប្បុរសជន​បាន​ចូលរួម និង​ជួយ​ឧបត្ថម្ភ​ដល់​យោធភូមិ​ភាគ​ទី​៥ នា​ឱកាស​នេះ​។

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​លើក​កោតសរសើរ​ដល់​អង្គភាព យោធភូមិ​ភាគ​ទី​៥ សម្រេច​បាន​លើ​ភារកិច្ច​ការពារ​ជាតិ​អនុវត្ត​បាន​ល្អ​លើ​ការ​គ្រប់គ្រង​កម្លាំង សម្រេច​បាន​ផែនការ​ហ្វឹកហ្វឺន​អប់រំ​ដល់​គ្រប់​កងកម្លាំង​កងទ័ព ជួយ​ដាស់​ស្មារតី​លើកកម្ពស់​ជីវភាព រស់នៅ​កងទ័ព​ពិសេស​កម្លាំង​ចុះ​ជួយ​ប្រជាពលរដ្ឋ​រង​គ្រោះ​មហន្តរាយ​បាន​ទាន់​ពេលវេលា​ដែល​មាន​កន្លង​មក​។

ជា​បន្ត​ទៀត​លោក​ឧត្តមសេនីយ៍ឯក​បាន​ផ្តាំផ្ញើ​បន្ថែម​ដល់​កងទ័ព ត្រូវ​យកចិត្តទុកដាក់​លើ ភារកិច្ច​ដែល​កំពុង​មាន​គឺ​ត្រូវ​ស្មោះត្រង់​ដាច់ខាត​ចំពោះ​រាជរដ្ឋាភិបាល​ការពារ​រដ្ឋធម្មនុញ្ញ ការពារ​ព្រះមហាក្សត្រ ហើយ​ក្នុង​នាម​កងទ័ពជើងគោក​សូម​ថ្កោលទោស​ដាច់ខាត​ចំពោះ​ជន​អគតិ​មួយ​ចំនួន នៅ​ក្រៅប្រទេស និង​លើ​ជន​ណា បក្ស​ណា ដែល​បាន​ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ ដែល​ចង់​បំផ្លាញ សុខ​សន្តិភាព​នៅ​កម្ពុជា ដោយ​គោរព​ម៉ឺងម៉ាត់ បទបញ្ជា សារាចរ ច្បាប់​លក្ខន្តិកៈ​កង​យោធពល ខេមរភូមិន្ទ ថែរក្សា​សុខ​សន្តិភាព កងទ័ព​ត្រូវ​ឈរ​ឱ្យ​ច្បាស់​លើ​ភារកិច្ច​ខ្លួន​គោរព​តាម​បទបញ្ជា បន្ត​ហ្វឹកហ្វឺន​រៀនសូត្រ អប់រំ​ចិត្តសាស្ត្រ​ដល់​កងទ័ព ថែរក្សា​សម្ភារ មធ្យោបាយ

ត្រៀមកម្លាំង​ចុះ​ជួយ ប្រជាពលរដ្ឋ​បន្ត​ទៀត​ឲ្យ​បាន​ទាន់​ពេលវេលា ព្រមទាំង​សហការ​ល្អជា​មួយ​អាជ្ញាធរ​ដែនដី ក្តាប់​ព័ត៌មាន​ទាន់​ពេល ជួយ​ទប់ស្កាត់​រាល់​បទល្មើស និង​សហប្រតិបត្តិការ​ល្អជា​មួយ​ប្រទេស​ជិតខាង ថែរក្សា​ព្រំដែន​សន្តិភាព និង​ការ​អភិវឌ្ឍ ហើយ​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឺ​ក​ចិត្ត កាយវិការ​សប្បុរសជន​បាន​ជួយ​ឧបត្ថម្ភ ក្នុង​នាម​សមរភូមិ​ក្រោយ​ជួយ​សមរភូមិ​មុខ ព្រោះ​ដើម្បី​សុខ សន្តិភាព​យើង​ទាំងអស់​គ្នា​។ ជា​ចុង​ក្រោយ​លោក​ឧត្តមសេនីយ៍ឯក​បាន​ជួយ​ឧបត្ថម្ភ​ថវិកា ចំនួន​១០.០០០.០០០​រៀល ដល់​កម្មវិធី​យក​ទៅ​ប្រើប្រាស់​បន្ថែម​ទៀត​៕ ដោយ ៖ ហួត សុង​ហាក់