ហ្វូង​ស្វា​កើន​រាប់រយ​ក្បាល​នៅ​លើ​ភ្នំ​ប្រុស ព្រះសង្ឃ​ពិបាក​ឆាន់​ព្រោះ​ស្វា​ឆាឆៅ

129

ខេត្តកំពង់ចាម ៖ ក្នុង​រដូវ​ដាក់​បិណ្ឌ​ទី​៣​នៅ​ក្នុង​វត្ត​នគរ​បា​ជ័យ​ក្រៅ និង​វត្ត​ភ្នំ​ប្រុស​ភ្នំ​ស្រី ស្រុក​កំពង់សៀម នា​ព្រឹក​ថ្ងៃ​ទី​១៦ កញ្ញា ២០១៩​នេះ គេ​បាន​សង្កេត​ឃើញ​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត និង​អ្នក​នៅ​ឆ្ងាយ​ៗ​បាន​យក​ច​ង្ហាន់​មក​ប្រគេន​ព្រះសង្ឃ ដោយ​ម្នាក់​ៗ​មាន​ទឹកមុខ​ជ្រះថ្លា​ហើយ​ក៏​បាន​អុជ​ធូប​បែរបន់​សុំ​សេចក្តីសុខ​តាមគ្រួសារ​រៀង​ៗ​ខ្លួន​។ ហើយ​ហ្វូង​ស្វា​កើន​ដល់​រាប់រយ​ក្បាល​នៅ​តែ​បន្ត​ឆាឆៅ​ព្រះសង្ឃ​ពិបាក​នឹង​ឆាន់ចង្ហាន់​លើភ្នំ​ប្រុស និង​បរិវាស​ជើងភ្នំ​នោះ​។

Loading...

អ្នកស្រី កាន់ ស្រី វ័យ​៥០​ឆ្នាំ រស់នៅ​ឃុំ​ក្រឡា ស្រុក​កំពង់សៀម ប្រាប់​ថា គាត់​ត្រូវ​ឲ្យ​ប្តី​ដឹក​ជញ្ជូន​នំចំណី​មក​លក់​នៅ​ជើងភ្នំ​ស្រី វេលា​ម៉ោង​៧​ព្រឹក​រាល់ថ្ងៃ ដោយ​មាន​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី បាន​នាំ​គ្នា​មក​ឡើង​លេង​លើ​ភ្នំ​ចាប់ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃអាទិត្យ តែ​សម្រាប់​ថ្ងៃ​ចុង​ស​ប្តា​ហ៍​មាន​មនុស្ស​មក​លេង​ច្រើន​ធ្វើ​ឲ្យចំណូល​លក់ដូរ និង​ការ​ផ្ញើ​ម៉ូតូ និង​រថយន្ត ក្នុង​១​ថ្ងៃ​អា​ចរក​កម្រៃ​បាន​ជាង​១០​ម៉ឺន​រៀល​។ អ្នកស្រី កាន់ ស្រី រៀបរាប់​បន្ត​ថា នៅ​ថ្ងៃ​ដាក់​បិណ្ឌ​ទី​១ និង​ទី​២ មាន​មនុស្ស​មក​លេង​ច្រើន​ឡើង​លើ​ភ្នំ​ស្រី​ដោយ​រថយន្ត​ដាក់​តម្រង់​ជួរ ចំនួន​២​ខ្សែលើ​ផ្លូវ​បេតុង តែ​មក​ដល់​បិណ្ឌ​ទី​៣ ត្រូវ​ថ្ងៃ​ទី​១៦ កញ្ញា ២០១៩​នេះ មនុស្ស​មក​លេង​មិនសូវ​ច្រើន​ប៉ុន្មាន នោះ​ទេ​។

គាត់​បាន​មក​ប្រកប​របរ​លក់ដូរ​នៅ​ជើងភ្នំ​នេះ​បាន​៥​ទៅ​៦​ឆ្នាំ​មក​ហើយ មក​ជាមួយនឹង​ប្តី​ហើយ​មាន ពេល​ខ្លះ​កូន​ទំនេរ​ពី​ការ​សិក្សា​នៅ​សាលារៀន​ក៏​បាន​មក​ជួយ​លក់ដូរ​គាត់​ផង​ដែរ​។ ដោយសារ​តែ​ជីវភាព​គ្រួសារ សព្វថ្ងៃ​ពឹង​លើ​របរ​នេះ គាត់ និង​ប្តី​ត្រូវ​ប្រឹងប្រែង​រក​ចំណូល​ក្នុង​របរ​សុច្ចរិត​ពី​ការ​លក់​នំចំណី​បន្ត​ទៅ​ថ្ងៃ​ខាង​មុខ​ទៀត ចង់​ដូរ​របរ​ដែរ​តែ​មិន​មាន​ជម្រើស ព្រោះថា​ផ្ទះ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​លក់​គឺ​ងាយ​ដឹក​ទៅ​វិញ​ទៅ​មក​។

លោកតា​អាចារ្យ ហ៊ី​ម ហាក់ វ័យ​៧១​ឆ្នាំ នៅ​បរិវាស​ជើងភ្នំ​ប្រុស មាន​ប្រសាសន៍​ថា កាល​ដំបូង​ទី​នេះ​ត្រូវ​បាន កសាង​ដោយ​មាន​សោភ័ណ​ភាព​ស្អាត មាន​អំ​ពូ​ល​ភ្លើង​សម្រាប់​បំភ្លឺ​នៅ​ពេល​យប់​ៗ​ទៀត​ផងតែ​ក្រោយមក ពេល​ហ្វូង​ស្វា​មក​នៅ​ច្រើន​តាម​ដើមឈើ​នោះ សត្វ​ស្វា​បាន​ឡើង​យោល​បែក​អំ​ពូ​ល​ភ្លើងច្រើន​ដើម​ងងឹត​រូបសំណាក់​ក៏​បាន​រង​ការ​ខូចខាត​ដោយសារ​តែ​ស្វា​។ សព្វថ្ងៃ​គណៈកម្មការ​វត្ត​បាន​ទិញអំ​ពូ​ល​ថ្មី​មក​ដំឡើង​ទាល់ តែ​ដាក់​ខ្សែលួស​រុំ​តាម​ដែក​ទីប​ស្វា​ឡើង​មិនកើត កន្លង​មក​ចៅអធិការ​វត្ត​ភ្នំ​ប្រុស​ធ្លាប់​បាន ដាក់​សំណើ​ឡើង​ទៅ​លើ ដើម្បី​ឲ្យ​គេ​មក​យក​ហ្វូង​ស្វា​ចេញ​ទៅ​តែ​មិនឃើញ​មក​យក​ចេះ​តែ​ពន្យា​ពេល​ដល់​សព្វថ្ងៃ​។

លោកតា​អាចារ្យ​រូប​នេះ​មាន​ប្រសាសន៍​បន្ត​ថា សូ​ម្បី​តែ​ព្រះសង្ឃ​កំពុង​តែ​ឆាន់​ប្រសិនបើ​មិន​មាន​តាជី​យាយជី នៅ​ច្រើន​នាក់​ទេ ហ្វូង​ស្វា​នឹង​មក​អុកឡុក​ដណ្តើម​ម្ហូបអាហារ​ធ្វើ​ឲ្យ​លោក​ឆាន់​មិន​បាន​។ សម្រាប់​បុណ្យ​ភ្ជុំបិណ្ឌ​វិញ កាល​ក្នុង​ជំនាន់​ព្រះពុទ្ធ​ទ្រង់​បាន​ជ្រើសរើស​បង្រួញ​ពី​រយៈពេល​៣​ខែ​មក​ត្រឹម​១៥​ថ្ងៃ ចាប់ពី​បិណ្ឌ​១ រហូត​ដល់​ថ្ងៃ ដាក់​បិណ្ឌ​ទី​១៥ ត្រូវ​នឹង​ថ្ងៃ​ភ្ជុំ​ធំ មាន​រហូត​មក​ដល់​ស​សព្វ​ថ្ងៃនេះ​៕ ដោយ ៖ យ៉ា​ន់ ចាន់​ថេ​ត