សម្រេច​ចោទប្រកាន់​ជនសង្ស័យ ខឹង​គេ​ទារ​លុយ​ជំពាក់​៧០០​ដុល្លារ​វាយ​ម្ចាស់​ប្រាក់

54

រាជធានី​ភ្នំពេញ ៖ លោក ចែ សុង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១៦ ខែកញ្ញា នេះ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​ម្នាក់ ពី​បទ «​ហិង្សា​ដោយ​ចេតនា​» ពាក់​ពន្ធ​អំពើ​ហិង្សា វាយដំ និង​បម្រុង​សម្លាប់​ជន​រង​គ្រោះ​។ ក្រោយ​ពី​តំណាង​អយ្យការ​បាន​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ សំណុំរឿង​នេះ​ត្រូវ​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ​គឺ​ស្ថិត​នៅ​លើ​ដៃ​លោក ឡុ​ង វ​ណ្ណា ដើម្បី​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​។

Loading...

គួរ​បញ្ជាក់​ថា កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កង​រាជ​អាវុធ ហត្ថ​រាជធានី​ភ្នំពេញ បាន​ចាប់​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​កាន់ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា ពាក់​ពន្ធ​បទល្មើស​ហិង្សា​ដោយ​ចេតនា​។ ជនសង្ស័យ​រូប​នោះ ឈ្មោះ សុខ ម៉េ​ង អាយុ​៤៥​ឆ្នាំ មុខរបរ​ជាង​រថយន្ត មាន​ទីលំនៅ​ផ្ទះ​លេខ​១៣ ផ្លូវ​២១២ សង្កាត​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ទាក់ទិន​នឹង​កម្លាំង​កងរាជអាវុធហត្ថ​ចាប់ខ្លួន​ជនសង្ស័យ រូប​នោះ គឺ​យោង​លើ​ពាក្យបណ្តឹង​របស់​ឈ្មោះ ខូង រ៉ា​វី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​ជាងក្រឡឹង ស្នាក់​ផ្ទះ​លេខ​៥០ ផ្លូវ​១៩៤ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែល​ជា​ជន​រង​គ្រោះ​។

តាម​អង្គហេតុ​នៃ​ពាក្យបណ្តឹង របស់​ឈ្មោះ ខុ​ង រ៉ា​វី បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​៨​យប់ មាន​មិត្តភក្តិ​ម្នាក់ ឈ្មោះ ស្រ៊ុ​ន បាន​ទូរស័ព្ទ​ហៅ​ខ្លួន (​ខូង រ៉ា​វី​) ទៅ​ផឹកស៊ី​នៅ​កន្លែង​លក់​សាច់​គោ​អាំង​មួយ​កន្លែង​។ ពេល​ទៅ​ដល់​បាន​អង្គុយ​រួម​តុ​ជាមួយ​ឈ្មោះ ស្រ៊ុ​ន ឈ្មោះ សុខ ម៉េ​ង និង​ឈ្មោះ ស៊ិ​ន សុខុម ហើយ​ក៏​ផឹកស្រា​បៀរ​ទាំងអស់​គ្នា​។ ពាក្យបណ្តឹង​បន្ត​ថា បន្ទាប់​ពី​ផឹកស្រា​បៀរ​អស់​ម្នាក់​២​កំប៉ុង ស្រាប់តែ​ឈ្មោះ សុខ ម៉េ​ង និង​ឈ្មោះ ស៊ី​ន សុខុម បាន​និយាយ​មើលងាយ និង​រករឿង​នៅ​លើ​ខ្លួន និង​នាំ​បក្ខពួក​២​នាក់​ផ្សេង​ទៀត មក​ព្រួត​វាយ​ខ្លួន​បណ្តា​ឲ្យ​បែក​មាត់​ចេញ​ឈាម ជាំភ្នែក​ខាងឆ្វេង និង​របួស​សៀតផ្កា​ខាងស្តាំ ព្រមទាំង​វាយ​ក្បាល​យ៉ាងដំណំ​ទៀត​ផង​។

មិនតែប៉ុណ្ណោះ​ជនសង្ស័យ​ឈ្មោះ សុខ ម៉េ​ង បាន​ទាញ​ដែក​បំពង់​ទីប​បម្រុង​វាយ​សម្លាប់​ខ្លួន​នៅ​នឹង​កន្លែង តែ​ត្រូវ​បាន​មិត្តភក្តិ​ជួយ​ឃាត់​ទាន់​។ រឿ​ន​នេះ​ផ្តើម​ចេញពី​ជនសង្ស័យ​ឈ្មោះ សុខ ម៉េ​ង ធ្លាប់​ជំពាក់​ប្រាក់​ខ្លួន​ចំនួន​៧០០​ដុល្លារ​អា​មេ​រិ​ក ថ្លៃ​ឈ្នួល​ជួសជុល​គ្រឿង​ម៉ាស៊ីនរថយន្ត ហើយ​មិន​ព្រម​សង​ដើមបណ្តឹង​ទេ​។ លុះ​ពេល​ដើមបណ្តឹង ទារ​លុយ​នោះ​ក៏​កើត​ជម្លោះ​ពាក្យ​សម្ដី និង​រហូត​មាន​ប្រើ​អំពើ​ហិង្សា​វាយដំ និង​ប្រមាថ​អាយុជីវិត​ជន​រង​គ្រោះ​។

តែ​តាម​ចម្លើយ​សារភាព​ជនសង្ស័យ​ឈ្មោះ សុខ ម៉េ​ង នៅ​មុខ​សមត្ថកិច្ច​បញ្ជាក់​ថា ខ្លួន​ពិតជា​បាន​ទៅ​ហូប​សាច់​គោ​អាំង ជាមួយ​ភាគី​ដើមបណ្តឹង​នោះ​មែន​។ នៅ​ពេល​ផឹកស្រា​បៀរ​អស់​ប្រហែល​មួយ​កេះ មិត្តភក្តិ​មួយ​ចំនួន​ចេញ​ទៅ​អស់ នៅ​សល់​តែ​រូបគេ និង​ឈ្មោះ ខូង រ៉ា​វី និង​ឈ្មោះ ស៊ី​ន សុខុម ទេ​។ ពេល​នោះ​ឈ្មោះ ខូង រ៉ា​វី ចេះ​តែ​រអ៊ូ​រឿង​លុយ​ដែល​ខ្លួន​ជំពាក់​គ្រឿង​ម៉ាស៊ីន​ចំនួន​៧00 ដុល្លារ ហើយ​ខ្លួន​ក៏​បាន​អង្វរ​សុំ​ទុក​ពេល​ឲ្យ​មួយ​រយៈ​ទៀត​ទៅ ព្រោះ​សព្វថ្ងៃ​កំពុង​ជួប​ផល​លំបាក​។

ខណៈនោះ​ឈ្មោះ ខូង រ៉ា​វី ជាដើម​បណ្តឹង​បាន​បញ្ចេញ​កាយវិការ​ច្រងេងច្រងាង ទើប​កើត​មានរឿង​វាយតប់​គ្នា​។ ទើប​សំណុំរឿង​បាន​ស្ថិត​នៅ​ដៃ​លោក ចែ សុង ព្រះរាជអាជ្ញា​រង​ធ្វើការ​សាកសួរ និង​រហូត​ដល់​រសៀល​ថ្ងៃ​ទី​១៦ ខែកញ្ញា តំណាង​អយ្យការ​បាន​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ និង​បាន​ចាត់​បញ្ជូន​ឲ្យ​ទៅ​ខាង​ចៅក្រម​ឃុំខ្លួន​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់