មួយគូ​នេះ​សុទ្ធតែ​ជើង​ថ្មី​ទាំង​សងខាង តែ​សមត្ថភាព​ពិតជា​មិនធម្មតា​ឡើយ

46

រាជធានី​ភ្នំពេញ ៖ កីឡាករ​វ័យ​២​រូប​អ្នក​ទស្សនា​សរសើរ​មិន​ដាច់​ពី​មាត់ មានការ​ចាប់អារម្មណ៍​មិន​តិច​ទេ សម្រាប់​ការ​ប្រកួត​រវាង​កីឡាករ​វ័យក្មេង​២​រូប នា​ថ្ងៃ​ទី​២២ កញ្ញា ២០១៩​នេះ នៅ​លើ​សង្វៀន​ទូរទស្សន៍ អាស៊ី​អាគ្នេយ៍​។ ទាំង​បង្គោល​ខៀវ ផុ​ន សុខ​វិបុល ទាំង​បង្គោល​ក្រហម ឈុ​ន ប្រាក់​កាក់ ដែល​គេ​ស្គាល់​ភាគច្រើន​ថា ជា​កីឡាករ​ជើង​ថ្មី សុទ្ធតែ​មាន​សមត្ថភាព ហើយ​ប្រឹង​អស់​រៀងខ្លួន​។

Loading...

ការ​ប្រកួត​មិត្តភាព ដែល​មាន​អ្នកគាំទ្រ​យ៉ាងច្រើន​កុះករ​នៅ​ក្នុង​ស្ទូ​ឌី​យោ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នេះ កីឡាករ​បង្គោល​ខៀវ ផុ​ន សុខ​វិបុល ត្រូវ​ប៉ះ​បង្គោល​ក្រហម ឈុ​ន ប្រាក់​កាក់ ដែល​សុទ្ធតែ​ជា​កីឡាករ វ័យក្មេង និង​មាន​ថ្វីដៃ​មិន​ខុស​គ្នា​។ កីឡាករ ផុ​ន សុខ​វិបុល និង ឈុ​ន ប្រាក់​កាក់ ដ្បិតតែ​វ័យក្មេង និង​មានបទពិសោធន៍​មិន​ច្រើន​នៅ​លើ​សង្វៀន មិន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ខកចិត្ត​នោះ​ទេ ដោយសារ​ម្នាក់​ៗ សម្រុក​វាយ​គ្នា​ទៅ​វិញ​បាន​ល្អ ហើយ​ប្រឹង​សម្រុក​វ័ធ​កែង​ផង ម៉ាត់​ផង ជង្គង់​ផង ហើយ​បើ​ទោះជា​បង្គោល ក្រហម​វ័ធ​មួយ​កែង​ៗ​ពិបាក​ទប់ ក៏​កីឡាករ​ម្ខាង​ទៀត​សម្រុកចូល ធ្វើ​ឲ្យ​ការ​ប្រកួត​ល្អមើល​។

ក្រោយ​លទ្ធផល​ស្ដែង​ឡើង​ថា បង្គោល​ខៀវ​ឈ្នះ​ក្នុង​ទឹក​ទី​៣ ម្នាក់​ៗ​សុទ្ធតែ​លាន់មាត់​ថា​អ្នក​ឈ្នះ​ពិត ជា​មិនធម្មតា បើ​ទោះជា​អ្នក​ចាញ់​មិន​អស់ចិត្ត​។ លោក ញាណ សុធី អ្នក​រៀបចំ​កម្មវិធី​ប្រចាំ​ទូរទស្សន៍ អាស៊ី​អាគ្នេយ៍ បាន​អះអាង​ថា កីឡាករ​ទាំង​ពីរ​ដ្បិតតែ​ជា​កីឡាករ​ថ្មី ប៉ុន្តែ​ការ​ប្រកួត​របស់​ពួក​គេ មិន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ខកចិត្ត​នោះ​ទេ​។ លោក​មាន​គម្រោង​ដាក់​ឲ្យ​មួយគូ​នេះ​ឡើង​ប្រកួត​ឡើង​វិញ​ជា​ថ្មី ម្ដងទៀត តែ​រង់ចាំ​ឲ្យ​បង្គោល​ក្រហម និង​ខៀវ បាន​ត្រៀមខ្លួន និង​មាន​ពេល​ឲ្យ​គ្រប់គ្រាន់​ជា​មុន​សិន​៕ ដោយ ៖ ផាត់ តារា​រដ្ឋ