ស្ថានទូត​ចិន​ឃាត់ខ្លួន​ក្រុម​ចាប់ជំរិត ជនជាតិ​ចិន​ចំនួន​៥​នាក់

65

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​ចំនួន​៥​នាក់ ត្រូវ​បាន​ស្ថានទូត​ចិន​ឃាត់ខ្លួន​ប្រគល់​ឲ្យ នគរបាល​ខណ្ឌទួលគោក​ចាត់ការ​តាម​ច្បាប់ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចាប់ជំរិត​ជនជាតិ​ចិន​គ្នា ឯង​យក​អស់​ប្រមាណ​៣​ពាន់​ដុល្លារ កាលពី​១២​ថ្ងៃមុន នៅ​សណ្ឋាគារ​ឡាក់​គី​ស្តារ​២ ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចាប់ជំរិត ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០១៩ នៅ​ស្ថានទូត​ចិន ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ខណៈ​ពេល ដែល​ជន​រង​គ្រោះ​ធ្វើ​ដំណើរ​ទៅ​ស្ថានទូត​ជួប​ជនសង្ស័យ​បាន​ប្តឹង​ស្ថានទូត និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច។

Loading...

ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន ១.​ឈ្មោះ YAN HANGKAI ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​ភ្ញៀវ​ទេសចរណ៍​, ២.ZHANG YANG ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​អ្នក​ទេសចរណ៍​,៣.​ឈ្មោះ​LI XINMAO ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​អ្នក​ទេសចរណ៍​, ៤.WANG YANJIM ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​អ្នក​ទេសចរណ៍ និង​៥-​ឈ្មោះ WANG YANG ភេទ​ស្រី អាយុ​១៨​ឆ្នាំ​។ ជនជាតិ​ចិន​ទាំង​៥​នាក់ ពុំ​មាន​លិខិតឆ្លងដែន​ឡើយ ស្នាក់​នៅផ្ទះ​សំណាក់​ផ្ទះ​មាស ផ្លូវ​លេខ​៣៧៤ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​បឹង​កេងកង​។

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ WASHI LONG ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់​នៅ សណ្ឋាគារ​ឡាក់​គី​ស្តារ​២ កន្លែង​កើតហេតុ​។ តាម​ព័ត៌មាន​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ដោយ​ជាប់​ពាក់ព័ន្ធ ចាប់ជំរិត​ជនជាតិ​ចិន​គ្នា​ឯង​ដោយ​ចាប់​វាយ​ជន​រង​គ្រោះ ហើយ​ចត​បង្ហោះ​ផ្ញើ​ទៅ​បងប្អូន​នៅ​ប្រទេស​ចិន ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​ផ្ញើ​ប្រាក់​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​។ នៅ​ក្នុង​ការ​ជំរិត​ជន​រង​គ្រោះ បាន​ទារ​បាន​ប្រមាណ​៣​ពាន់​ដុល្លារ ក្រោយមក​ជន​រង​គ្រោះ​បាន​រត់​រួច​។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​បាត់​លិខិត​ឆ្លង ហើយ​ក៏​បាន​ទាក់ទង ក្រុម​ជនសង្ស័យ​ដើម្បី​ឲ្យ​ជួយ​ធ្វើ​លិខិត​ស្នាម​នៅ​ស្ថានទូត​ចិន ហើយ​ជនសង្ស័យ​ក៏​បាន​មក​ជួប​ជន​រង​គ្រោះ នៅ​សណ្ឋាគារ​ខាងលើ​។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​ដែល​ទៅ​ជួប ជនសង្ស័យ​ក៏​បាន​ចាប់​ជន រង​គ្រោះ​វាយ​បណ្តាល​ឲ្យ​របួស រួច​ក៏​បាន​ផ្ញើ​ទៅ​ក្រុម​គ្រួសារ​នៅ​ប្រទេស​ចិន​ដើម្បី​ជំរិត​យក​ប្រាក់​។ នៅ​ក្នុង​សកម្មភាព ក្រុម​គ្រួសារ​ក៏​បាន​ផ្ញើ​ប្រាក់​មក​ប្រមាណ​៣​ពាន់​ដុល្លារ​។ លុះ​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៩ ជន​រង​គ្រោះ​ក៏​បាន​រត់​រួច ហើយ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ស្ថានទូត នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែតុលា ក៏​បាន​ប្រទះ​ឃើញ ជនសង្ស័យ​ប្តឹង​ស្ថានទូត និង​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង​។ បន្ទាប់​ពី​ឃាត់ខ្លួន​ដោយសារ​តែ​ទីតាំង ដែល​ធ្វើ​សកម្មភាព​ចាប់ជំរិត​នៅ​ក្នុង​ខណ្ឌទួលគោក ស្ថានទូត និង​នគរបាល​ខណ្ឌចំការមន ក៏​បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ខណ្ឌទួលគោក​នៅ​វេលា​រសៀល ដើម្បី​កសាង​សុំ​ណុំ​រឿង ចាត់ការ​តាម​ច​ច្បាប់​៕ ដោយ ៖ ម៉េ​ង ធា