តម្លៃ​ជួសជុល​ទូកង​«​ទេពធីតា​សែន​ជ័យ​បារមី​មាន​រិ​ទ្ធិ​» អស់​ប្រមាណ​ជាង​៣០​លាន​រៀល

55

ខេត្តកំពង់ឆ្នាំង ៖ ទូកង​ទេព​«​ធីតា​សែន​ជ័យ​បារមី​មាន​រិ​ទ្ធិ​» ក្នុង​វត្ត​ទេពធីតា​រាម ហៅ​វត្ត​យាយ​ទេព ស្ថិត​នៅ​ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែល​មាន​សភាព​ទ្រុឌទ្រោម​ណាស់​ទៅ​ហើយ ពេល​នេះ​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​រៀបចំ​ជួសជុល​ឡើង​វិញ ដែល​ការ​ជួសជុល​នេះ​អាជ្ញាធរ​ក្រុង​បាន​បញ្ជាក់​ថា អស់​ទឹកប្រាក់​ប្រមាណ​ជាង ៣០​លាន​រៀល ព្រោះតែ​ការ​ខូចខាត និង​ជួសជុល​ស្ទើរតែ​ទាំងស្រុង​។

Loading...

លោក យិ​ន សា​វ៉េ​ន អភិបាលក្រុង​កំពង់ឆ្នាំង បាន​ប្រាប់​ភ្នាក់ងារ​យើង​នៅ​រសៀល​ថ្ងៃ​ទី​០៩ ខែតុលា​នេះ​ថា​៖ ទូកង​«​ទេពធីតា​សែន​ជ័យ​បារមី​មាន​រិ​ទ្ធិ​» ដែល​ជាង​កំពុង​ជួសជុល​នេះ​ត្រូវ​ចំណាយ​ថវិកា​មាន​ចំនួន ៣០​លាន ១៤​ម៉ឺន​រៀល ព្រោះ​គ្រាន់តែ​ថ្លៃ​ក្រប​មួយគូ​ថ្លៃ ២ ៥០០​ដុល្លារ និង​ក្តារ​ពាស​១៣០០​ដុល្លារ ហើយ នៅ​មិន​ទាន់​គិតថ្លៃ​ខ្ទង់​ផង ដែល​ឈើ​ទាំងនេះ​បាន​ទៅ​ទិញ​ដល់​ខេត្តព្រះវិហារ​ទើប​មាន​។ ក្រៅពី​ថ្លៃ​ឈើ​នៅ​ថ្លៃ​ឈ្នួល សម្រាប់​ជាង ទាំង​ថ្លៃ​ជួសជុល និង​ថ្លៃ​គូស​លាប ២ ៥០០​ដុល្លារ ថវិកា​ទាំងនេះ​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​។

បច្ចុប្បន្ន​ថវិកា​មួយ​ចំនួន​បាន​ទទួល​មក​មាន​សប្បុរសជន និង​ក្រុមការងារ​ចុះ​ជួយ​ខេត្តកំពង់ឆ្នាំង និង​ក្រៅពី​នោះ​គឺ​ថវិកា​របស់​សាលាក្រុង​កំពង់ឆ្នាំង​។ មក​ដល់​ពេល​នេះ​ថ្វីបើ​ថវិកា​នៅ​មិន​ទាន់​គ្រប់គ្រាន់ ក៏​ពិតមែន ប៉ុន្តែ​លោក​ក៏​បាន​ធ្វើ​លិខិតស្នើ​សុំ​ទៅ​ថ្នាក់លើ ដើម្បី​ឧបត្ថម្ភ​ជា​បន្តបន្ទាប់​ទៀត​ដែរ ព្រោះថា ក្រៅពី​ការ​ជួសជុល​ទូកង​ខាងលើ​ត្រូវ​រក​ថវិកា​ត្រៀម​បម្រុង​ទុក​សម្រាប់​ក្រុម​កីឡាករ​ផង​ដែរ​។ លោក​អភិបាលក្រុង​បាន​បញ្ជាក់​ថា​៖ គិត​ត្រឹម​ថ្ងៃ​០៩ ខែតុលា​នេះ ការ​ជួសជុល​ទូកង បាន​ច្រើន​ណាស់​ហើយ ពេល​នេះ​គឺ​បាន​ដល់​ការ​បំពាក់​ខ្ទង់​រួច​ហើយ នៅឡើយ​ចាប់​ក្រប​ខណ្ឌ​បន្ថែម ជាមួយនឹង​ការ​បិទ​ជ័រ នឹង​គូស​លាប​តែ​ប៉ុណ្ណោះ អាច​រយៈពេល​ជាង​មួ​យស​ប្តា​ហ៍​ទៀត​នឹង​រួចរាល់​ហើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទូកង​«​ទេពធីតា​សែន​ជ័យ​បារមី​មាន​រិ​ទ្ធិ​» ជា​ប្រភេទ​ទូក​ចែវ​មាន​ប្រវែង​៥៦​ម៉ែត្រ មាន​ចំណុះ​ជើងចែវ​៤៦​នាក់​។ ទូក​នេះ​កាលពី​៤​ឆ្នាំ​មុន​បាន​យក​មក​ពី វត្ត​ពោធិ៍​អណ្ដែត ក្នុងស្រុក​កំពង់លែង ហើយ​យក​មក​ធ្វើ​ជា​ទូកប្រណាំង​របស់​ក្រុង​កំពង់ឆ្នាំង បើ​គិត​មក​ដល់​ពេល​នេះ​បាន​ចូលរួម​ប្រណាំង ៣​ឆ្នាំ​មក​ហើយ ដោយ​ទទួល​បាន​ជ័យ​លា​ភី​លេខ​១ មួយ​លើក និង​បាន​លេខ​២ ពីរ​លើក​ស្ទួន​គ្នា​។

បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​ជាង​កំពុង​ជួសជុល​ទូក​ខាងលើ​នេះ​បាន​បញ្ជាក់​ថា ឈើ​សម្រាប់​ជួសជុល​ទូក បាន​ទៅ​ទិញ​ដល់​ខេត្តព្រះវិហារ​។ ទូកង​នេះ​ដូច​ធ្វើ​ថ្មី​ឡើង​វិញ ព្រោះ​ឈើ​ចាស់​បាន​ពុក​ផុយ​អស់​ច្រើន ត្រូវ​បំពាក់​ឈើ​ថ្មី​ស្ទើរ​ទាំងស្រុង​ម្លោះ​ហើយ​ការ​ជួសជុល​មាន​រយៈពេល​យូរ បើ​គិត​មក​ដល់​ពេល​នេះ ប្រហែល​ជាង​១​ខែ​ហើយ ប៉ុន្តែ​ក៏​ជិត​រូ​ចរាល់​ដែរ ប្រហែលជា​១​ស​ប្តា​ហ៍​រូ​ចរាល់​ហើយ​៕ ដោយ ៖ ពៅ សុខ​ហ៊ាន