នារី​២​នាក់​បាន​ស្លាប់​យ៉ាង​រន្ធត់ ខណៈ​ពេល​គ្រោះថ្នាក់​ចរាចរ

74

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​ចំនួន​២​នាក់​បាន​ស្លាប់​ភ្លាម​ៗ ក្នុង​ហេតុការណ៍​គ្រឿ​ថ្នាក់​ចរាចរ​កើតឡើង រវាង​ម៉ូតូ​បុក​រថយន្ត​ដួល​ខ្ទាត​ទៅ​លើ​ទ្រូងផ្លូវ ត្រូវ​រថយន្ត​១​គ្រឿង​ផ្សេង​ទៀត​ជាន់​ពីលើ​។ ហេតុការណ៍ គួរ​ឲ្យ​រន្ធត់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០ និង​៥៩​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​មុខ​វិទ្យាល័យ​ស្រះ​ត្រាច ស្ថិត​ក្នុងភូមិ​និមិត្ត​៣ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។

Loading...

លោក​វរសេនីយ៍ទោ សួ​ម នី​ប៉ូ នាយ​រង​ការិយាល័យ​នគរបាល ចរាចរ​បាន​ឲ្យ​ដឹង​ថា​៖ នៅ​មុន​ពេល​កើង​ហេតុ មាន​រថយន្ត​១​គ្រឿង​ម៉ាក Toyota fortuner ពណ៌​ស ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 2C-3065 បើកបរ​ទិស​ដៅ​ពី​លិចទៅ​កើត ដល់​ចំណុច​កើតហេតុ ត្រង់​ផ្លូវបំបែក​ជា​បួន​ខាងលិច​អនុ​វិទ្យាល័យ​ស្រះ​ត្រាច ស្ថិត​ក្នុងភូមិ​និមិត្ត ៣​សង្កាត់​និមិត្ត បាន​ប្តូរ​គន្លង​បត់​ឆ្វេង ពេល​បត់​បាន​បន្តិច ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​125 ផលិត​ឆ្នាំ​2005 ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 1K-1053 មាន​ជិះ​គ្នា​02​នាក់។

បើកបរ​ពី​ទិស​ខាងកើត ទៅ​ទិស​ខាងលិច​ច្រាសទិស​គ្នា​បាន​បុក​ប៉ះ​ចំ​ផ្នែក​ខាងក្រោយ​ស្ដាំ​រថយន្ត​ខាងលើ​បណ្ដាល​ឱ្យ​ដួល​ទៅ​លើ​ទ្រូងផ្លូវ​ស្រប​ពេល​នោះ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​តូ​យូ​តា​ស៊ី​ណា ពណ៌​ស ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 2B-2005 បើកបរ​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត​ក្នុង​ល្បឿន​លឿន​បាន​បុក​ជាន់​បន្ថែម ពីលើ​បណ្ដាល​ឱ្យ​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ម៉ូតូ​ស្លាប់​2​នាក់​នៅ​នឹង​កន្លែង​កើតហេតុ​។

លោកនាយ​រង ការិយាល័យ​នគរបាល​ចរាចរ​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ ជន​រង​គ្រោះ​ឈ្មោះ ផេ​ប ភក្តី ភេទ​ស្រី អាយុ​១៦​ឆ្នាំ នៅ​ភូមិ​និមិត្ត​៤ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ មុខរបរ​ជា​សិស្ស ជា​អ្នកបើកបរ​ម៉ូតូ និង​ម្នាក់​ទៀត​អ្នក​រួម​ដំណើរ​ឈ្មោះ ចាន់ ស៊ុ​ក​យ៉ា​ដា ភេទ​ស្រី អាយុ​១៧​ឆ្នាំ ទី​លំ នៅ​ភូមិ​និមិត្ត​៤ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ មុខរបរ​ជា​សិស្ស ទាំង​២​នាក់​ពុំ​មាន​ពាក់មួក​សុវត្ថិភាព​។

ចំណែក​អ្នកបើកបរ​រថយន្ត​ម៉ាក Toyota fortuner ពណ៌​ស ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 2C-3065 មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ រត់គេច​ខ្លួន​បាត់ ឯ​អ្នកបើកបរ​រថយន្ត​ម៉ាក​តូ​យូ​តា​ស៊ី​ណា ពណ៌​ស ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 2B-2005 ឈ្មោះ កើត រិ​ទ្ធី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី មាន​ទីលំនៅ​ភូមិ​ភ្នំ​លៀប​លិច ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។

បច្ចុប្បន្ន​អ្នកបើកបរ រថយន្ត​ម៉ាក​តូ​យូ​តា​ស៊ី​ណា ពណ៌​ស ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 2B-2005 រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចរាចរ យក​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​។ ចំណែកឯ​សព​ជន​រង​គ្រោះ ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ ៖ ណុ​ប រក្សា