រថយន្ត​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ម្នាក់​ដឹកឈើ​ខុសច្បាប់ ត្រូវ​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន

43

ខេត្តរតនគិរី ៖ រថយន្ត​មួយ​គ្រឿង​ជា​របស់​មន្ត្រី​នគរបាល ប៉ុស្តិ៍​រដ្ឋបាល​ប៉ក់​ញ៉ៃ​ម្នាក់​ដឹកឈើ​បម្រុង​ឆ្លង​ដែន មិន​ស្របច្បាប់​ទៅ​ប្រទេស​វៀតណាម​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ​ស្ទាក់​ចាប់​បាន​បញ្ជូន​ឱ្យ​ជំនាញ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៩ នេះ​។ ការ​បង្ក្រាប​ស្ទាក់​ចាប់​រថយន្ត​ដឹកឈើ​នេះ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០៣​រសៀល ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ សោម​គល់ ឃុំ​សោម​ធំ ស្រុក​អូ​រយ៉ា​ដាវ​។

Loading...

ប្រភព​ពី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​រថយន្ត​ដឹកឈើ​មួយ​គ្រឿង​នេះ​បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ពី​កម្លាំង​ជំនាញ​ដែល​បាន​ប្រទះ​ឃើញ​គេ​កំពុង​តែ​រៀប​ឈើ​ដាក់​ក្នុង​រថយន្ត​តៀម​ដឹក​ជញ្ជូន​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ទៅ​ប្រទេស​វៀតណាម​ទើប​ដឹកនាំ​កម្លាំង​មក​ចាំ​ស្ទាក់​បង្ក្រាប​តែ​ម្តង​។

ប្រភព​បន្ត​ថា ពាក់ព័ន្ធ​ការ​ដឹក​ជញ្ជូន​ឈើ ខុសច្បាប់​នេះ ម្ចាស់​រថយន្ត និង​ឈើ​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ ញឹ​ម ឃ​ន ជា​មន្ត្រី​នគរបាល រដ្ឋបាល​ប៉ុស្តិ៍​ប៉ក់​ញ៉ៃ ស្រុក​អូ​រយ៉ា​ដាវ ខេត្ត​រតនៈគីរី​។ ហើយ​រថយន្ត​ដែល​ជា​មធ្យោបាយ ដឹក​ជញ្ជូន​ឈើ​ប្រណីត​ឆ្លង​ដែន​នោះ​ម៉ាក​កាម​រី​ឆ្លាម​ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២I-៧៣៥៣​។

ក្រោយ​ធ្វើការ​បង្ក្រាប​បាន​វត្ថុ​តាង និង​រថយន្ត​ត្រូវ​បាន​ប្រគល់​ឲ្យ​ទៅ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ បរ​កែវ​ចាត់ការ​តាម​ច្បាប់​ព្រៃឈើ​បន្ត​។ ជំនាញ​បាន​ធ្វើការ​វាស់វែង​ឃើញ​មាន​ឈើ​ធ្នង់​សន្លឹក​ទម្ងន់​ចំនួន ៥១០​គីឡូក្រាម ស្មើ​និង ០.៣៧៧​ម៉ែត្រត្រីគុណ​។ សមត្ថកិច្ច​បង្ហើប​ថា បច្ចុប្បន្ន​នេះ​នៅ​តែ​មាន​រថយន្ត ដឹកឈើ​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ប្រទេស​វៀតណាម​យ៉ាង​សកម្ម​ផង​ដែរ បន្ទាប់​ពី​សមត្ថកិច្ច​ថ្នាក់​ជាតិ ដែល​កំពុង​បញ្ជា​ឱ្យ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ភូមិភាគ​ឦសាន​ដ៏​ក្តៅ​គគុក​នោះ​។

មធ្យោបាយ​ជញ្ជូន ឈើ​ឆ្លង​ដែន​ទាំងនេះ​ត្រូវ​ឈ្មួញ​ប្រើ​រូបភាព​តាម​រយៈ​រថយន្ត​សាំ​យ៉ុ​ង​គ្រប់​ប្រភេទ​ដឹក​បន្លែ​ពី​វៀតណាម​ចូល​មក​ខ្មែរ ពីរ​ទឹកដី​ខ្មែរ​ចូល​វៀតណាម និង​ប្រើ​រូបភាព​ផ្សេង​ៗ​ទៀត ដូច​ជា​ទ្វារ​បង្អួច​ដែល​កែ​ច្នៃ​បន្លំ​ភ្នែក មហាជន​ថា ជា​ប្រភេទ​គ្រឿង​សង្ហា​រឹម​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​បន្តិចបន្តួច​ជាដើម​៕ ដោយ ៖ ផង់ វិ​ន