រថយន្ត​ស្ទូច​មួយ​គ្រឿង​បុក​ម៉ូតូ​មួយ​គ្រឿង​អូស​ជាង​១០​ម៉ែត្រ ប៊ិះ​នឹង​ធ្លាក់​ពីលើ​ស្ពាន

50

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​អាយុ ៦០​ឆ្នាំ​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ខណៈ​ដែល​រូប​គាត់ កំពុង​តែ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចុះ​ពីលើ​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ (​ស្ពាន​ច្បារ​អំពៅ​) ហើយ​ត្រូវ​បាន​រថយន្ដ​ស្ទូច ដឹក​ម៉ាស៊ីនភ្លើង​មួយ​គ្រឿង​បើក​មក​បុក​ពីក្រោយ រួច​អូស​ជាប់​ពីក្រោម​ជាង​១០​ម៉ែត្រ រួច​ហើយ​រេ​ចង្កូត​ទៅ​បុក បង្កាន់ដៃស្ពាន​បាក់​អស់​ចំនួន ២​កំណាត់ និង​ទៅ​ផ្ទប់​នឹង​បង្គោល​ភ្លើង ចំនួន​មួយ​ដើម​ទៀត ទ្រេត​ជាប់​ទៅ​មុខ​លែង​រួច ស្ទើរតែ​ធ្លាក់​ទៅ​ក្នុង​ទន្លេ​។

Loading...

ករណី​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង ១៥​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៩​នេះ នៅ​ចំណុច​ចុងស្ពាន​ព្រះ​មុន​នី​វង្ស​ចាស់ (​ចុងស្ពាន​ខាងលិច​) ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។ តាម​ប្រភព​ព័ត៌មាន ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​មានឈ្មោះ ចា ឈែល អាយុ​៦០​ឆ្នាំ មុខរបរ​លក់​ផ្លែ​ឈើ ស្នាក់​នៅផ្ទះ​លេខ​៤១ ផ្លូវជាតិ​លេខ​១ ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ​។

ចំណែកឯ​បុរស អ្នកបើកបរ​រថយន្ត​បង្ក​មានឈ្មោះ ស្រួ​ង សុខ​ដែង អាយុ​៣៨​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត មាន​ទីលំនៅ​ផ្ទះ​លេខ​១៥០ ផ្លូវ​បេតុង ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ មុន​ពេល​កើតហេតុ បុរស​វ័យ​ចំណាស់​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក គុប​ជ្រុង ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ ១B-៤៦៥២ មួយ​គ្រឿង​តែ​ម្នាក់ឯង​ឆ្លងស្ពាន​ព្រះ​មុនី​វង្ស​ចាស់​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ឆ្លង​ជិត​ផុត​ទៅ​ហើយ​នោះ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា លុះ​មក​ដល់​ចុងស្ពាន​ខាងលិច​ចំណុច​កើតហេតុ ខាងលើ ក៏​ស្រាប់តែ​មាន​រថយន្ត​ស្ទូច​មួយ​គ្រឿង​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣E-៣១៤៣ ដែល​មាន​ដឹក​ម៉ាស៊ីនភ្លើង​មួយ​គ្រឿង បាន​បើក​មក​បុក​ពីក្រោយ​អូស​ទាំង​ម៉ូតូ​ទាំង​មនុស្ស​ជាប់ ពី​ខាងក្រោម រថយន្ត អូស​ជាង​១០​ម៉ែត្រ ហើយ​ក៏​រេ​ចង្កូត​ឡើង​ទៅ​បុក​បង្កាន់ដៃស្ពាន និង​បុក​បង្គោល​ភ្លើង​មួយ​ដើម​ទៀត ទើប​អស់​ល្បឿន​ជាប់​នៅ​នឹង​កន្លែង និង​ស្ទើរតែ​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកទន្លេ​ទៅ​ហើយ​។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី រថយន្ត​ស្ទូច​ដឹក​ម៉ាស៊ីនភ្លើង​បើក​បុក​រះ​នៅ​លើ​ស្ពាន​ច្បារ​អំពៅ​នេះ​ដែរ គឺ​បណ្តាល​មក​ពី​អ្នកបើកបរ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទើប​បានជា​បើក​ទៅ​បុក​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​វ័យ​ចំណាស់​ម្នាក់​រង​របួស​យ៉ាងធ្ងន់ធ្ងរ ម៉ូតូ​របស់​ជន​រង​គ្រោះ​រង​ការ​ខូចខាត​យ៉ាងដំណំ ហើយ​បង្កាន់ដៃស្ពាន​ចំនួន​២​កំណាត់ និង បង្គោល​ភ្លើង​ចំនួន​១​ដើម​ទៀត​បាន​បាក់​បែប​នេះនោះ​។

ក្រោយ​ពេល​កើតហេតុ​បុរស​វ័យ ៦០​ឆ្នាំ រង​គ្រោះ​ត្រូវ​បាន​កម្លាំង​មាន​សម្ថ​កិច្ច​ដឹក​តាម​ម៉ូតូ​យក​ទៅ​កាន់​គ្លីនិក​ឯកជន​មួយ កន្លែង​នៅ​ក្បែរ​កន្លែង​កើតហេតុ​ដើម្បី​សង្គ្រោះ ចំណែកឯ​បុរស​ជា​អ្នកបើកបរ និង រថយន្ត​ស្ទូច​ដឹក​ម៉ាស៊ីនភ្លើង​បង្ក​រួម​ទាំង​ម៉ូតូ​របស់​ជន​រង​គ្រោះ ត្រូវ​បាន​បញ្ជូន​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរ​ផ្លូវគោក​នៃ​ស្នងការ​នគរ បាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ជា​បន្ត​ទៅ​ទៀត​៕ ដោយ ៖ ភី ផល