រដ្ឋបាល​ខេត្តបាត់ដំបង​ចូលរួម​គោរព ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ

ខេត្តបាត់ដំបង ៖ នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៩​នេះ លោក អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ងួ​ន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ដឹកនាំ​មន្ត្រីរាជការ មន្ទីរ អង្គភាព លោកគ្រូ អ្នកគ្រូ យុវជន សស​យក សមាគម​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ក្រុង ស្រុក និង​កង​ម្លាំ​ង​ប្រដាប់​អាវុធ អាជ្ញាធរ​ដោះ​មីន ស៊ី​ម៉ាក ជា​ច្រើន​អញ្ជើញ​ចូលរួម គោរព​ព្រះ​វិញ្ញាណក្ខន្ធ​គម្រប់​ខួប​៧​ឆ្នាំ ព្រះករុណា​សម្តេច​ព្រះបាទ​នរោត្តម​សីហ​នុ បន្ទាប់​ពី​ព្រះ​អង្គ​យាង​ចូល​ទិវង្គត់ កាលពី​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ​២០១២ ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះរាជ​កុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា​សម្តេច​ព្រះបាទ នរោត្តម​សីហ​នុ​ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ នៅ​បរិវេណ​វត្ត​ពោធិ៍​វាល ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។

Loading...

បន្ទាប់​ពី​ថ្នាក់ដឹកនាំ​ខេត្ត​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ធ្វើការ​គោរព​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ ព្រះសង្ឃ​ជយ​ន្តោ ឯកឧត្តម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាលខេត្ត ព្រមទាំង​អ្នកចូលរួម​ក៏​បាន​ប្រគេន​សាដក និង​បច្ច័យ​ដល់​ព្រះសង្ឃ​ចំនួន​៩​អង្គ ដើម្បី​ថ្វាយ​ព្រះរាជ កុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា​សម្តេច​ព្រះបាទ​នរោត្តម​សីហ​នុ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ និង ចែក​ជូន​ថវិកា​មួយ​ចំនួន​ដល់​យាយជី​តាជី​ផង​ដែរ​។

ក្នុង​កម្មវិធី​នោះ​បាន​រំលឹក​ជីវប្រវត្តិ ព្រះករុណា សម្តេច​ព្រះបាទ​នរោត្តម​សីហ​នុ ព្រះ​អង្គ​ប្រ​សូត្រ នៅ​ថ្ងៃ​អង្គារ ទី​៣១ ខែតុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ ព្រះ​អង្គ​ឡើង​គ្រង​រាជសម្បត្តិ​នៅ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​១៩៤១ ព្រះ​អង្គ​បាន​បំពេញ​ព្រះរាជ​បូជនីយកិច្ច ទាមទារ​ឯករាជ្យ​បាន​ទាំងស្រុង​ពី​អាណានិគម​បារាំង​នៅ​ថ្ងៃ​ទី​៩ ខែ​វិ​ឆ្ឆិ​កា ឆ្នាំ​១៩៥៣​។ បន្ទាប់​មក​ព្រះ​អង្គជា​ព្រះ​ប្រមុខរដ្ឋ ព្រះ​អង្គ​មាន​ស្នា​ព្រ​ហ​ស្ថ​ធំធេង ឧត្តុ​ង​ឧត្តម កសាង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​។

សមិទ្ធផល​ទាំងនោះ​មាន សកល​វិទ្យាល័យ មហាវិទ្យាល័យ ជា​ច្រើន​ជំនាញ ស្ថានីយទូរទស្សន៍ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត រោងចក្រ​ចម្រាញ់​ប្រេងកាត រោងចក្រ​ស្រា​បៀរ រោងចក្រ​ដំឡើង​ត្រាក់ទ័រ និង​រថយន្ត​ធំ រោងចក្រ​ស្ករស រោងចក្រ​វាយ​ន​ភណ្ឌ រោងចក្រ​ក្រចៅ រោងចក្រ​ស៊ីម៉ង់ត៍ រោងចក្រ​កែវ រោងចក្រ​ក្តារបន្ទះ រោងចក្រ​ក្រដាស់ រោងចក្រ​ជី រោងចក្រ​កង់​ឡាន រោងចក្រ​ត្រីខ​ប្រអប់ រោងចក្រ​ផលិត​ជ័រកៅស៊ូ រោងចក្រ​វា​រី​អគ្គិសនី និង​សមិទ្ធិ​ផល​ច្រើន​ទៀត​នៅ​តាម​បណ្តា​ខេត្ត ស្រុក មាន​សាលារៀន មន្ទីរពេទ្យ ទំនប់​ប្រឡាយ ស្ពាន​ថ្នល់​ជាដើម​។ ព្រះ​អង្គ​បាន​ទទួល​រង​គ្រោះ​ដោយ​រដ្ឋប្រហារ​មិន​ស្របច្បាប់​មួយ នៅ​ភ្នំពេញ គឺជា​រដ្ឋប្រហារ​យោធា​ដែល​មាន លន់ ន​ល់ ជា​មេខ្លោង​នៅ​ថ្ងៃ​អង្គារ ទី​១៨ ខែមិថុនា ឆ្នាំ​១៩៧០​។

ព្រះ​អង្គ​បាន​ធ្វើ​ព្រះរាជ​មាតុភូមិនិវត្តន៍​មក​កាន់​រាជធានី​ភ្នំពេញ​វិញ​នៅ​ថ្ងៃ អង្គារ ទី​១៤ ខែ វិច្ឆិកា ឆ្នាំ​១៩៩១ ព្រះ​អង្គ​បាន​គង់​ជា​ម្លប់​សម្រាប់​ប្រជារាស្ត្រ​រហូត​ដល់​ព្រះ​អង្គ​យាង​ចូល​ព្រះ​ទិវង្គត នៅ​វេលា​ម៉ោង​១ និង​២០​នាទី យប់​រំលង​អា​ធ្រា​ត ម៉ោង​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២ នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង​ប៉េ​កាំ​ង​ប្រទេស​ចិន ក្នុង​ព្រះ​ជន្ម​៩០​ព្រះ​វស្សា​ដោយ​ព្រះ​ជរាពាធ​៕ ដោយ ៖ ហួត សុង​ហាក់