រថយន្ត​លាយ​បេតុង​បត់​ឆ្វេង​បាន​កៀរ និង​កិន​អ្នក​ជិះ​ម៉ូតូ​របួស​២​នាក់

44

រាជធានី​ភ្នំពេញ ៖ រថយន្ត​លាយ​បេតុង​១​គ្រឿង​ខណៈ​បើកបរ​បត់​ឆ្វេង​ឆ្លងផ្លូវ​បាន​កៀរ និង​កិន​ម៉ូតូ ១​គ្រឿង បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​២​នាក់​រង​របួសធ្ងន់ និង​មធ្យម ហើយ​ត្រូវ​បាន​រថយន្ត សង្គ្រោះ​របស់ អង្គភាព​៧១១ ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ​។ ឧប្បត្តិហេតុ គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​មុខ​វត្ត​អង្គ​ត្រគៀត ស្ថិត​នៅ​ក្នុង​អង្គ​ត្រគៀត សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

Loading...

ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​នោះ​មិន​ទាន់​ត្រូវ​បាន ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ហើយ​ម៉ូតូ​ម៉ាក​ស្មាស​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1AV-3727 មួយ​គ្រឿង​ឌុ​ប​គ្នា​។ ចំណែកឯ​រថយន្ត​ម៉ាក​ហ៊ី​ណូ​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 5A-1161 បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់​ដោយ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​លាយ​បេតុង និង​ម៉ូតូ​រង​គ្រោះ​បាន​បើកបរ​ធ្វើ​ដំណើរ ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​ត្បូង​ទៅ​ជើង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​នោះ​បត់ ឆ្វេង​ដៃ​ឆ្លងផ្លូវ​ដោយ​មិន​បាន​មើលមុខមើលក្រោយ​ក៏​បាន​កៀរ និង​កិន​ម៉ូតូ​ទាំង​កម្រោល បណ្តាល​ឲ្យ អ្នក​ជិះ​ម៉ូតូ​រង​របួសធ្ងន់​ម្នាក់ និង​មធ្យម​ម្នាក់​តែ​ម្ដង​។

បន្ទាប់​មក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ ហើយ​ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​អង្គភាព​៧១១ ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យ​ព្រះ​កុសុមៈ ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​នគរបាល​ចរាចរ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​ទៅ ធ្វើការ​វាស់វែង និង​នាំ​យក​ទៅ​រក្សា​ទុក​រង​ចាំ​ដោះស្រាយ​តាម​ច្បាប់​៕ ដោយ ៖ យន់ ស៊ី​ថា