អត្រា​មរណភាព​ទារក បាន​ក្លាយទៅជា​បញ្ហា​អាទិភាព​នៅ​ប្រទេស​កម្ពុជា

48

រាជធានី​ភ្នំពេញ ៖ អាហារូបត្ថម្ភ​សម្រាប់​ទារក​មិន​គ្រប់​ខែ និង​ទារក​ដែល​មាន​ទម្ងន់​ពី​កំណើត​មក​ខុស​ប្រក្រតី គឺជា​ប្រធានបទ​ដ៏​មាន​សារៈសំខាន់ ក្នុង​ការ​ចូលរួម​កាត់​បន្ថយ​អត្រា​មរណភាព​ទារក បាន​ក្លាយទៅជា​បញ្ហា​អាទិភាព នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ឡើង និង​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​ជា​តម្រូវ​វ​ការ​ចាំបាច់ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​កាន់តែ​ប្រសើរ​។

Loading...

នេះ​ជា​ប្រសាសន៍​លោក​សាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ថ្លែង​ក្នុង​សិក្ខាសាលា លើក​ទី​៣ របស់​សមាគម​គ្រូពេទ្យ​ទារក​កម្ពុជា​ស្តី​អំពី​៖ «​អាហារូបត្ថម្ភ​សម្រាប់​ទារក​មិន​គ្រប់​ខែ​» ដែល​មាន​កិច្ចសហការ​ពី​សាស្ត្រាចារ្យ​មក​ពី​មន្ទីរពេទ្យ ខេ​ខេ​(KK) ប្រទេស​សឹ​ង្ហ​បុរី​។ សិក្ខាសាលា​នេះ​បាន​រៀបចំ​នៅ​សាល​ប្រជុំ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៩​។ អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ថ្លែង​ទៀត​ថា ៖

លោក​សង្ឃឹមថា​សិក្ខាសាលា នា​ថ្ងៃនេះ ក្រោម​ប្រធានបទ «​អាហារូបត្ថម្ភ សម្រាប់​ទារក​មិន​គ្រប់​ខែ​» ដោយ​មានការ​ចូលរួម​ពី​ក្រុម វេជ្ជបណ្ឌិត​ពី​បណ្តា​មន្ទីរពេទ្យ​ធំ​ៗ ទាំង​នៅ​រាជធានី​ភ្នំពេញ និង​ពី​បណ្តា​ខេត្ត​នានា​ទូ​ទាំង​ប្រទេស នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​នូវ​ចំនេះដឹង ក្នុង​ការ​សង្គ្រោះ​ទារក ឲ្យ​ទាន់​ពេលវេលា ក្នុង​នាទី​ដំបូង​ដែល​ហៅ​ថា​នាទី​មាស​។ ជាមួយ​គ្នា​នោះ​ដែរ​លោកស្រី​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ឹម សិទ្ធិការ្យ ជា​ប្រធាន​សមាគម​គ្រូពេទ្យ​ទារក​កម្ពុជា និង​ជា​ប្រធាន​ផ្នែក​ប្រ​ពោ​ធន​កម្ម​ទារក នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​មាន​ប្រសាសន៍​ថា ៖

នេះ​ជា​សិក្ខាសាលា​លើក​ទី​៣ របស់​សមាគម ដែល​លើក​ទី​១ ក្រោម​ប្រធានបទ «​ការ​សង្គ្រោះ​ទារក​» និង​លើក​ទី​២​នៅ​ដើមឆ្នាំ​២០១៩ ស្តី​ពី «​ការ​ប្រើប្រាស់​ម៉ាស៊ីន​ជំនួយ​ផ្លូវដង្ហើម​លើ​ទារក​ទើបនឹង​កើត​»​។ ហើយ​សិក្ខាសាលា​នេះ «​អាហារូបត្ថម្ភ​លើ​ទារក​មិន​គ្រប់​ខែ​» មាន​គោលបំណង​បណ្តុះបណ្តាល​គ្រូ​បង្គោល មិន​ថា​វេជ្ជបណ្ឌិត ឬ​គិលានុបដ្ឋាក​នោះ​ទេ ឲ្យ​ទទួល​បាន​នូវ​ចំណេះដឹង​ថ្មី​ៗ​ទាក់ទង​នឹង​ការ​ផ្តល់​អាហារូបត្ថម្ភ ជា​ពិសេស ចំពោះ​ទារក​មិន​គ្រប់​ខែ​ក៏​ដូច​ជា​ទារក​ដែល​មិន​មាន​ទម្ងន់​មិន​គ្រប់ ដោយ​ធ្វើការ​ផ្តោត​សំខាន់​ទៅ​លើ​ការ ផ្តល់​អាហារ​តាម​រយៈ Umbilical Venous Catheter (​ការ​ដាក់​សេរ៉ូម​តាម​ផ្ចិត​របស់​ទារក​)​។

លោក​សាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ក៏​បាន​សម្ដែង​នូវ​ការ​ស្វា​គម​ន៏ យ៉ាង​កក់ក្តៅ ចំពោះ​វត្តមាន​សាស្ត្រាចារ្យ វិច​ទ័​រ ស៊ាំ​មុ​យ​អ៊ែ​ល រ៉ា​ចា​ឌុ​យ​រ៉ា​យ​(Victor Samuel Rajadurai) អនុប្រធាន​សមាគម​ទារក នៅ​ប្រទេស​សឹ​ង្ហ​បុរី និង​លោក​វេជ្ជបណ្ឌិត ឈូ ម៉ី ឈាន​(Chau Mei Chien) ប្រធាន​ផ្នែក​ប្រ​ពោ​ធន​កម្ម​ទារក នៃ​មន្ទីរពេទ្យ KK សឹ​ង្ហ​បុរី ផង​ដែរ​៕ ដោយ ៖ ទុ​យ ប៊ុ​ន​រី