យុវជន​ជាង​ផ្សារ​ដែក​ម្នាក់ ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​យ៉ាង​អាណោចអាធ័ម

54

ខេត្តកណ្តាល ៖ គួរ​ឲ្យ​អាណិត​ណាស់​ដោយសារ​ជីវភាព​គ្រួសារ ធ្វើ​ឲ្យ​យុវជន​ម្នាក់​សម្រេចចិត្ត​ទៅ​ធ្វើ​ជាង​ផ្សារ​ដែក ស៊ីឈ្នួល​គេ រហូត​ភ្លាត់ស្នៀត​ដើរ​ទាក់​ខ្សែភ្លើង​ឆក់​ស្លាប់​នៅ​កន្លែងធ្វើការ​យ៉ាង​អាណោចអាធ័ម​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០ និង​១៥​នាទី នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ លាក់ ឌី ស្ថិត​ក្នុងភូមិ ក្បាលកោះ​ទៀវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​។

Loading...

ជន​រង​គ្រោះ​ឈ្មោះ ព្រហ្ម មុន្នី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខ​បរ​ជាង​ផ្សារ​ដែក មាន​ទីលំនៅ​ភូមិ​កោះន​រា សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ មក​ស្នាក់​នៅផ្ទះ​ម្តាយមីង ឈ្មោះ លាក់ ឌី ភូមិ​ក្បាលកោះ​ទៀវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​។ យោង​តាម​ការ​សួរ​បំភ្លឺ ឈ្មោះ លាក់ ឌី ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ត្រូវជា​ម្តាយមីង​ជន​រង​គ្រោះ នឹង​ឈ្មោះ ជាវ សុភា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​ជាង​ផ្សារ​ដែក​ដូច​គ្នា បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​មក​ធ្វើ​ជា​ជាង​ផ្សារ​ដែក​តោន និង​បាញ់ថ្នាំ​រថយន្ត​ជាមួយ​កូន​គាត់ នៅផ្ទះ​របស់​គាត់​ផ្ទាល់​មិន​ដែល​មាន​បញ្ហារ​អ្វី​កើតឡើង​ទេ​។

លុះ​នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក ជន​រង​គ្រោះ និង​ឈ្មោះ ជាវ សុភា កំពុង​ផ្សារ និង​ស្វាន​ដែក ពេល​នោះ​ជន​រង​គ្រោះ​បាន​មក​ប្រាប់​ឈ្មោះ ជាវ សុភា ថា​កុំ​ដាក់​ខ្សែភ្លើង​គង​លើ​ដែក​ប្រយ័ត្ន​ឆក់ រួច​ជន​រង​គ្រោះ ក៏​ដើរទៅ​កន្លែង​ការងារ​របស់​ខ្លួន​វិញ​ក៏​ជាន់​ចំ​ខ្សែភ្លើង​ដាច់​របក​ស្រោម​បណ្តាល​ឲ្យ​ឆក់​ដួល​បន្ទាន់​គ្នា​នោះ ឈ្មោះ ជាវ សុភា ជា​អ្នកធ្វើការ​ជាមួយ​គ្នា​ស្ទុះ​ទៅ​បិទ​បា​រ៉ែត​ភ្លើង​រួច​មក​មើល​ជន​រង​គ្រោះ តែ​ជន​រង​គ្រោះ​លែង​ដឹងខ្លួន នៅ​មាន​ដង្ហើម​ក៏​ដឹក​ជន​រង​គ្រោះ​យក​មក​មន្ទីរពេទ្យ​បង្អែក​ស្រុក​កោះធំ តែ​គ្រូពេទ្យ​ជួយ​សង្គ្រោះ​មិន​បាន​ជន​រង​គ្រោះ ក៏​ស្លាប់​តែ​ម្តង​រួច​បាន​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន នគរបាល​ស្រុក​កោះធំ បាន​ទទួលបញ្ជារ​ពី​លោក​អធិការ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ចុះ​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក ស្រុក​កោះធំ ដោយ​សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល អាជ្ញាធរ​មូលដ្ឋាន​លោកគ្រូ​ពេទ្យ​ផ្នែក​ជំនាញ គ្រ​សារ​ជន​រង​គ្រោះ​ដើម្បី​ធ្វើការ​ពិនិត្យ​សាកសព​។ យោង​ការ​ពិនិត្យ​ជន​រង​គ្រោះ​មាន​សភាព​ស្លេកស្លាំង​មាន​ស្នាម​ឆេះ អុត​ខ្មៅ​នៅ​បាតជើង​ខាងស្តាំ​ក្រៅពី​ស្លាកស្នាម​នេះ​ពុំ​មាន​ស្លាកស្នាម​អ្វី​ផ្សេង​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។ ក្រោយ​ពី​ពិនិត្យ​ចប់​សព្វគ្រប់​សាកសព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​លំនៅ​ដ្ឋា​ន ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ ប៉ឹង ឆដា