តែ​ប៉ុន្មាន​នាទី​សោះ​គ្រោះថ្នាក់​ចរាចរ​២​លើក នៅ​ទីកន្លែង​តែ​មួយ​របួសធ្ងន់​២​នាក់

34

រាជធានី​ភ្នំពេញ ៖ តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​កើត​មាន​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាច​ចំនួន​២​លើក នៅ​កន្លែង និង​តាម​ដងផ្លូវ​តែ​មួយ ដែល​ក្នុង​នោះ​មាន​យុវជន​ម្នាក់​ជិះ​ម៉ូតូ​សុខ​ៗ​ស្រាប់តែ​ត្រូវ​រថយន្ត​មិន​ស្គាល់ ម៉ាក​១​គ្រឿង បើក​ទៅ​កៀរ បណ្ដាល​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ប្រឡាយ​រង​របួស​ជើង​យ៉ាងដំណំ​។ ខណៈនោះ​មាន​មនុស្ស​ម្នា ឈរ​មើល​ច្រើន​កុះករ ស្រប​ពេល​នោះ​មាន​នារី​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង ទៅ​ដល់​រវល់​តែ​ងាក​មើល​យុវជន​ដែល​ត្រូវ​រថយន្ត​កៀរ​ម៉ូតូ​ធ្លាក់ទឹក​មិន​បាន​មើលទៅ​មុខ​ក៏​បាន​បុក​ទុយោ​ជ័រ​ដែល​ដឹក​តាម​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​១​គ្រឿង​ពេញទំហឹង​បណ្ដាល​ឲ្យ​ដួល​ច្រងាប់ច្រងិល​រង​របួស​ធ្ងន់ធ្ងរ​តែ​ម្ដង​។

Loading...

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវ​លេខ​២១៧ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា យុវជន​រង​គ្រោះ​ដែល​ត្រូវ​រថយន្ត​កៀរ​ធ្លាក់ទឹក​នោះ​ឈ្មោះ លត់ ដា​លី​ន អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ក្នុងភូមិ ក​ណ្ដោ​ស ឃុំ​ក​ណ្កោ​ស ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល រង​របួស​ជើង ជង្គង់ និង​រលាត់​មុខមាត់​។ យុវជន​រូប​នេះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1BN-2961​។

ចំណែក​នារី​ម្នាក់​ទៀត​ជិះ​ម៉ូតូ​បុក​ទុយោ​ជ័រ​នៅ​លើ​រ៉ឺ​ម៉ក បណ្ដា​យ​ឲ្យ​រង​របួសធ្ងន់​នោះ​ឈ្មោះ ថា ស្រី​ស្រស់ អាយុ​២៤​ឆ្នាំ មុខរបរ​ជា​អ្នកបកប្រែ​ភាសា​អង់គ្លេស ស្នាក់​នៅ​ភូមិ​កណ្ដាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ នាង​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1CS-8371 ជិះ​តែ​ម្នាក់ឯង​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ យុវជន​ខាងលើ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ តែ​ម្នាក់ឯង​ក្នុង​ល្បឿន​លឿន គួរសម​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២១៧ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។

លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច កើតហេតុ ស្រាប់តែ​មាន​រថយន្ត​មិន​ស្គាល់​ម៉ាក​១​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា ទៅ​ដល់​កៀរ បណ្ដាល​ឲ្យ​ដួល​ខ្ទាត​ផ្លោង​ម៉ូតូ​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ទាំង​កម្រោល ហើយ​យុវជន​រូប​នេះ​បាន​រង​របួស យ៉ាងដំណំ​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​មាន​មនុស្ស​ម្នា​នាំ​គ្នា​ចោមរោម​មើល រួម​ទាំង​អ្នកបើកបរ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ដឹក​ទុយោ​ជ័រ​១​គ្រឿង​ក៏​បាន​ឈប់​មើល​ដែរ លុះ​បន្តិច​ក្រោយមក​ក៏​មាន នារី​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ប​ពី​១​គ្រឿង​ជិះ​តែ​ម្នាក់ឯង​ទៅ​ដល់​ល្មម​។

ខណៈនោះ​នាង​រវល់​តែ​ងាក​មើល យុវជន​ដែល​រថយន្ត​កៀរ​ធ្លាក់ទឹក​មិន​បាន​មើលទៅ​មុខ​ក៏​ជ្រុល​ទៅ​បុក​ទុយោ​ជ័រ​នៅ​លើ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ពេញទំហឹង​បណ្ដាល​ឲ្យ​ដួល​រង​របួសធ្ងន់ បន្ទាប់​មក​ត្រូវ​បាន​រថយន្ត​មន្ទីរពេទ្យ​ឯកជន​ដឹក​យក​ទៅ សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ផង​ដែរ​។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​សម្រួល មិន​ឲ្យ​មានការ​កកស្ទះ​ចរាចរ រួច​ទំនាក់ទំនង​ទៅ​កាន់​នគរបាល​ចរាចរណ៍​ខណ្ឌដង្កោ ដើម្បី​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​នាំ​យក​យានយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌដង្កោ រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕ ដោយ ៖ យន់ ស៊ី​ថា