ស្នងការ​នគរបាល​ខេត្ត​ប្តេជ្ញា​ការពារ​សុខ​សន្តិភាព ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក

41

ខេត្តកំពង់ឆ្នាំង ៖ «​នៅ​រំលង​តែ​១​ថ្ងៃ​ទៀត​ទេ គឺ​ចូល​ដល់​ថ្ងៃ​ទី​៩ វិច្ឆិកា​ហើយ អ្វី​ជា​ការ​សន្យា​របស់ ក្រុម​មេ​ឧទ្ទាម​ក្រៅច្បាប់ របស់​បក្ស​ប្រឆាំង​ថា​នឹង​ធ្វើ​រដ្ឋប្រហារ បង្កចលាចល​ក្នុង​ប្រទេស ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្រប់ច្បាប់​នោះ គឺ​មិន​អាច​ទៅ​រូ​ច​ជា​ដាច់ខាត »​។ លោក​ឧត្តមសេនីយ៍ទោ ខូ​វ លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​មាន​ប្រសាសន៍​បែប​នេះ​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន ខណៈ​ដែល​លោក​អញ្ជើញ​ត្រួតពិនិត្យ កងកម្លាំង​នគរបាល​ខេត្ត កំពុង​ត្រៀម​ចេញ​ល្បាត ដើម្បី​ពង្រឹង​សន្តិសុខ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ នា​រសៀល​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ និង​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​។

Loading...

លោក​ឧត្តមសេនីយ៍ទោ​ស្នងការ នគរបាល​ខេត្ត បាន​បន្ត​ថា យោង​តាម​បទបញ្ជា​របស់​អភិបាលខេត្ត​កំពង់ឆ្នាំង ដែល​បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង​បាន​ដាក់​បទបញ្ជា​ដល់​គណៈ​បញ្ជាការ​ឯកភាព​ក្រុង ស្រុក និង​កងកម្លាំង​ទាំង​៣​ប្រភេទ​ត្រូវ​យកចិត្តទុកដាក់​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ នៅ​ក្នុង​ឱកាស​ប្រារព្ធ ព្រះរាជ​ពិធី បុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ និង​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៦ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។

ថ្ងៃនេះ​ក៏​ដូច​ជា​ប៉ុន្មាន​មុន និង​ថ្ងៃ​បន្ត​ទៅ​មុខ​ទៀត កងកម្លាំង​នគរបាល​ខេត្ត ស្រុក ក្រុង​បាន​ចេញ​ល្បាត​តាម​គោលដៅ​រៀង​ៗ​ខ្លួន ដើម្បី​ការពារ សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង ដើម្បី​ធានា​ឲ្យ​បាន​រាល់​ការ​ប៉ុនប៉ង​ធ្វើ សកម្មភាព​ណាមួយ របស់​ក្រុម​បក្ស​ប្រឆាំង​។ គ្រប់​កងកម្លាំង​ត្រូវ​សហការ​គ្នា​ឲ្យ​បាន​ល្អជា​មួយ​អាជ្ញាធរ និង​កងកម្លាំង ដោយ​ពង្រឹង​ការ​ត្រួតពិនិត្យ ការ​ចេញ​ល្បាត​ជា​ប្រចាំ ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេង​ៗ នៅ​ក្នុងភូមិ​សាស្ដ្រ​នានា​ក្នុង​ខេត្ត ពិសេស​ត្រូវ​ទប់ស្កាត់​ចំពោះ​ជន​ក្បត់ជាតិ សម រង្សី និង​បក្ខពួក​ដែល​មាន បំណង​បំផ្លាញ​សុខ​សន្តិភាព របស់​ប្រជាពលរដ្ឋ និង​ការ​អភិវឌ្ឍន៍​របស់​ប្រទេស​ជាតិ ដែល​កំពុង​កើត​មាន​សព្វថ្ងៃ​។

លោក​ឧត្តមសេនីយ៍ទោ ខូ​វ លី ស្នងការ​ណ​គ​របាល​ខេត្ត​ក៏​បាន​បន្ថែម​ថា កងកម្លាំងប្រដាប់អាវុធ ត្រូវ​តាមដាន និង​ក្ដាប់​សភាពការណ៍​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ នៅ​ក្នុងភូមិ​សាស្ដ្រ ទទួលខុសត្រូវ​របស់​ខ្លួន ព្រមទាំង​មាន​វិធានការ​ឲ្យ​បាន​ទាន់​ពេលវេលា ទៅ​លើ​សកម្មភាព​កៀងគរ​កម្លាំង​ប្រមូលផ្ដុំ ក្នុង​គោលបំណង​បង្កចលាចល​អសន្តិសុខ​សង្គម នា​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ដោយ​មិន​ត្រូវ​ធ្វេសប្រហែស​ជា​ដាច់ខាត​។ រាល់​សកម្មភាព​ណាមួយ​ដែល​ប៉ុនប៉ង​ធ្វើ​ឲ្យ កើត​មាន​ចលាចល បង្ក​ភាព​អសន្តិសុខ និង​អាណា​ធិ​ប​តេ​យ្យ ដាច់ខាត​ត្រូវ​តែ​បង្ក្រាប​ឲ្យ​ខាង​តែ​បាន ដើម្បី​ការពារ​សុខ​សន្តិភាព ការ​ជាតិ​សាសនា ព្រះមហាក្សត្រ​៕ ដោយ ៖ ពៅ សុខហ៊ាន