ស្ត្រី​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន ខណៈ​លួច​ទូរស័ព្ទ​១​គ្រឿង​ពី​ហាង​លក់​ទូរស័ព្ទ

55

រាជធានី​ភ្នំពេញ ៖​ស្ត្រី​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​កាន់​តូប​លក់​ទូរស័ព្ទ​មួយ​កន្លែង បន្ទាប់​មក​បាន​ប្រើ​ល្បិច ធ្វើ​ជា​រក​ទិញ​ទូរស័ព្ទ​១​គ្រឿង ខណៈនោះ​ម្ចាស់​តូប​បាន​យក​ទូរស័ព្ទ​ម៉ាក Iphone-6 ឲ្យ​មើល​។ បន្ទាប់​មក​នាង​បាន​មើលចុះ​មើល​ឡើង ស្រាប់តែ​យក​រត់ឡើង​ជិះ​ម៉ូតូ​គេចខ្លួន ប៉ុន្តែ​រត់​មិន​រួច ដោយ​ភ្លាម​ៗ​នោះ ត្រូវ​បាន​បុរស​ម្ចាស់​តូប​ដេញ​តាម​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ប្រគល់​ជូន​នគរបាល​ចាត់ការ តាម​ច្បាប់​តែ​ម្តង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី រសៀល​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ ចំណុច​តូប​លក់​ទូរស័ព្ទ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

Loading...

ស្ត្រី​ខាងលើ​នោះ​ឈ្មោះ នី រី​ណា អាយុ​៣៦​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ដោយឡែក​ម្ចាស់ តូប​លក់​ទូរស័ព្ទ​ឈ្មោះ ទុំ រា​ទី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​លក់​ទូរស័ព្ទ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​កើតហេតុ​ខាងលើ​។ គាត់​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ខណៈ​ដែល​គាត់​កំពុង​អង្គុយ លក់​ទូរស័ព្ទ ស្រាប់តែ​ឃើញ​ស្ត្រី​ខាងលើ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ធូ​ដេ​ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1CW-5837 ទៅ​ឈប់​នៅ​មុខ​តូប​របស់​គាត់​។

បន្ទាប់​មក​បាន​ប្រើ​ល្បិច​ធ្វើ​ជា​រក​ទិញ​ទូរស័ព្ទ ពេល​នោះ​គាត់​ក៏​បាន​យក​ទូរស័ព្ទ​មួយ​គ្រឿង​ម៉ាក Iphone-6 ពណ៌​ទឹកមាស លា​យស​ទៅ​ស្ត្រី​នោះ​មើល លុះ​បន្តិច​ក្រោយមក​ស្រាប់តែ​ជនសង្ស័យ​បាន​យក​ទូរស័ព្ទ​ចូល​ក្នុង​កាបូបស្ពាយ​របស់​ខ្លួន រួច​បាន​រត់ឡើង​ជិះ​ម៉ូតូ​គេចខ្លួន ប៉ុន្តែ​គាត់​បាន​ដេញចាប់​បាន​ភ្លាម​ៗ​រួច​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​កា​កាប​២ សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕ ដោយ ៖ យន់ ស៊ី​ថា