កីឡាករ​អុំទូក​ទាំងអស់​ត្រូវ​តាំង​ចិត្តជា​អ្នកកីឡា ការ​ឈ្នះ​ចាញ់​ជា​រឿង​ធម្មតា

25

រាជធានី​ភ្នំពេញ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង និង​លោកស្រី និង​លោក ប៉ា សុ​ជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៨ វិច្ឆិកា​នេះ​បាន​ជួប សំណេះសំណាល​ជាមួយ​កីឡាករ កីឡាការិនី​ចំណុះ​ទូក​ថ្នាក់​រាជធានី​ភ្នំពេញ​នៅ​បរិវេណ​វត្ត​ភ្នំ ដែល​បងប្អូន​នឹង​ត្រូវ​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ថ្នាក់​ជាតិ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​រយៈពេល​៣​ថ្ងៃ​គឺ ថ្ងៃ​ទី​១០-១១-១២ វិច្ឆិកា ឆ្នាំ​២០១៩​នេះ នៅ​មុខ​ព្រះ​បរមរាជវាំង​។

Loading...

លោក ហែម ស៊ី​ណា​រ៉េ​ត ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ រាជធានី​ភ្នំពេញ​មាន​ទូក​ចូលរួម​ប្រណាំង ចំនួន​៥៥​ទូក មាន​ចំណុះ​ទូក​ចំនួន ៣ ៧១៦​នាក់ និង​មាន​កីឡា​បម្រុង​ចំនួន​៦១០​នាក់​។ លោក ឃួ​ង ស្រេង បាន​ថ្លែង លើកទឹកចិត្ត​ដល់​បងប្អូន​កីឡាករ​អុំទូក​ទាំងអស់​ឲ្យ​ខិតខំ​ប្រឹងប្រែង​បញ្ចេញ​អស់កម្លាំង​កាយ​ចិត្ត រួម​សាមគ្គី​គ្នា​ដើម្បី​ដណ្តើម​យកជ័យ​ជម្នះ និង​នាំ​កិត្តិយស​ជូន​វត្ត ជូន​សង្កាត់ ខណ្ឌ និង​ជូន​រាជធានី​ភ្នំពេញ​។ សូម​បងប្អូន​ត្រូវ​រក្សា​សុខភាព ការ​ហូប​ចុក ការ​សម្រាក​យក​កម្លាំង​ឲ្យ​បាន គ្រប់គ្រាន់ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ឲ្យ​អស់​សមត្ថភាព​។

លោក​បន្ត​ថា ចិត្តជា​កីឡា​ទោះ​ចាញ់ ឬ​ឈ្នះ ជា​រឿង​ធម្មតា យើង​ប្រកួត​ដើម្បី​ចូលរួម​ថែរក្សា​ប្រពៃណី​វប្បធម៌ ទំនៀមទម្លាប់​ជាតិ និង​ដើម្បី​សុខភាព​។ ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​នៃ​ការ​រៀបចំ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​៩ វិច្ឆិកា ,​ពិធី​អកអំបុក​សាមគ្គី​ដើម្បី​ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ និង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​យកចិត្តទុកដាក់ ជា​ចម្បង​លើ​ការ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​កម្រិត​ខ្ពស់​បំផុត ជា​ពិសេស​ប្រឆាំង ដាច់ខាត​រាល់​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​ក៏​ដូច​ជា មាន​បំណង​បំផ្លាញ​សន្តិភាព និង​ក្តី​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​របស់​ពួក​ឧទ្ទាម​ក្រៅច្បាប់ ដែល​ដឹកនាំ ដោយ​ជន​ក្បត់ជាតិ សម រ​ង្ស៉ី​។

ជាមួយ​គ្នា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ខិតខំ​ប្រឹងប្រែង​កែ​លម្អ សោភ័ណ​ភាព​រាជធានី​ភ្នំពេញ​ឲ្យ​សាក​សម​ទៅ​នឹង​មជ្ឈមណ្ឌល​នយោបាយ វប្បធម៌ និង​សេដ្ឋកិច្ច ជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​ចូល​មក​កម្សាន្ត​នៅ​រាជធានី​ភ្នំពេញ កាន់តែ​ច្រើន​ឡើង​។ ជាមួយ​គ្នា​នេះ​ដែរ លោក​អភិបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ចែក​មួក និង​អាវយឺត​ដល់ ចំណុះ​ទូក រាជធានី​ភ្នំពេញ​ទាំង​ជាង ៣០០០​នាក់ រួម​នឹង​ថវិកា​មួយ​ចំនួន​ជា​ការ​លើកទឹកចិត្ត​ដល់ បងប្អូន​សម្រាប់​ការ​ត្រៀម​ប្រកួត នា​ពេល​ខាង​មុខ​នេះ​ដែរ​។ ដោយឡែក​នៅ​រសៀល​ថ្ងៃ​ទី​៨ វិច្ឆិកា​ដដែល​នេះ​ដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​រៀបចំ​ការ​ប្រណាំងទូក​សាកល្បង សម​កម្លាំង​នៅ​តាម ដង​ទន្លេសាប ចំណុច​មុខ​វត្ត​ឧណ្ណាលោម​។

ទិដ្ឋភាព​នៃ​ការ​ប្រារព្ធ​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា និង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស សប្បាយ​រីករាយ​ប្រកបដោយ​មោទនភាព​ជាតិ ក្តី​សប្បាយ​រីករាយ​របស់​ប្រជាពលរដ្ឋ​បាន​បង្ហាញ ឲ្យ​ឃើញ​ពី​ការ​រស់នៅ​ក្នុង​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែល​មាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​។

ក្នុង​ដំណាក់កាល​នេះ​ដែរ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីជូនដំណឹង និង​សេចក្តី​អំពាវនាវ​ជា​បន្ត បន្ទាប់​សំដៅ​ពង្រឹង សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​ឱកាស​បុណ្យ និង​បាន​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ ក្នុង​លើកកម្ពស់​សោភ័ណ​ភាព និង​បរិស្ថាន​ទីក្រុង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​ជូនដំណឹង​ពី​ការ បញ្ចៀស​ចរាចរ​តាមតម្រាយ​ផ្លូវ​មួយ​ចំនួន​តាម​ច្រក​ចេញចូល​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​ការ​អំពាវនាវ សុំ​ឲ្យ​មានការ​ចូលរួម​បរិច្ចាគ​ធនធាន​ជា​ថវិកា ឬ​សម្ភារ​ផ្សេង​ៗ​ជួយ​ដល់​កីឡាករ កីឡាការិនី​ចំណុះ​ទូក រាជធានី​ភ្នំពេញ​ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​បងប្អូន​ផង​ដែរ​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ