ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី១៣ វិច្ឆិកា បានចេញសេចក្តីជូនដំណឹងស្តីពីការដឹកជញ្ជូនសត្វដំរីមួយចំនួនចេញពីរមណីយដ្ឋានអង្គរ ។ សេចក្តីជូនដំណឹងបានឱ្យដឹងថា អស់រយៈពេលច្រើនឆ្នាំមកហើយ ដែលសត្វដំរីបានចូលរួមចំណែកយ៉ាងសកម្មក្នុងការបម្រើវិស័យទេសចរណ៍នៅរមណីយដ្ឋានអង្គរ
សត្វដំរីទាំងនោះមិនត្រឹមតែផ្តល់នូវភាពទាក់ទាញដ៏អស្ចារ្យក្នុងការផ្តល់សេវាកម្មសម្បូរបែបក្នុងរមណីយ ដ្ឋានអង្គរ ប៉ុណ្ណោះទេ ថែមទាំងបានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនដល់ភ្ញៀវជាតិនិងអន្តរជាតិ ។ ក្នុងបរិបទថ្មីនៃការអភិវឌ្ឍវិស័យទេសចរណ៍ ក៏ដូចជាដើម្បីលើកកម្ពស់ជីវិតនៃការរស់នៅបែបធម្មជាតិរបស់សត្វដំរី សមាគមគ្រប់គ្រងសត្វដំរីសហការជាមួយអាជ្ញាធរជាតិអប្សរា នឹងធ្វើការដឹកជញ្ជូនសត្វដំរីជាបណ្តើរៗចេញពីរមណីយដ្ឋានអង្គរ សំដៅទៅរកការបញ្ឈប់សកម្មភាពអាជីវកម្មក្នុងការយកសត្វដំរី មកផ្តល់ជាសេវាដឹកជញ្ជូនភ្ញៀវទេសចរកម្សាន្តក្នុងរមណីយដ្ឋានអង្គរ នៅដើមឆ្នាំ២០២០តទៅ ។
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សមាគមគ្រប់គ្រងសត្វដំរី ធ្វើការដឹកជញ្ជូនសត្វដំរីមួយចំនួនចេញពីរម ណីយដ្ឋានអង្គរទៅកាន់ព្រៃសហគមន៍បុស្សធំ ស្ថិតក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីឱ្យសត្វដំរីរស់នៅតាមលក្ខណៈធម្មជាតិនិងក្រោមការមើលថែទាំរបស់សមាគមគ្រប់គ្រងសត្វដំរី ។ ដោយ ឡែកសត្វដំរីដែលនៅសល់ នឹងដឹកជញ្ជូនចេញពីរមណីយដ្ឋានអង្គរជាបន្តបន្ទាប់នាពេលក្រោយ ។
