Thierry Henry អតីត​គ្រូបង្វឹក Monaco រក​ឃើញ​ឆ្នាំងបាយ​ថ្មី

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា Thierry Henry ដែល​ធ្លាប់​គ្រប់គ្រង​ក្លិប AS Monaco យ៉ាង​លំបាកលំបិន​វេទនា បាន​រក​ឃើញ​ឆ្នាំងបាយ​ថ្មី ក្រោយ​ពី​ធ្លាក់​ចេញពី​តំណែង​។

Loading...

អតីត​ខ្សែប្រយុទ្ធ Arsenal និង Barcelona រូប​នេះ ទទួល​បន្ទុក​គ្រប់គ្រង​ក្លិប Monaco ក្នុង​លី​គ​ទី​មួយ នៅ​ចន្លោះ​ខែតុលា ​ឆ្នាំ២០១៨ និង​ខែមករា​ឆ្នាំ ២០១៩ ប៉ុន្តែ​បាន​ត្រឹមតែ​ឈ្នះ ៥​ប្រកួត​ក្នុង​ចំណោម ២០​ប្រកួត​របស់​ក្លិប ក្រោម​ការ​គ្រប់គ្រង​របស់​គាត់​។

មុន​ពេល​ឡើង​កាន់​តំណែង​នៅ​ក្លិប Monaco គាត់​ធ្លាប់​ធ្វើ​ជា​ជំនួយការ​គ្រូបង្វឹក Roberto Martinez ហើយ​ជា​ផ្នែក​មួយ​នៃ​ក្រុមការងារ​អ្នកគ្រប់គ្រង នៅ​ពេល​ដែល​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្សិ​ក​ជាប់​លេខ​បី​ក្នុង​ការ​ប្រកួត​លំដាប់​ពិភពលោក FIFA World Cup ឆ្នាំ​២០១៨​។

ទោះ​យ៉ាងណា​ពេល​នេះ លោក​ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​នៅ Montreal Impact ដែល​ស្ថិត​នៅ​ក្នុង​លី​គ Major League Soccer ក្រោម​កិច្ចសន្យា​លើ​កុងត្រា​រយៈពេល​២​ឆ្នាំ ជាមួយនឹង​លក្ខ​ខ័​ណ្ឌ​អាច​ពន្យារ​កុងត្រា​បាន​មួយ​ឆ្នាំ​ទៀត​។

Henry បាន​ប្រាប់​គេហទំព័រ​ផ្លូវការ​របស់​ក្លឹ​ប​កា​ណា​ដា​នេះ​ថា​៖«​វា​ជា​កិត្តិយស​ណាស់​ដែល​បាន​បង្វឹក​ក្រុម Montreal Impact ហើយ​ត្រលប់​មក MLS វិញ​។ វា​ជាលី​ក​ដែល​ខ្ញុំ​ស្គាល់​ច្បាស់ ហើយ​មាន​ពេលវេលា​ល្អ​ៗ​ជាមួយ​គ្នា​ជា​ច្រើន​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Henry នៅ​ពេល​នេះ មាន​អាយុ ៤២​ឆ្នាំ ហើយ​បាន​ចំណាយពេល ៤​ឆ្នាំ​កន្លះ​នៅ MLS ដោយ​រកបាន ៥១​គ្រាប់ និង​ជួយ​ស៊ុត ៣៥​ដង​ទៀត ក្នុង ១២២​ប្រកួត​សំរាប់​ក្រុម​New York Red Bulls ៕