បាតុកម្ម​ហុងកុង គំរាមកំហែង​លក្ខន្តិកៈ​ស្វ័យភាព

ក្រុង​ហុងកុង ៖ ប្រធានាធិបតី​ចិន​លោក​ស៊ីជី​ន​ពីង បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​១៤ វិច្ឆិកា​ថា អំពើ​ហិង្សា​នៅ​ហុងកុង កំពុង​តែ​គំរាមកំហែង​ដល់​គោលការណ៍​ស្វ័យភាព​សម្រាប់​ដែនដី​អតីត​អាណានិគម​អង់គ្លេស​នោះ ដែល​នា​ថ្ងៃ​ទី​១៤ វិច្ឆិកា ជួប​ប្រទះ​នឹង​ការ​រាំង​ខ្ទប់​៤​ថ្ងៃ​ជាប់​ៗ​គ្នា ដោយសារ​ការ​ដាក់​របាំង​បា​រ៉ា​ស់នា​នា និង​ការ​ប្រមូលផ្ដុំ​គ្នា​របស់​ពួក​បាតុករ​ស្និទ្ធ​លទ្ធិប្រជា​ធិបតេយ្យ​។

Loading...

ក្រុង​ហុងកុង​ជួប​ប្រទះ​ចាប់តាំងពី​ដើមខែ​មិថុនា​មក នូវ​បាតុកម្ម​ស្ទើរ​រាល់ថ្ងៃ​ដើម្បី​បរិហារ ការ​ជ្រៀតជ្រែក​ដែល​គេ​គិត​ថា កាន់តែ​ខ្លាំង​របស់​ក្រុង​ប៉េ​កាំ​ង ហើយ​ទាមទារ​ឲ្យ​មានការ​កែទម្រង់​ប្រជាធិបតេយ្យ​នានា​។ បាតុកម្ម​កាន់តែ​ហិង្សា​ជាមួយ​ការ​ប៉ះទង្គិច​គ្នា​កាន់តែ​ខ្លាំង រវាង​ប៉ូលិស និង​ពួក​បាតុករ​ជាមួយ​ឆាក​នៃ​អំពើ​ហិង្សា​កាន់តែ​ញឹកញាប់​។

ថ្ងៃ​ទី​១៤ វិច្ឆិកា វិ​ថី​សំខាន់​ទាំងឡាយ​នៃ​ក្រុង​ហុងកុង ត្រូវ​រាំង​ខ្ទប់​ដោយ​បា​រ៉ា​ស់នា​នា​។ ការ​ដឹក​ជញ្ជូន​សាធារណៈ​ជា​ច្រើន​ត្រូវ​រាំង​ខ្ទប់ បណ្ដា​សាលារៀន​បិទទ្វារ ពួក​បាតុករ​កាន់កាប់​បណ្ដា​សាកលវិទ្យាល័យ ហើយ​មានការ​ប្រមូលផ្ដុំ​មនុស្ស​នៅ​តាម​សង្កាត់​ពាណិជ្ជកម្ម​ទាំងឡាយ នាំ​ឲ្យ​ប៉ូលិស​ស្នើ​សុំ​កម្លាំង​បន្ថែម​។

ប្រធានាធិបតី​ចិន​លោក​ស៊ីជី​ន​ពីង ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ​ដ៏​កម្រ​មួយ ស្ដី​ពី​សភាពការណ៍​នៅ​ហុងកុង វាយតម្លៃ​នា​ថ្ងៃ​ទី​១៤ វិច្ឆិកា​ថា បណ្ដា​សកម្មភាព​ហិង្សា​ខុសច្បាប់​ក្នុង​ទីក្រុង​មាន​ប្រជាជន​៧,៥​លាន​នាក់​នោះ នាំ​ឲ្យ​មានការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​គោលការណ៍ ប្រទេស​មួយ​ប្រព័ន្ធ​ដឹកនាំ​២ ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ស្វ័យភាព​របស់​ដែនដី​នោះ​។

លោក​បន្ត​ថា ចូរ​បញ្ចប់​អំពើ​ហិង្សា និង​ភាព​ចលាចល ហើយ​ការ​ស្ដារ​ឡើង​វិញ​របៀបរៀបរយ ជា​ភារកិច្ច​បន្ទាន់​បំផុត​ដែល​ត្រូវ​បំពេញ​។ លោក​ថ្លែង​បែប​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ក្រុង​ប្រា​ស៊ី​លី​យ៉ា ហើយ​ដកស្រង់​សម្ដី​ដោយ​កាសែត​ប្រជាជន​ចិន​។ កាសែត​នោះ​កាលពី​ថ្ងៃ​ទី​១៤ វិច្ឆិកា បាន​អំពាវនាវ ឲ្យ​មាន​វិធានការ​ខ្លាំង​នានា​ដើម្បី​ទប់​និង​បញ្ចប់​អំពើ​ហិង្សា​។

កាសែត​នេះ​និយាយ​ថា ប្រសិនបើ​អ្នក​អែរ​អង់ នៅ​មុខ​អគ្គិភ័យ​មួយ នោះ​ភ្លើង​នឹង​ឆេះ​បំផ្លាញ​អ្វី​ៗ​ទាំងអស់​។ វិធី​ដ៏​ល្អ​គេ​ត្រូវ​ពន្លត់​វា​មុន​ពេល​វា​ឆេះ​រាលដាល​ខ្លាំង​។ ពលរដ្ឋ​ក្រុង​ហុងកុង ជា​ច្រើន​សង្ស័យ​ពី​ការ​ដាក់​ពង្រាយ​កងទ័ព​ចិន​។

ក្នុង​សារ​មួយ​តាម FACEBOOK ប៉ូលិស​ក្រុង​ហុងកុង បាន​ចោទប្រកាន់​ពួក​បាតុករ​ថា បាន​បាញ់​ព្រួញ​ជួនកាល​ជា​ព្រួញ​ភ្លើង​មក​លើ​ប៉ូលិស​ជា​ច្រើន​នាក់ ដែល​កំពុង​ល្បាត​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤​វិច្ឆិកា​នៅ​ជិត​សាកលវិទ្យាល័យ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)