ចាំ​មើល ធន់ ចាន់​តាក់ អាច​ប្រជែង​តំណែង​ម្ចាស់​ជើងឯក​ជាមួយ​កីឡាករ​ថៃ​បាន​ឬ​អត់?

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​សៅរ៍ ទី​១៦ វិច្ឆិកា នេះ គឺជា​ឱកាស​ដ៏​សំខាន់​បំផុត​សម្រាប់​កីឡាករ ធន់ ចាន់​តាក់ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ដែល​ត្រូវ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ ភេ​តណ​ង​ប៊ី គាត​ណ​ង​ឌី​ត​យី​ម ប្រជែង​យក​តំណែង​ជា​ម្ចាស់​ជើងឯក​ខ្សែក្រវាត់ “​កម្ពុជា សង្វៀន​គុន​ខ្មែរ​”​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ីក្នុង​ពេល​ការ​ប្រជែង​យក​តំណែង​លេខ​៣​គឺជា​ការ​ជួប​គ្នា​រវាង​កីឡាករ​ថៃ​ដូច​គ្នា ។

Loading...

ធន់ ចាន់​តាក់ គឺជា​កីឡាករ​តែ​ម្នាក់​គត់​ក្នុង​ចំណោម​កីឡាករ​កម្ពុជា​ចំនួន​៣​រូប​ផ្សេង​ទៀត ដែល​មានឱកាស​ឡើង​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធី​សង្វៀន​គុន​ខ្មែរ បន្ទាប់​ពី​គេ​ឈ្នះ​ការ​ប្រកួត​ដោយ​ស្វ័យប្រវត្តិ​នៅ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាលពី​ស​ប្ដា​ហ៍​មុន ។ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា កីឡា​ករ​កម្ពុជា​ម្នាក់​នេះ​មានសំណាង​ដណ្ដើម​បាន​តំណែង​មួយ​នេះ​ឬ​អត់​នោះ​ទេ ខណៈ​កីឡាករ​ថៃ​ដែល​គេ​ត្រូវ​ជួប​នា​ពេល​នេះ ហាក់​មាន​សមត្ថភាព​ខ្លាំង​ពិបាក​ផ្ដួល​អ៊ីចឹង​នោះ​។

ជាក់ស្ដែង​នៅ​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​កន្លង​មក​គេ​អត់​ទាន់​ស្គាល់​ចាញ់​ម្ដងណា​ឡើយ ។ បើ​តាម​ការ​សង្កេត​ការ​ប្រកួត​កន្លង​មក កីឡាករ​ទាំង​ពីរ​រូប​នេះ មាន​ល្បិច​ប្រយុទ្ធ​ល្អ​ដូច​គ្នា ទាំង​ស្នៀត​កណ្ដាប់ដៃ​និង​ស្នៀត​ជើង​អាច​ប្រើ​ការ​បាន​យ៉ាង​ស្ទាត់ជំនាញ ទើប​គេ​ពិបាក​ប៉ាន់ស្មាន​ពី​លទ្ធផល​ចុង​ក្រោយ​ដោយ​បង្វែរ​ឱ្យ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង ។

រីឯ​គូ​ដណ្ដើម​យក​តំណែង​លេខ​៣​តម្រូវ​ទៅ​លើ​កីឡាករ​ថៃ ស៊ី​ថង ស៊ី​ត​កាំ​ណា​ន់​ប្រា​ស៊ី​ត និង​កីឡាករ នុម​ស្ទីក ស​.​រ៉ូ​ត​ឆៃ ក្នុង​ពេល​សមាសភាព​គូប្រកួត​មិត្តភាព​វិញ​មាន កីឡាករ ឈុត សេរី​វ៉ា​ន់​ថង មក​ពី​ក្លិប​រា​ហ៊ូ​កីឡា​ខេត្តបាត់ដំបង ប្រកួត​ជាមួយ​កីឡាករ​ថៃ ទួន​ប៉េ ស៊ី​ត​សាម​ផា​យ៉ាក់ ។ កីឡាករ ពុទ្ធ ភា​រិ​ន្ទ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ ប្រកួត​ជាមួយ​កីឡាករ ឡុ​ង រ៉ា​មី មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ។

ដោយឡែក​កម្មវិធី​ប្រដាល់​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់​នៅ​ល្ងាច​ថ្ងៃ​ស​ដដែល​ក៏​មាន​គូ​អន្តរជាតិ​រហូត​ដល់​ទៅ​៣​គូ ។ កីឡាករ សៀវ ង៉ុ​យ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករ​ថៃ ហ្វា ម៉ៃ​ប៉​យុទ្ធភូមិ ។ កីឡាករ សេក គឹ​ម​សាន មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្ត​សៀមរាប ប្រកួត​ជាមួយ​កីឡាករ​ថៃ វី​ហ្គោ ស​.​ដាន​ឆ័​យ​និង​កីឡាករ បាង កា​យ៉ាក មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម​ប្រកួត​ជាមួយ​កីឡាករ អ៊ី​រ៉​ង់​ឈ្មោះ Maisan Abbasi ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)