រាជធានីភ្នំពេញ៖ ដោយសារតែនិន្នាការទេសចរណ៍ថ្មីបានងាកទៅចាប់អារម្មណ៍ខ្លាំងបែបផ្សងព្រេងនោះ ប្រទេសកម្ពុជាបាន និងកំពុងអភិវឌ្ឍតំបន់ទេសចរណ៍បែបនេះ ។ កម្ពុជាមានតំបន់ទេសចរណ៍បែបផ្សងព្រេងប្រកបដោយសក្កានុពលជាច្រើន ។
លោកជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃក្រសួងទេសចរណ៍ -បានផ្តល់បទសម្ភាសន៍ផ្តាច់មុខជាមួយកោះសន្តិភាព កាលពីពេល ថ្មីៗកន្លងមកពីសក្ដានុពលនៃវិស័យទេសចរណ៍ផ្សងព្រេង ៖

កោះសន្តិភាព ៖ តើទេសចរផ្សងព្រេងជាតិ និងអន្តរជាតិចូលចិត្តទៅតំបន់ណាខ្លះ នៅកម្ពុជា ?
លោកជុក ជំនោរ ៖ ដោយសារតែកម្ពុជាយើងមានតំបន់ទេសចរណ៍ច្រើន ដូច្នេះហើយសម្រាប់ភ្ញៀវទេសចរបរទេសមួយចំនួនបានងាកមកឈ្វេងយល់ ឬដើរកម្សាន្តបែបទេសចរណ៍ផ្សងព្រេង ហើយនោះគឺជានិន្នាការថ្មីសម្រាប់វិស័យទេសចរណ៍នៅកម្ពុជាផងដែរ ។ ទេសចរណ៍ផ្សងព្រេងមិនមែនជាដំណើរផ្សងព្រេងទៅរកអ្វីមួយជាលក្ខណៈឯកជននោះទេ ប៉ុន្តែជាដំណើរទេសចរណ៍ផ្សងព្រេងដោយមានការរៀបចំច្បាស់លាស់ ។ ដំណើរទេសចរណ៍ផ្សងព្រេងគឺមានការរៀបចំ និងមានគោលដៅប្រកបដោយស្តង់ដាថែមទៀត ។
សម្រាប់នៅកម្ពុជាតំបន់ទេសចរណ៍បែបផ្សងព្រេង ហើយកំពុងតែទាក់ទាញ ឬស្រូបយកភ្ញៀវទេសចរច្រើនគួរឲ្យកត់សម្គាល់នោះរួមមានតំបន់ទេសចរណ៍ភ្នំឱរ៉ាល់ក្នុងខេត្តកំពង់ស្ពឺព្រោះតំបន់នោះបាន និងកំពុងអភិវឌ្ឍន៍ ហើយក៏ជាតំបន់ភ្នំដែលខ្ពស់ជាងគេនៅកម្ពុជា ក្នុងនោះតំបន់ភ្នំឱរ៉ាល់ក៏ជាទីតាំងដែលពោរពេញដោយធនធានធម្មជាតិដ៏ស្រស់ត្រកាលរួមទាំងខ្យល់អាកាសល្អបរិសុទ្ធ ។ ទន្ទឹមនោះគេនឹងបានឈ្វេងយល់អំពីវប្បធម៌ ប្រពៃណីបងប្អូនជនជាតិ រួមទាំងសហគមន៍ទេសចរណ៍ផងដែរ ។

ក្រៅពីនោះតំបន់ទេសចរណ៍អារ៉ែងដែលរំលេចដោយទឹកជ្រោះ ទឹកស្ទឹង ជ្រលងធម្មជាតិ ព្រៃឈើ ក្រាស់ៗ ប្រកបដោយឈើប្រណីត រួមទាំងតំបន់ព្រៃកោងកាង ។ ទន្ទឹមនោះតំបន់ភ្នំត្បែងក្នុងខេត្តព្រះវិហារក៏ជាតំបន់ទេសចរណ៍ផ្សងព្រេងប្រកបដោយភាពទាក់ទាញផងដែរ ។
ចំណែកតំបន់ទេសចរណ៍រ៉ាមសារក្នុងខេត្តស្ទឹងត្រែង និងតំបន់មួយចំនួនទៀតក្នុងខេត្តរតនគិរី និងមណ្ឌលគិរីក៏សុទ្ធសឹងជាតំបន់ទេសចរណ៍បែបផ្សងព្រេងដ៏មានសក្តានុពល ហើយដែលនឹងអាចស្រូបយកភ្ញៀវទេសចរច្រើននាពេលខាងមុខ ។
ក្រៅពីតំបន់ទាំងអស់នោះ កម្ពុជានៅមានតំបន់អូរជាំក្នុងខេត្តបាត់ដំបង តំបន់ភ្នំគូលែនក្នុងខេត្តសៀមរាបដែលសុទ្ធសឹងជាគោលដៅដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរផ្សងព្រេង ។
កោះសន្តិភាព ៖ តើអ្នកទេសចរភាគច្រើនជាជនជាតិណាខ្លះ ហើយជាលក្ខណៈអ្វី ដែលចូលចិត្តទៅទស្សនានៅតំបន់ទាំងអស់នោះ?

លោកជុក ជំនោរ ៖ ភាគច្រើនជាលក្ខណៈទេសចរជាក្រុម តែក៏មានទេសចរជាលក្ខណៈបុគ្គលផងដែរ តែតិចតួចណាស់ ។ បច្ចុប្បន្ននេះយើងសង្កេតឃើញថា អ្នក ទេសចរណ៍ក្នុងស្រុកមានចំនួនច្រើនជាង ។ ក្រៅពីនោះទេសចរមកពីតំបន់អឺរ៉ុបដែលពួក គាត់ចូលចិត្តទេសចរណ៍បែបផ្សងព្រេង ។ ប៉ុន្តែយើងក៏សង្កេតឃើញនិន្នាការកើនឡើងផងដែរនូវអ្នកទេសចរអាស៊ីដូចជា ជប៉ុន កូរ៉េជាដើម ។
កោះសន្តិភាព ៖ តើមានលក្ខណសម្បត្តិអ្វីខ្លះសម្រាប់អ្នកទេសចរបែបផ្សងព្រេង ?
លោកជុក ជំនោរ ៖ ទេសចរណ៍ផ្សង ព្រេងនេះគឺត្រូវមានការគិតគូរខ្លាំងណាស់ ដូច្នេះហើយទើបនៅឆ្នាំ២០១៦ ក្រសួងទេសចរណ៍ បានដាក់ចេញនូវស្តង់ដាទេសចរណ៍ផ្សងព្រេងដោយដំបូងយើងត្រូវកំណត់តំបន់ណាខ្លះដែលតម្រូវឲ្យអាជ្ញាធរ រួមទាំងសហគមន៍ទទួលភ្ញៀវទេសចរបែបផ្សេងព្រេងបាន តែប្រការសំខាន់នោះគឺអាជ្ញាធរ និងសហគមន៍ត្រូវដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ប្រកបដោយស្តង់ដា និងការទទួលខុសត្រូវដើម្បីទទួលភ្ញៀវទេសចរដែលទៅតំបន់របស់ខ្លួន ។
កោះសន្តិភាព ៖ តើអ្វីទៅជាចុងភៅព្រៃសម្រាប់អ្នកទេសចរផ្សងព្រេង?

លោកជុក ជំនោរ ៖ ដែលហៅថាចុងភៅព្រៃនោះគឺគាត់ជាមគ្គុទេ្ទសក៍ជូនភ្ញៀវផង ហើយក៏ជាចុងភៅថែមទៀត លើកលែងតែកន្លែងខ្លះយើងមានមគ្គុទេ្ទសក៍ផ្សេង ចុងភៅផ្សេង ។ ប៉ុន្តែចុងភៅព្រៃទាំងនោះគាត់មានភារកិច្ចមួយ គឺស្ពាយទាំងអង្ករ បន្លែ ត្រី សាច់ គ្រឿង ទេស ផ្សេងៗ សម្រាប់ធ្វើម្ហូប ហើយចេះធ្វើទាំងម្ហូបថែមទៀត.. តែអ្វីដែលសំខាន់នោះគឺភ្ញៀវមិនអាចកុំម៉ង់ម្ហូបបានតាមចិត្តនោះទេ ។
កោះសន្តិភាព ៖ តើសហគមន៍ នីមួយៗមានតួនាទីអ្វីខ្លះសម្រាប់ទទួលភ្ញៀវទេសចរ ផ្សងព្រេង ?

លោកជុក ជំនោរ ៖ សហគមន៍ នីមួយៗ មានតួនាទីសំខាន់ណាស់សម្រាប់ទេសចរណ៍ ផ្សងព្រេងព្រោះថា យើងធ្វើដំណើរផ្សងព្រេងដោយមិនឆ្លងសហគមន៍នោះ យើងអាចនឹងជួបបញ្ហាអ្វីមួយ ដូចជាគ្រោះថ្នាក់ជាយថាហេតុជាដើម ។ ប៉ុន្តែបើយើងឆ្លងកាត់សហគមន៍នោះ សហគមន៍គេនឹងដឹងថា តំបន់នោះយ៉ាងម៉េច កន្លែងនោះយ៉ាងម៉េច ផ្លូវណាទៅបាន ផ្លូវណាទៅមិនបានជាដើម ។ ទន្ទឹមនោះសហគមន៍ត្រូវទទួលបន្ទុកគ្រប់គ្រងសព្វបែបយ៉ាងតាំងពីបញ្ហាសុខភាព ម្ហូបអាហារ ឬក៏វិធានការការពារ និងជួយសង្គ្រោះជាដើម ។

និយាយរួមសហគមន៍ មានតួនាទីធានាសុវត្ថិភាព ហើយផ្តល់នូវបទពិសោធន៍ ល្អៗសម្រាប់ភ្ញៀវទេសចរផ្សងព្រេង ។
តំបន់ទេសផ្សងព្រេងដែលបច្ចុប្បន្ននេះ ភ្ញៀវទេសចរចូលចិត្តទៅផ្សងព្រេងច្រើនជាងគេគឺតំបន់ទេសចរណ៍នៃភាគនិរតីប្រទេសកម្ពុជា រួមមានតំបន់ភ្នំឱរ៉ាល់ តំបន់អារ៉ែង តំបន់ក្រវាញ ជាដើម ។ នៅពេលខាងមុខនិន្នាការទេសចរណ៍ផ្សងព្រេងនៅកម្ពុជានឹងកើនឡើងជាលំដាប់ ។ នៅពេលខាងមុខកម្ពុជានឹងដាក់តំបន់ភ្នំឱរ៉ាល់ដល់តំបន់អារ៉ែងជាតំបន់ទេសចរណ៍ភ្នំអន្តរជាតិ ៕ (កែសម្រួលដោយ ៖ បុប្ផា)


