ដំរី​ដឹក​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ​…​ទៅ​កាន់​ព្រៃ​សហគមន៍​បុស្ស​ធំ​ហើយ

ខេត្តសៀមរាប ៖​ ​មន្ត្រី​អាជ្ញាធរ​អប្សរា​អះអាង​ថា គិត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៥​ វិច្ឆិកា​ នេះ មាន​​​ដំរី​ចំនួន​៥​ក្បាល​ហើយដែល​បាន​ដឹក​ជញ្ជូន​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ ទៅ​កាន់​ព្រៃ​សហគមន៍​បុស្ស​ធំ ស្ថិត​នៅ​ភូមិ​បុស្ស​ធំ ឃុំ​ខ្នា​ពោធិ៍ ស្រុក​សូទ្រ និគម ខេត្តសៀមរាប ​។ ការងារ​នេះ​ ធ្វើ​ឡើង​ដោយ​សមាគម​គ្រប់គ្រង​សត្វ​ដំរី​សហ​ការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ឱ្យ​សត្វ​ដំរី​ទាំងនោះ​មាន ជីវិត​រស់នៅ​បែប​ធម្មជាតិ​របស់​វា ក៏​ដូច​ជា​ការ​អភិរក្ស​សត្វ​ដំរី​ទាំងនោះ​ផង​ដែរ​។

Loading...

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៤ ​វិច្ឆិកា សត្វ​ដំរី​ចំនួន​២​ក្បាល ត្រូវ​បាន​ក្រុម​ការងារ​ជំនាញ​ដឹក​ជញ្ជូន​តាម​រថ​យន្ត​ចេញពី​កន្លែង​រស់​នៅ​មុខ​ប្រាសាទភ្នំបាខែង សំដៅ​ទៅ​កាន់​ព្រៃ​សហគមន៍​បុស្ស​ធំ ដែល​មាន​ចម្ងាយ​ប្រមាណ៤០​គីឡូម៉ែត្រ​ពី​ទីរួមខេត្តសៀមរាប​។​ ហើយ​នៅ​ថ្ងៃ​ទី១៥ វិច្ឆិកា នេះ សត្វ​ដំរី​ចំនួន៣ក្បាលទៀត សរុប៥ក្បាលើ ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​រស់នៅ​ថ្មី​នោះ​ដែរ​ ។

គួរ​បញ្ជាក់​ថា ក្នុង​ខ្លឹមសារ​នៃ​សេចក្ដី​ជូន ដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ការងារ​នេះ​ធ្វើ​ឡើង​ដើម្បី​លើក កម្ពស់​ជីវិត​នៃ​ការ រស់នៅ​បែប​ធម្មជាតិ​របស់​សត្វ​ដំរី សមាគម​គ្រប់គ្រង​សត្វ​ដំរី​សហ​ការ​ជា មួយ​អាជ្ញា ធរ​ជាតិ​អប្សរា​បាន​ធ្វើការ​ដឹក ជញ្ជូន​សត្វ​ដំរី​ជា​បណ្ដើរ​ៗ ចេញពី​រមណីយដ្ឋា​ន​អង្គរ សំដៅ​ទៅ​រក​ការ បញ្ឈប់ សកម្មភាព​អាជីវ កម្ម​ក្នុង​ការ​យក​សត្វ​ដំរី​មក​ផ្តល់​ជា​សេវា​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​កម្សាន្ត​នៅ​ដើមឆ្នាំ​២០២០​តទៅ​៕​​