​ជំនឿ​ទួល​លោកយាយ​ដូន​…​មាន​ប្ញ​ទ្ធិ​បារមី​​​​ដ៏​ពូកែស័ក្តិ​សិទ្ធ​​

ខេត្តស្វាយរៀង៖ ទួលយាយដូន​គឺជាទួលបុរាណមួយ ដែលមានបារមីពូកែ​ដ៏ស័ក្តិសិទ្ធិ​តែងតែមានអ្នកមក អុជ​ធូបទៀន និងដាក់ដង្វាយបន់ស្រន់សុំសេចក្តីសុខស្ទើគ្រប់​ទិសទីមិនថា ជនជាតិខ្មែរ ឬបរទេសនោះទេ ហើយទួលលោកយាយដូន គឺមានចម្ងាយជិត២គីឡូម៉ែត្រនៅទិសខាងត្បូងពីច្រកទ្វារ​ព្រំដែនអន្តរ ជាតិ បាវិត​ស្ថិតក្នុងភូមិបាវិតកណ្ដាលសង្កាត់បាវិតក្រុងបាវិត ខេត្តស្វាយរៀង​ ដោយមាន​អ្នកស្រុកមានជំនឿថា​​បើមកបួងសួងហើយប្រាថ្នាអ្វី គឺបានសម្រេចដូចក្តីប៉ង​ប្រាថ្នា​ ។

Loading...

ការគោរពបូជានិងបួងសួងសុំឲ្យបារមីពីលោកយាយដូន ​គឺចាប់​តាំងពីសម័យដើមយូរលង់មកហើយ​រហូត​មកទល់​​បច្ចុប្បន្ន ។ បើតាមចាស់ទុំព្រឹទ្ធាចារ្យបានឲ្យដឹងថា ទួលបុរាណមួយនេះមាន​ប្រវត្តិទាក់ទង​ទៅនឹង​មេទ័ពល្បីៗ​តាំងពីសម័យដើមជាច្រើនផងដែរ ។

ទាក់ទិនដំណើររឿងប្រវត្តិទួលលោកយាយដូននេះ លោកតាសុខ សាខន អាយុ៨២ឆ្នាំ ដែលជាអ្នកមើលថែ និងរៀបចំទួលយាយដូនបានប្រាប់អោយដឹងថា ទួលយាយដូនកើតឡើងតាំងពីមុនសម័យ​អង្គរវត្ត​ទៀត ប៉ុន្តែមិនដឹងថា ក្នុងទសវត្សណានោះទេ ។ លោកតាបានមានប្រសាសន៍​ទាក់ទងប្រវត្តិទួលលោកយាយ​ដូនថា មានចាស់ទុំតែងតែនិយាយរឿងតៗគ្នា គឺកាលពីដើមឡើយមានមេទ័ព​ទិសទាំងប្រាំមួយ​បានមក​ច្បាំង​នៅទិសឥសាន្តឈ្នះអស់សត្រូវ ។

ក្រោយពីបានជ័យជំនះមេទព័ម្នាក់ បានមកបោះជំរុំនៅជិតទួលលោកយាយដូននេះ មានថ្ងៃមួយនោះ​ពេល​យប់មេទ័ពបានសុបិន្តនិមិត្តឃើញទេពអប្សរមួយព្រះអង្គ ព្រះនាងមានរូបឆោមស្រស់ស្អាតណាស់ ធ្វើឲ្យ​លោក​មេទព័មានចិត្តពេញព្រះទ័យយ៉ាងខ្លាំង ។ ព្រះនាងគឺជាត្រីផ្សោត ធ្វើសមាធិ​នៅភ្នំសំបុក​នៅស្រុក​សំបូរខេត្តក្រចេះ មានបារមីអាចប្រែក្រឡាជាមនុស្សបានហើយមាននិស្ស័យ និងលោកមេទ័ព ក៏បាន ប្រាកដ​ខ្លួនឲ្យលោកមេទ័ពបានឃើញលោកមេទព័ ក៏មាន​ចិត្តប្រតិពទ្ធ័បានសុំព្រះនាង រៀបអភិសេក ជា ព្រះ​មហេសីរស់នៅសុខដុមរមនា ។

លុះនៅគ្រាមួយ នោះមានរឿងកើតឡើងនៅទិសទក្សិណមេទ័ពក៏ទៅធ្វើសង្គ្រាមជាមួយសត្រូវ នៅទិស​ទក្សិណ ពេលនោះ ព្រះនាងក៏យាងទៅតាមធ្វើសង្គ្រាមជាមួយស្វាមីលុះគ្រាក្រោយមកស្វាមី ព្រះនាង បាន​ចាញ់ដៃសត្រូវក៏ស្លាប់បាត់បង់ជីវិតហើយ។ ខណៈនោះនៅមុនពេលនិងស្លាប់ក៏បានផ្ដាំផ្ញើ​អោយព្រះនាង​គោរពព្រះបរមគ្រូ៣អង្គរបស់ស្វាមីគឺមានព្រះព្រហ្ម ព្រះវិស្ណុ ព្រះសិវះ ។

ក្រោយមកព្រះនាងបានដឹកនាំកង ទ័ពទាំង៥០០របស់ស្វាមីទៅច្បាំងសឹកធ្វើសង្គ្រាមរហូត ទទួលបានជ័យ​ជំនះ​ទៅលើខ្មាំងសត្រូវនៅលើទួលនេះ ។ កងទ័ពបានគោរពព្រះនាងដោយថ្វាយព្រះនាមថា មេទ័ពស្រី​ស្រអែម ហើយមានរិទ្ធីបារមីតែងតែដឹកនាំកងទ័ពច្បាំងឈ្នះសត្រូវ។ លុះដល់រយៈកាលក្រោយមកព្រះនាង មានវ័យចាស់អស់បុណ្យជាមួយមនុស្ស ក៏បានស្លាប់ពេលនោះកងទ័ពបានបូជាសពព្រះនាង​ទុកព្រះធាតុ តម្កល់ នៅលើទូលនេះ ហើយបានកសាងរូបសំណាកអំពីថ្មដាប់ សម្រាប់គោរពបូជារហូតមក ។​

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។