លឿនពេក ជាន់ហ្វ្រាំងមិនជាប់ បុកពី​ក្រោយ​រថយន្តយ៉ាង​រន្ធត់​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ដឹក​ឥដ្ឋ​មួយ​គ្រឿង​ដែល​ឈប់​រង់ចាំ​ស្ដុ​ប បណ្ដាល​អោយ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​រថយន្ត​ដឹក​ឥដ្ឋ​បើក​ទៅ​មុខ​បាត់​។

Loading...

ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​ផ្ទះ​លក់​ភេសជ្ជៈ​យីហោ កៅ​ចាន់​ធី តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​អា សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

បុរស​ដែល​ស្លាប់​នោះ​ខាងលើ​ឈ្មោះ ញ៉​ញ់ ដេ​ត អាយុ​២៦​ឆ្នាំ មុខរបរ​ជាង​អ៊ុត​រថយន្ត​នៅ​ម្តុំ​គី​រី​រម្យ មានស្រុក​កំណើត​នៅ​ភូមិ​កំពង់​រាំង ឃុំ​សេ​ដា ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ា​កវី​ន​ន័​រ ពណ៌​ខ្មៅ​លាយ​ត្រួយ​ចេក ពាក់​ស្លាក​លេខ ភ្នំពេញ ១HL-៥១៥៧ ។ ចំណែក​រថយន្ត​ដឹក​ឥដ្ឋ​មួយ​គ្រឿង​ខាងលើ​មិន​ស្គាល់​ម៉ាក អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​បើក​ទៅ​បាត់ ។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រង​គ្រោះ​ខាងលើ​បើក​ម៉ូតូ​មួយ​គ្រឿង ធ្វើ​ដំណើរ​តាម​បណ្ដា​យ​ផ្លូវជាតិ​៦​អា​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​ដឹក​ឥដ្ឋ​មួយ​គ្រឿង​ឈប់​រង់ចាំ​ស្ដុ​ប ពេល​នោះ​បុរស​រង​គ្រោះ​ចាប់​ហ្វ្រាំង​ម៉ូតូ​មិន​ទាន់​ក៏​បុក​គូទ​រថយន្ត​ដឹក​ឥដ្ឋ​យ៉ាង​ពេញទំហឹង បណ្ដាល​អោយ​បុរស​រង​គ្រោះជា​អ្នកបើកបរ​ម៉ូតូ​បាក់​ក​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​បាន​ទំនាក់ទំនង​ទៅ​សមត្ថ​កិច្ច​ជំនាញ​ឱ្យ​ចុះ​មក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​រង់ចាំ​ប្រគល់​ជូន​សាច់ញាតិ​វិញ​។ ចំណែក​សព​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់​ជូន​​ឱ្យ​​សាច់ញាតិ​ដើម្បី​យក​ទៅ​ស្រុក​កំ​ណើ​ត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)