សម្តេច​តេ​ជោ​ព្រមាន​អតីត​សកម្ម​បក្ស​ប្រឆាំង​ត្រូវ​ដោះ​លែង​បណ្តោះអាសន្ន​កុំ​ធ្វើ​សកម្មភាព​បន្ត​ទៀត

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​ទៅ​កាន់​អតីត​សកម្មជន​របស់​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​មិន​ត្រូវធ្វើ​សកម្មភាព​ទៀត​ទេ បើ​មិន​ដូច្នេះ​នឹង​ត្រូវ​ចាប់ខ្លួន​មក​វិញ ។ ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​៣៤​ខ្សែ ក្នុង​ក្រុងព្រះសីហនុ កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា​នេះ នៅ​ខេត្ត​ព្រះ​សីហ​នុ ។

Loading...

សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​យ៉ាង​ដូច្នេះ​ថា ថ្ងៃនេះ​ជា​ថ្ងៃ​ទី​១៦​ហើយ ខ្ញុំ​មិនមែន​នៅ​ក្នុង​គុក​ហើយ​ក៏​មិនមែន​និរទេស​ខ្លួន​ទេ ! បើ​យោង​តាម​រដ្ឋប្រហារ​ថ្ងៃ​៩ វិច្ឆិកា​នោះ ថ្ងៃនេះ​ខ្ញុំ​ប្រហែល​គេ​និរទេស​ខ្លួន​ហើយ ។ សម្តេច​បន្ត​ថា សូម​ផ្តាំ​ទៅ​លោក​ម្នាក់​នោះ​ដែល​មាន​ប្រពន្ធ​កូន​កំពុង​ដូរ​លុយ​នៅ​ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​កុំ​និយាយ​ប្រហើ​ន​ពេក​ដែល​បាន​និយាយ​ក្នុង​សារព័ត៌មាន​មួយ​ថា និរទេស​ខ្លួន​លោក​ហ៊ុន សែន ទៅ​ប្រទេស​វៀតណាម ។ រឿង​នេះ​លោក​ឯង​បាន​ដាក់​នយោបាយ​មួយ​ចាញ់​មួយ​ឈ្នះ​ពោល គឺ​មាន​អញ​អត់​ឯង មាន​ឯង​អត់​អញ អី​ញ្ចឹ​ង​ទេ​ហ៊ុន​សែន ក៏​ដាក់​នយោបាយ​បែប​នេះ​តបត​ទៅ​វិញ គឺ​មាន​អញ​អត់​ឯង មាន​ឯង​អត់​អញ ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា ទ​ង្វើ​របស់​លោក សម រ​ង្ស៊ី​បាន កំពុង​តែ​ធ្វើការ​ប្តូរ​របប​នៅ​កម្ពុជា ដោយ​ធ្វើ​នយោបាយ​ឲ្យ​ព្រះមហាក្សត្រ​ដាក់​រាជ និង​ផ្តួលរំលំ រដ្ឋាភិបាល ។

តែ​យ៉ាងណា​ក្តី​ដោយសារ​ផែនការ​បរាជ័យ​ទើប​ខ្ញុំ​បាន​ស​ន្តោ​ប្រណី​អធ្យាស្រ័យ​ឲ្យ​មាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​អ្នក​ដែល​ចាប់ខ្លួន​៧២​នាក់ ។ សម្តេច​បញ្ជាក់​ថា ៖« បងប្អូន​នៅ​ដែល​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ត្រូវ​ចាំ​ថា មិនមែន​តែ​រឿង​ក្តី​ត្រូវ​បាន​បញ្ចប់​ទេ​រឿង​ក្តី​មិន​ទាន់​បញ្ចប់​ទេ​បងប្អូន​ត្រូវ​អនុវត្ត​តាម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​បន្ត​ទៀត ។ រឿង​ក្តី​មាន​ពី​ប្រភេទ​ទី​១-​កាលពីមុន​ការ​ចាប់ខ្លួន គឺ​ញុះញង់​បង្ក​ឲ្យ​មាន​ចលាចល ឬ​ការ​ញុះ​ញ​ង​ហើយ​កម្លាំងប្រដាប់អាវុធ​មិន​ស្តាប់​បញ្ជា (​ទោស​១​ឆ្នាំទៅ​៣​ឆ្នាំ​) ។ ទី​២- បទល្មើស​ឧ​ប​ឃា​ដ ឬ​រដ្ឋប្រហារ (​ទោស​១០​ទៅ​៣០​ឆ្នាំ​)» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​ក៏​បាន​ចំអក​នៅ​កាន់​លោក សម រ​ង្ស៊ី ដែល​ត្រូវ​បរាជ័យ​ក្នុង​ផែនការ​ផ្តួលរំលំ​រដ្ឋាភិបាល ហើយ​ត្រឡប់​ទៅ​ប្រទេស​បារាំង​វិញ​យ៉ាង​ដូច្នេះ​ថា «​ខោអាវរ​ល្ខេ​ករ​ល្ខា​ក​ប៉ុណ្ណឹង​ហើយ​ត្រូវ​ហាន​បង្ហោះ​ថា ហ៊ុន សែន ត្រូវ​អន្តរជាតិ​កៀបសង្កត់​ទើប​ដោះ​លែង ។ ឥឡូវ​អ្នក​ឯក​ចង់​សាក ឬ​ខ្ញុំ​ប្រមូល​យក​មក​វិញ​ទាំងអស់ ហើយ​ចាប់​ថែម​ទាំង​អ្នក​ថា ទៀត ។ តែ​ខ្ញុំ​សូម​បញ្ជាក់​ថា ខ្ញុំ​អំពាវនាវ​ឲ្យ​វិល​ត្រឡប់​ដោយ​មិន​ធ្វើការ​ចាប់ខ្លួន ។ អ្នក​ដែល​រត់​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​»​។ យ៉ាងណា​ក្តី​សម្តេច​បាន​គូសបញ្ជាក់​ថា ៖​មេ​ក្ខោ​ង​ចំនួន​១៨​នាក់​បក្ស​ប្រឆាំង​មិន​ត្រូវ​បាន​ដោះ​លែង ឬ​ឲ្យ​រួចខ្លួន​នោះ​ទេ គឺ​ត្រូវ​ចាប់ខ្លួន ។ ហើយ​បើ​អ្នក​នៅ​តែ​បន្ត​ចូលរួម​ជាមួយ​ទៀត គឺ​ត្រូវ​ចាប់ខ្លួន​ទៀត បើសិន​ធ្វើ​សកម្មភាព​ដូច​កន្លង​មក​ទៅ ។

សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា អ្នក​ដែល​មិន​ទាន់​បាន​កាត់ទោស ហើយ​ត្រូវ​បាន​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​កុំ​ធ្វើ​សកម្មភាព​ឲ្យ​សោះ​តែបើ​ធ្វើ​សកម្មភាព​នឹង​ត្រូវ​ប្រមូល​ត្រឡប់​មក​វិញ ។ សម្តេច​នាយក​រដ្ឋមន្ត្រី​ក៏​បាន​អះអាង​ថា កុំ​និយាយ​ពី​សម្ភា​ធ​អន្តរជាតិ​ចំពោះ​កម្ពុជា​ឲ្យ​សោះ ព្រោះថា កម្ពុជា​មិន​អាច​យក​អធិបតេយ្យភាព​របស់​ខ្លួន​ទៅ​ដូរ​ជាមួយ​ការ​អនុគ្រោះ ឬ​ជំនួស​ណា​ទាំងអស់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់