ហេង ឡុ​ង និង អុឹម ជីវ៉ា តតាំង​តាម​ផ្លូវ​ច្បាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដ៏​ពុះ​កញ្ជ្រោល

រាជធានី​ភ្នំពេញ ៖ ប្រធាន​សមាគម​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម លោក ហេង ឡុ​ង បាន​និង​កំពុង​តតាំង​គ្នា​តាម​ផ្លូវច្បាប់​ជាមួយ​តារា​សម្តែង​លោក អ៊ឹម ជីវ៉ា ពាក់ព័ន្ធ​នឹង​ជម្លោះ​ដ៏​ពុះកញ្ជ្រោល​។ ការ​ប្តឹងផ្តល់​គ្នា​នេះ បាន​កើតឡើង​បន្ទាប់​ពី​លោក អ៊ឹម ជីវ៉ា បាន​ប្រកាស​ដើរ​ចេញពី​តួនាទី​ក្រុមប្រឹក្សា​សមាគម​សិល្បករ​ខ្មែរ បន្ទាប់​ពី​លោក​មានការ​អាក់អន់ស្រពន់ចិត្ត​ជាមួយ​ប្រធាន​សមាគម​សិល្ប​ករ​ខ្មែរ អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ជុំវិញ​រឿងរ៉ាវ​របស់​អ្នក​នាង ធី សុវណ្ណ​ថា ។

Loading...

មិន​ត្រឹម​ដើរ​ចេញពី​តួនាទី​នៅ​ក្នុង​សមាគម​សិល្បករ​ខ្មែរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក អ៊ឹម ជីវ៉ា ថែម​ទាំង​រំលើកបើកកកាយ​រឿង​មិន​ប្រក្រតី​ពាក់ព័ន្ធ​នឹង​លុយ​មូលនិធិ​របស់​សមាគម​ដែល​ចឹ​ង​ឱ្យ​ប្រធាន​សមាគម​ធ្វើការ​បកស្រាយ​ជា​សា​ធា​ណ​:​។ យ៉ាងណា បន្ទាប់​ពី​លោក អ៊ឹម ជីវ៉ា បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​បើក​កកាយ​រឿង​លុយ​មូលនិធិ​ជា​សាធារណៈ​នោះ លោក​ហេង ឡុ​ង ក៏​បាន​ចេញ​មុខ​ព្រមាន​លោក អ៊ឹម ជីវ៉ា ឱ្យធ្វើ​ការ​សុំ​ទោស​ជា​សាធារណៈ​ក្នុង​រយៈពេល​២៤​ម៉ោង មុន​ពេល​ដែល​លោក​ឈាន​ទៅ​ដល់​ការ​ប្រើប្រាស់​វិធានការ​លើ​ផ្នែក​ច្បាប់​។

ជា​ការ​កត់សម្គាល់​ក្នុង​ពេល​ដែល​លោក អ៊ឹម ជីវ៉ា បាន​ធ្វើការ​បដិសេធ​មិន​ធ្វើការ​សុំ​ទោស​តាម​ការ​ចង់បាន​លោក នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក ហេង ឡុ​ង ក៏​បាន​រៀបចំ​ពាក្យបណ្តឹង​ដូច​ការ​គ្រោងទុក​។ បើ​តាម​អ្វី​ដែល​លោក ហេង ឡុ​ង បាន​បញ្ជាក់​តាម​ហ្វេ​ស​ប៊ុ​ក​នោះ​បង្ហាញ​ថា ខ្ញុំ​បាន​រៀបចំ​ពាក្យបណ្ដឹង​រួចរាល់​ហើយ ប៉ុន្តែ​ដោយសារ​ថ្ងៃនេះ​ជា​ថ្ងៃ​សៅរ៍​ទើប​ពាក្យបណ្ដឹង​នេះ​មិន​ទាន់​ទៅ​ដល់​តុលាការ​។ មាន​តែ​ច្បាប់​ទេ ទើប​អាច​បញ្ជាក់​ថា យើង​ជា​មនុស្ស​បែប​ណា​។

លោក​បញ្ជាក់​ថា ខ្ញុំ​គ្រាន់តែ​ចង់​បកស្រាយ​ចំណុច​សំខាន់​ៗ​ខ្លះ​នៅ​អ្វី​ដែល​ប្អូន អ៊ឹម ជីវ៉ា បាន​ផុស​ប៉ះពាល់​កិត្តិយស​របស់ខ្ញុំ ក៏​ដូច​ជា​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​ដែល​ជា​សមាគម​ម្ចាស់ «​មូលនិធិ​សិល្បៈ​ចាស់ជរា​»​។ អ្នក​ដែល​មាន​សិទ្ធិ និង​កាតព្វកិច្ច​មើល​របាយការណ៍​ហិរញ្ញ​វត្ថុ​របស់​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម គឺ​មាន​មនុស្ស​៣​ប្រភេទ ៖ ១- ម្ចាស់​ជំនួយ ២- សមាជិក​ក្រុមប្រឹក្សាភិបាល និង​៣- សាលក្រម​តុលាការ ។

សូម​បញ្ជាក់​ថា ប្អូន អ៊ឹម ជីវ៉ា ជា​អតីត​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​សមាគម​សិល្បករ​ខ្មែរ មិន​មែន​ជា​អតីត​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម ដែល​ជា​ម្ចាស់​មូលនិធិ​ឡើយ ហើយ​បច្ចុប្បន្ន​នេះ ក៏​ប្អូន​បាន​លាឈប់​ហើយ​ដែរ​។ រាល់​របាយការណ៍​ហិរញ្ញ​វត្ថុ​រាយការណ៍​ទៅ​ម្ចាស់​ជំនួយ សុទ្ធតែ​ភ្ជាប់​ជាមួយនឹង​របាយការណ៍​សា​វន​កម្ម​ពី​ខាងក្រៅ ដើម្បី​ធានា​បាន​តម្លាភាព​។ តើ​បងប្អូន​ដែល​ឃើញ​មាន​ស្ថាប័ន​អង្គការ រឺ សមាគម​ណា​បង្ហោះ​ជា​សាធា​រណៈ​នូវ​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ខ្លួន​ទេ? តើ​ប្អូន​ធ្វើ​ក្នុង​ចេតនា​អ្វី​ឲ្យ​ពិត​ប្រាកដ?

យ៉ាងណា ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ លោក អ៊ឹម ជីវ៉ា បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា ចំពោះ​រឿង​នេះ គឺ​មិនមែន​មានរឿង​អ្វី​ដែល​គាត់​ប្តឹង​លោក​ឱ្យ​សុំ​ទោស​ជា​សាធា​រណៈ​​នោះ​ឡើយ​។

លោក​បញ្ជាក់​ថា ជា​ទូទៅ​ក្នុង​នាម​ជា​សមាជិកសមាគម​សិល្បករ​ខ្មែរ នៅ​ពេល​ដែល​យើង​លា​ឈប់ គឺ​យើង​ត្រូវ​ប្រាប់​ពី​មូលហេតុ និង​លើក​ជា​សំណូមពរ និង​សុំ​ឱ្យ​ប្រធាន​ធ្វើការ​បកស្រាយ​។ ការ​ដែល​គាត់​បកស្រាយ ឬ​មិន​បកស្រាយ​ជា​រឿង​របស់​គាត់ ខ្ញុំ​មិន​បាន​វាយប្រហារ​គាត់​ឯណា បើ​ខ្ញុំ​វាយប្រហារ​គាត់​នោះ បាន​ខ្ញុំ​ចេញ​មុខ​សុំ​ទោស​គាត់ តែ​នេះ​ជា​សំណូមពរ​ប៉ុណ្ណោះ​។

ដោយឡែក​ពាក់ព័ន្ធ​ពាក្យបណ្តឹង​របស់​លោក ហេង ឡុ​ង នោះ លោក អ៊ឹម ជីវ៉ា បាន​បញ្ជាក់​ថា លោក​មិន​មាន​អ្វី​ត្រូវ​តតាំង ក្រៅ​តែ​អំពី​ស្វែងរក​មេធាវី​ការពារ​ជន​ក្រីក្រ​មួយ​រូប ដើម្បី​ជួយ​លោក​លើ​ផ្លូវច្បាប់​នោះ​ឡើយ​។ ទោះជា​យ៉ាង​លោក អ៊ឹម ជីវ៉ា នៅ​តែ​អាច​ទទួលយក​នូវ​ការ​ចរចា​ណា​មួយ​ក្រៅ​ប្រព័ន្ធ​ច្បាប់ ព្រោះ​លោក​គឺជា​មនុស្ស​សន្តិភាព​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)