រេ​ចុះ​រេ​ឡើង​មានអី​…​ត្រឹម​មួយប៉ប្រិចភ្នែក​បាត់​ឈឹង

ខេត្តបាត់ដំបង ៖ សេ​ក្តី​រាយ​ការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​ដែល​គេ​សង្ស័យ​ថា ទំនង​ស្រវឹងស្រា​ហើយ​បាន​ជិះ​ម៉ូតូ​ទៅ​បុក​នឹង​រថយន្ត​ដែល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាស់ទិស​គ្នា កាលពី​រសៀល​ថ្ងៃ​ទី​១៦ វិច្ឆិកា​នេះ នៅ​លើ​កំណាត់​ផ្លួ​វ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​បឹង​ស្នោ ឃុំ​ធិ​បតី ស្រុក​គាស់​ក្រឡ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ចក់ ជាប់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​បឹង​ស្នោ ឃុំ​ធិ​បតី ស្រុក​គាស់​ក្រឡ ។ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ត​ចំ​ពី​ខាង​មុខ​ពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ ដែល​មានការ​អះអាង​ថា ជន​រង​គ្រោះ​ទំនងជា​ស្រវឹងស្រា​ផង ។

មន្ត្រី​ដដែល​នេះ​បាន​ប្រាប់​ថា បើ​តាម​ការ​ពិនិត្យ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ពី​លិច​ឆ្ពោះទៅ​ទិស​ខាងកើត ហើយ​បាន​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដែល​ធ្វើ​ដំណើ​ផ្ទុយ​គ្នា​មក​ពី​ទិស​ខាងកើត ។

អ្នក​បើករថយន្ត​នោះ​ឈ្មោះ ទឹម ច​ន្ថា អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​បឹង​ព្រីង ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ។ បើ​តាម​ប្រភព​ពី​សាក្សី​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ជន​រង​គ្រោះ​អាច​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង ។ គាត់​ជិះ​លឿន​គួរសម​ដែរ ហើយ​ស្ទើរ​មិន​ត្រង់​ផ្លូវ​ទៀត​ផង ដែល​គួរ​ឲ្យ​បារម្ភ​បំផុត ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ស្ថិត​ក្នុង​ស្ថានភាព​ជិះ​មិន​ប្រកាន់​ស្ដាំ​បែប​នេះ​លុះដល់​ចំណុច​កើតហេតុ ស្រាប់តែ​គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​រ៉េ​ទៅ​ខាងឆ្វេង​ដៃ​ជ្រុល​ទៅ​បុក​រថយន្ត​ចំ​ពី​ខាង​មុខ​ពេញទំហឹង បណ្ដាល​ឲ្យ​បោក​ក្បាល​ស្លាប់​នៅ​ក្បែរ​រថយន្ត​តែ​ម្ដង ។ មន្ត្រី​សណ្ដាប់ធ្នាប់​នៃ​អធិការ​ស្រុក​គាស់​ក្រឡ​ក៏​បាន​ចុះ​ទៅ​ពិនិត្យ និង​វាស់វែង​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ ក្រោយ​ពី​ទ​ទូល​បាន​សេចក្ដីរាយការណ៍ ។

បើ​តាម​មន្ត្រី​បាន​និយាយ​ថា ជន​រង​គ្រោះ​បាន​ជ្រុល​ទៅ​បុក​រថយន្ត ខណ​:​ពេល​ធ្វើ​ដំណើរ ។ នេះ​បើ​តាម​ពិនិត្យ​ស្លាកស្នាម​នៅ​កន្លែង​កើតហេតុ ។ ប៉ុន្តែ​យ៉ាងណា​ក្រោយ​ធ្វើការ​វាស់វែង​មន្ត្រី​ជំនាញ​បាន​នាំ​យក​ទាំង​រថយន្ត​ទាំង​ម៉ូតូ​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គាស់​ក្រឡ រួម​ទាំង​អ្នកបើកបរ​យន្ត​ផង ដើម្បី​ប្រគល់​ការិយាល័យ​ចរាចរណ៍​ខេត្ត​ចាត់ការ​តាម​នីតិវិធី ៕ កែសម្រួល​ដោយ​៖ សុ​ឃា​ក់