ឆ្ងល់​មិនឃើញ​មក​ហូប​បាយ​ក៏​ទៅ​ហៅ តែ​មិន​ឆ្លើយ​លុះ​បើកទ្វារ​ម្នាក់​ៗ​ស្ទើរ​គាំងបេះដូង

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ជា​អាជីវករ​លក់​ទៀប​នៅ​ផ្សារ​នាគ​មាស​ម្នាក់​បាន​ដេក​ស្លាប់​នៅ​បន្ទប់​ជួល​របស់​ខ្លួន ហើយ​ត្រូវ​បាន​អ្នក​នៅ​ក្បែរ​ប្រទះ​ឃើញ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក ថ្ងៃ​ទី​១៦ ខែ​វិ​ឆ្ឆិ​កា​នេះ នៅ​ចំណុច​ផ្ទះ​លេខ​៣៩BE1 ផ្លូវ​លេខ​២៤៣​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ។

បុរស​ដែល​ដេក​ស្លាប់​នោះ​ត្រូវ​បាន​នគរបាល​ឲ្យ​ដឹង​ថា​ឈ្មោះ ហន ហេ​ន អាយុ​៣២​ឆ្នាំ ជា​បុរស​ខ្នើយ មុខរបរ​ជា​អាជីវករ​ទិញ​-​លក់​ទៀប មាន​ស្នាក់​នៅផ្ទះ​ជួល កន្លែង​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​ភូមិ​សេក​សក ឃុំ​ផ្លូវ​មាស ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង ។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​អ្នក​ជួល​ផ្ទះ​ជាមួយ​គ្នា​មិនឃើញ​ក្រោក​ដូច​សព្វដង​ក៏​បាន​ទៅ​ដាស់​ហូប​បាយ​ពេល​ព្រឹក មិនឃើញ​ឆ្លើយ​ក៏​បាន​ទៅ​បើកទ្វារ​ស្រាប់តែ​ប្រទះ​ឃើញ​ស្លាប់​បាត់​ទៅ​ហើយ ។ ទោះបីជា​យ៉ាងណា​គេ​ពុំ​ដឹង​ថា អាជីវករ​រូប​នោះ​ស្លាប់​តាំងពី​ពេល​ណា​នោះ​ទេ ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា នៅ​វេលា​យប់​ថ្ងៃ​ទី​១៥ ខែ​វិ​ឆ្ឆិ​កា អា​ជីករ​រូប​នោះ​បាន​ចូល​ដេក​នៅ​វេលា​ម៉ោង​ប្រមាណ​៨​យប់ ហើយ​ព្រឹក​ឡើង​ស្រាប់តែ​ស្លាប់​បាត់បង់​ជី​វីត​តែ​ម្តង ។ នៅ​ព្រឹក​នោះ​ដែល នគរបាល​ជំនាញ​បាន​ចុះ​ទៅ​ត្រួតពិនិត្យ ដើម្បី​រក​ពី​មូលហេតុ​នៃ​ការ​ស្លាប់ ។

តាម​ការ​ត្រួត​ព​និត្យ​នគរបាល​បាន​ឲ្យ​ដឹង​ថា អាជីវករ​រូប​នោះ​ស្លាប់​ដោយសារ​តែ​គាំងបេះដូង ។ សព​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់