រាជធានីភ្នំពេញ ៖ «ផ្ការំដួល» លេចធ្លោឡើងដោយប្រណីតភាពនៃសម្រស់ និងក្លិន ហើយត្រូវបានលើកតម្កើងជា «ផ្កានិមិត្តរូបជាតិ» ។ ផ្ការំដួលក៏រំលេចឡើងដែរ តាមរយៈបទចម្រៀងថ្មីមួយចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះហើយ ។ តាមរយៈផេកហ្វេសប៊ុក Ma Chanpanha- ម៉ា ច័ន្ទបញ្ញា សូមស្ដាប់បទ«ផ្ការំដួល»ពីរោះគាប់ត្រចៀកទេ ?

បទ «ផ្ការំដួល» និពន្ធទំនុកច្រៀង និងបទភ្លេងដោយលោកសំ សុភារិន្ទ និងច្រៀងដោយលោកម៉ា ច័ន្ទបញ្ញា ។ បទ«ផ្ការំដួល» ជានិមិត្តរូបារម្មណ៍មួយនាំអារម្មណ៍អ្នកស្ដាប់ឲ្យហាក់ឃើញសម្រស់ ពណ៌ និងក្លិននៃផ្ការំដួល តាមរយៈទឹមដមសំនៀងរបស់ម៉ា ច័ន្ទបញ្ញា។ បទចម្រៀងដែលតម្កល់តម្កើងផ្កានិមិត្តរូបជាតិមួយនេះ ហើយក៏ជាបទដែលទាំងអ្នកនិពន្ធ និងអ្នកច្រៀង ត្របាញ់វេញទេពកោសល្យចង់បំពេញចិត្តអ្នកស្ដាប់ ។ វ័យណា ឋានៈណា បទផ្ការំដួល មិនបែងចែកសម្រាប់ការស្ដាប់កម្សាន្តនោះទេ ។
រំដួលផ្កាដែលសក្ដិសមចាត់ទុកជាផ្កានិមិត្តរូបជាតិ ហើយក៏សក្ដិសមដែលតម្កើងតាមរយៈចម្រៀង គឺបទ«ផ្ការំដួល» ។

លោកសំ សុភារិន្ទ «ប្រលោមលោក កំណាព្យ… វាហាក់ថ្នឹកដៃសម្រាប់ខ្ញុំ តែជាលើកដំបូងហើយដែលសាកល្បងរាវរកបទភ្លេងថ្មីមួយនេះ វាជាការលំបាកខ្លាំង ហើយព្យាយាមប្រមាណ៣រាត្រី ។ តន្ត្រីករ គឺជាអ្នកជួយសម្រួលឲ្យចេញជាសាច់បទភ្លេងមួយនេះឡើង ។ ម៉ា ច័ន្ទបញ្ញា ជាអ្នកច្រៀងផ្ទាល់ក៏ជួយសម្រួលរបៀបច្រៀង បន្ថែមភាពពីរោះចំពោះបទនេះ ។ស្ថិតក្នុងកម្រិតណា ក៏វាជាមោទនភាពមួយចំពោះស្នាដៃដំបូងបង្អស់របស់ខ្ញុំនេះ» ។
ជាទូទៅអ្នកនិពន្ធបទភ្លេងប្រើប្រាស់ឧបករណ៍តន្ត្រីដើម្បីរាវរកបទ និងភាពពីរោះរបស់វា ចំណែកលោកសំ សុភារិន្ទ ប្រើប្រាស់មាត់របស់លោកច្រៀង ចុះឡើងៗទៅតាមទំនុកដែលលោកតែងរួច ហើយថតទុកតាមទូរស័ព្ទ ។ លុបចោលច្រើនលើក ច្រើនសា ទម្រាំបានលំនាំច្រៀងមួយសមល្មមចិត្តហើយ ទើបរក្សាវាទុក។ លោកយកលំនាំច្រៀងនេះឲ្យអ្នកជំនាញខាងតន្ត្រីជួយសម្រួលឲ្យចេញជាសាច់បទភ្លេងមួយឡើង ។
ម៉ា ច័ន្ទបញ្ញា ទាំងនិពន្ធ ទាំងច្រៀង គឺជាជំនាញរបស់លោក ហើយលោកថា បន្ទាប់ពីបានស្ដាប់របៀបច្រៀងដើមនៃបទ «ផ្ការំដួល» លោកជួយកែច្នៃ ខ្លះៗប្រាថ្នាចង់ឲ្យវាកាន់តែពីរោះឡើង។ អ្នកនិពន្ធផ្ទាល់ពេញចិត្តចំពោះការជួយបន្ថែមភាពពីរោះទៅលើបទនេះ ។
តន្ត្រីករដែលជួយសម្រួល និងដំឡើងសាច់ភ្លេង សម្ដែងក្ដីរីករាយដែលបានជួយឲ្យចេញជាបទភ្លេងអាចច្រៀងចេញជាបទចម្រៀងមួយបទឡើង ។ ទម្រាំឲ្យចេញជាសាច់បទភ្លេង គឺលោកបានជួយសម្រួលពីទម្រង់ដើមរបស់អ្នកនិពន្ធ ពីលក្ខណៈ ឡើងចុះៗតាមអារម្មណ៍របស់អ្នកនិពន្ធ ឲ្យវារលូនទៅតាមលក្ខណៈបទតន្ត្រី ។
ចំណែកមួយនៃបទ «ផ្ការំដួល» ដែលតែងនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ អ្នកនិពន្ធសំ សុភារិន្ទ ចង់ឲ្យមហាជនខ្មែរ ក៏ដូចជាជនបរទេស ស្គាល់ច្បាស់ថា ផ្ការំដួលជានិមិត្តរូបជាតិកម្ពុជា ហើយក៏ដូចជារួមចំណែកជួយផ្សាយជាមួយក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ ផងដែរ ។ ប្រទេសកម្ពុជាបានកំណត់យក «ផ្ការំដួល» ជាផ្កាតំណាងអត្តសញ្ញាណរបស់ជាតិ តាមព្រះរាជក្រឹត្យចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ។
ទាំងអ្នកនិពន្ធ និងអ្នកច្រៀង ផ្ដល់ជូនប្រិយមិត្តអ្នកស្ដាប់នូវបទ«ផ្ការំដួល» ហើយប្រាថ្នាឲ្យទទួលយកគ្រាន់ជាគ្រឿងកម្សាន្តអារម្មណ៍ដោយរីករាយ ឬស្ដាប់គ្រាន់ជាការលើកទឹកចិត្តចំពោះការខំប្រឹងប្រែងបង្កើតស្នាដៃសិល្បៈមួយនេះ ៕ (កែសម្រួលដោយ ៖ បុប្ផា)


