កម្ពុជា​ត្រៀម​នឹង​អនុម័ត​ច្បាប់​ស្តី​ពី​ការ​ប្រកួតប្រជែង​នា​ឆ្នាំ​២០២០ ឱ្យ​ស្រប​នឹង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន

រាជធានី​ភ្នំពេញ​៖ ច្បាប់​ស្ដី​ពី​ការ​ប្រកួតប្រជែង នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ​ការ​ធ្វើ​ពាណិជ្ជកម្ម ការ​លើកកម្ពស់​ទីលាន​ប្រកួតប្រជែង​ដោយ​ស្មើភាព ការ​បង្កើត​ធុរកិច្ច​ថ្មី​ៗ និង​ការ​ការពារ​ផលប្រយោជន៍​អ្នក​ប្រើប្រាស់ ស្រប​តាម​ការ​វិវត្តន៍​បច្ចេកវិទ្យា ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក និង​បម្រែបម្រួល​បរិយាកាស​ធុរកិច្ច​។ នេះ​បើ​យោង​តាម​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​។

​ថ្លែង​នៅ​ក្នុង​សន្និសីទ​អាស៊ាន​កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ស្តី​ពី​ការ​ប្រកួតប្រជែង​លើក​ទី​៨ ក្រោម​ប្រធានបទ​ការ​ឈាន​ទៅ​រក​គោលដៅ និង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម លោក ប៉ាន​សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​មាន​ប្រសាសន៍​ថា «​នៅ​ក្នុង​ផែនការ​សកម្មភាព​របស់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​២០០៧ ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​បាន​ប្ដេជ្ញា​ចិត្ត ក្នុង​ការ​រៀបចំ​ឱ្យ​មានច្បាប់​ប្រកួតប្រជែង​របស់​ខ្លួន ហើយ​មក​ទល់​ពេល​នេះ មាន​តែ​កម្ពុជា​ប៉ុណ្ណោះ​ដែល​មិន​ទាន់​មានច្បាប់​ប្រកួតប្រជែង​នៅឡើយ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្ដី ក្រសួងពាណិជ្ជកម្ម​សង្ឃឹម​យ៉ាង​មុតមាំ​ថា សេចក្តីព្រាងច្បាប់​ស្តី​ពី​«​កិច្ចការ​ប្រកួតប្រជែង​»​នេះ នឹង​ត្រូវ​បាន​អនុម័ត​ជា​ស្ថាពរ​នា​ដើមឆ្នាំ​២០២០ ឱ្យ​ស្រប​ជាមួយនឹង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ដ៏​ទៃ​ទៀត​»​។

លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​បន្ថែម​ថា ក្រសួងពាណិជ្ជកម្ម​សម្រេច​បានការ​អនុម័ត​ពី​រដ្ឋសភា​និង​ព្រឹទ្ធសភា លើ​ច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក និង​ច្បាប់​ស្តី​ពី​កិច្ច​ការពារ​អ្នក​ប្រើប្រាស់ ហើយ​បើ​រួម​ជាមួយនឹង​ច្បាប់​ស្តី​ពី​ការ​ប្រកួតប្រជែង ដែល​នឹង​ត្រូវ​អនុម័ត​នា​ពេល​ខាង​មុខ ច្បាប់​ទាំងនោះ​នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ​ការ​ធ្វើ​ពាណិជ្ជកម្ម ការ​លើកកម្ពស់​ទីលាន​ប្រកួតប្រជែង​ដោយ​ស្មើភាព ការ​បង្កើត​ធុរកិច្ច​ថ្មី​ៗ និង​ការ​ការពារ​ផលប្រយោជន៍​អ្នក​ប្រើប្រាស់ ស្រប​តាម​ការ​វិវត្តន៍​បច្ចេកវិទ្យា ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក និង​បម្រែបម្រួល​បរិយាកាស​ធុរកិច្ច ដែល​កំពុង​កើនឡើង​ឥត​ឈប់​ឈរ​។ លើស​ពី​នោះ ច្បាប់​និង​គោលនយោបាយ​ប្រកួតប្រជែង ជា​កត្តា​សំខាន់​មួយ​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​បរទេស​មក​វិនិយោគ​ក្នុង​ប្រទេស ក៏​ដូច​ជា​ក្នុង​តំបន់​អាស៊ាន​ទាំងមូល ព្រមទាំង​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​ប្រើប្រាស់​នូវ​ទំនិញ​និង​សេវា ដែល​មាន​ជម្រើស​ច្រើន គុណភាព​ខ្ពស់ និង​តម្លៃ​ទាប​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង បង្កើន​ផលិតភាព​និង​ការ​ច្នៃប្រឌិត ដែល​ជា​ធាតុ​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។

​ទាក់ទង​នឹង​ការ​អនុវត្ត​នា​ពេល​អនាគត បើ​តាម​លោក​រដ្ឋមន្ត្រី​យល់​ឃើញ​បញ្ហា​មួយ​ចំនួន​ដែល​ទាមទា​ឱ្យ​មានការ​ចែករំលែក​បទ​ពិសោធន៍ និង​ចំណេះដឹង​រវាង​ស្ថាប័ន​ប្រកួតប្រជែង​ថ្មី និង​ស្ថាប័ន​ប្រកួតប្រជែង​ដែល​មាន​ស្រាប់ និង​មាន​ភាព​ចាស់ទំ​។ បញ្ហា​ថ្មី​ៗ​ទាំងនោះ គឺ​ពាក់ព័ន្ធ​ដល់​ការ​ប្រកួតប្រជែង ដែល​អាច​កើត​មាន​ឡើង​ក្នុង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ដោយសារ​ការ​អភិវឌ្ឍ​យ៉ាង​លឿន​នៃ​បច្ចេកវិទ្យា​និង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ទម្រង់​នៃ​ការ​ធ្វើ​ធុរកិច្ច​ថ្មី​ៗ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ប្រកួតប្រជែង​គ្នា​រវាង​ក្រុមហ៊ុន​នៅ​ក្នុង​ទីផ្សារ ដែល​ជា​សញ្ញាណ​ថ្មី​ដល់​ស្ថាប័ន​អនុវត្ត​ច្បាប់​ប្រកួតប្រជែង ដើម្បី​ធានា​ថា​មានការ​ប្រកួតប្រជែង​ដោយ​ស្មើភាព ទោះ​ស្ថិត​នៅ​ក្នុង​ទម្រង់​ប្រភេទ​ណា​ក៏​ដោយ ទាំង​ក្នុង​ទីផ្សារ​ជាក់ស្តែង និង​ទីផ្សារ​អន​ឡាញ​។

លោក​លើក​ឡើង​ថា ស្ថាប័ន​ប្រកួតប្រជែង​ទាំងអស់​នៅ​ក្នុង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ត្រូវ​បន្ត​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ទាំង​ផ្នែក​បច្ចេកទេស ចំណេះដឹង និង​ការ​ចែករំលែក​ព័ត៌មាន ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​នានា ដែល​រារាំង រិ​ត​ត្បិត និង​បង្ខូច​ដល់​ការ​ប្រកួតប្រជែង ទាំង​ក្នុង​ប្រទេស​និង​តំបន់ គឺថា មាន​តែ​កិច្ចសហការ និង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ទើប​អាច​សម្រេច​បាន​នូវ​គោលដៅ ជម្នះ​បាន​នូវ​ឧបសគ្គ ក៏​ដូច​ជា​បញ្ហា​ប្រឈម​នានា សម្រាប់​ការ​រីក​ចំរើន​ទាំងអស់​គ្នា តាម​រយៈ​ការ​ជំរុញ​បរិយាកាស​ប្រកួតប្រជែង​ផ្នែក​ធុរកិច្ច​នៅ​ក្នុង​តំបន់​។

​លោក ម៉ៃ​ឃើ​ល ថេ​នេ អគ្គលេខាធិការ​រង​អាស៊ាន បាន​លើក​ឡើង​អំពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​លើ​ការងារ​ប្រកួតប្រជែង​។ ក្នុង​ប្រធានបទ​នោះ អគ្គលេខាធិការ​រង បាន​លើក​ឡើង​ថា ការ​អនុវត្ត​គោលនយោបាយ​ប្រកួតប្រជែង​នឹង​លើកកម្ពស់​នវានុវត្តន៍ និង​ការ​ចូលរួម​នៃ​ផលិតកម្ម​ក្នុង​តំបន់​ទៅ​ក្នុង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​សកល ហើយ​ដើម្បី​សម្រេច​បាន​គោលដៅ​ទាំងនោះ ក្រុមការងារ​មួយ​ហៅ​ថា ក្រុម​ជំនាញការ​កិច្ចការ​ប្រកួតប្រជែង​អាស៊ាន (ASEAN Experts Group on Competition – AEGC) ត្រូវ​បាន​បង្កើត​ឡើង​។ ជាមួយ​នោះ​ដែរ ក្រុមការងារ​នេះ ក៏​ទទួលខុសត្រូវ​លើ​ការ​សម្រេច​បាន​នូវ​គោលដៅ​យុទ្ធសាស្ត្រ​ចំនួន ៤ ទៀត​គឺ ការ​ពង្រឹង​បរិយាកាស​ច្បាប់​ប្រកួតប្រជែង​នៅ​អាស៊ាន ការ​អភិវឌ្ឍ​សមត្ថភាព​ស្ថាប័ន​ប្រកួតប្រជែង កិច្ច​សហប្រតិបត្តិការ​ឆ្លង​ព្រំដែន​រវាង​ស្ថាប័ន​ប្រកួតប្រជែង និង​ការ​ធ្វើ​សុខដុម​នី​យ​កម្ម​ច្បាប់​ប្រកួតប្រជែង​នៅ​អាស៊ាន​៕ កែសម្រួលដោយ ​​៖ សុឃាក់