ខេត្តកំពង់ចាម ៖ តើជឿទេថា បារមីលោកយាយទេពនៅវត្តសាគរកោះកំពង់ត្រុំ មានបារមីឆុងជាមួយអ្នកមានបុណ្យសក្តិធំៗ ឬអ្នកមានងារជាឧកញ៉ា អ្នកមានមុខតំណែងចាប់ពីថ្នាក់ស្រុកឡើងទៅមិនហ៊ានចូលក្នុងវត្តសាគរកោះកំពង់ត្រុំ ដោយចាញ់បារមីលោកយាយទេពបងយាយម៉ៅ បើអ្នកធំណាហ៊ានចូលទៅក្នុងវត្តសាគរកោះកំពង់ត្រុំ គឺត្រូវចាញ់ឬទ្ធីបារមីលោកយាយបងយាយម៉ៅ គឺអស់បុណ្យរបូតសក្តិធ្លាក់មុខតំណែង គ្មានអ្នកធំ ឬចៅហ្វាយស្រុកចៅហ្វាយខេត្ត និងរដ្ឋមន្ត្រីណាហ៊ានចូលទៅក្នុងវត្តសាគរកោះកំពង់ត្រុំនោះឡើយដោយខ្លាចបារមីលោកយាយទេពបងយាយម៉ៅនេះ សូម្បីចូលទៅកសាងសមិទ្ធិផលនានាក្នុងវត្ត គឺគ្មានអ្នកធំរូបណាហ៊ានទៅកសាងទេ ។

ការកសាងវត្តកន្លងមក គឺមានតែប្រជាពុទ្ធបរិស័ទចំណុះជើងវត្តសាគរកោះកំពង់ត្រុំទេ រួមគ្នាកសាងសមិទ្ធិផលនានាក្នុងវត្ត ។ បើតាមលោកតាចាស់ព្រឹទ្ធាចារ្យគណកម្មការវត្តសាគរកោះកំពង់ត្រុំបានឲ្យដឹងថា វត្តនេះមានអាយុរាប់រយឆ្នាំមកហើយ មុន និងកសាងវត្តសាគរកោះកំពង់ត្រុំនេះឡើងពីដើមឡើយជាទួលមួយនៃកោះប៉ែន ហើយលោកយាយទេពអង្គនេះមានឬទ្ធីបារមីខ្លាំងពូកែណាស់ មាននាមថា លោកយាយបាកាន គឺជាបងស្រីលោកយាយម៉ៅមានឬទ្ធីបារមីខ្លាំងពូកែស័ក្ដិសិទ្ធិគ្រប់គ្រងនៅទិសឧត្តរទិសឦសាន្ត អ្នកស្រុកមិនដែលហ៊ានហៅនាមចំឈ្មោះទេ ចាស់ទុំហៅឈ្មោះថា លោកយាយបងយាយម៉ៅ ចាស់ទុំពីបុរាណបានធ្វើអាស្រម និងរូបសំណាកលោកយាយបាកាន ឬបងលោកយាយម៉ៅនៅក្នុងវត្តសាគរកោះកំពង់ត្រុំ ស្ថិតនៅភូមិកោះប៉ែន ឃុំកោះមិត្តស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ចាស់ទុំពីបុរាណតែងតំណាលតៗគ្នាថា ចំពោះអ្នកមានបុណ្យសក្តិធំ គឺមិនហ៊ានចូលទៅក្នុងវត្តសាគរកោះកំពង់ត្រុំទេ បើចូលទៅហើយភ្លេចមិនបានគោរពបូជា ឬមិនបានអុជធូបទៀនបូជាទេ គឺត្រូវអស់បុណ្យ អស់សក្តិរបូតមុខតំណែង ទើបអ្នកធំអ្នកមានបុណ្យសក្តិមិនហ៊ានទៅចូលក្នុងវត្តសាគរកោះកំពង់ត្រុំទេ ចាញ់ឬទ្ធីបារមីបងយាយម៉ៅ ។

ចាស់ទុំបានឲ្យដឹងថា គ្មានអ្នកធំអ្នកតូចណាហ៊ានហៅចំឈ្មោះទេ ខ្លាចឬទ្ធីបារមី រហូតមកដល់បច្ចុប្បន្ននេះ គឺគ្មានអ្នកធំ ឬអ្នកមានបុណ្យសក្តិមានងារជាអ្នកឧកញ៉ាណាម្នាក់ហ៊ានចូលទៅក្នុងវត្តសាគរកោះកំពង់ត្រុំឡើយ និយាយឲ្យងាយយល់ គឺឆុងតែម្តងបើមិនជឿកុំប្រមាថ ៕ កែសម្រួលដោយ ៖ សុឃាក់


