ពន្ធនាគារ​ទំនើប​ដំបូង​…​ក្នុង​បរិវេណ​គុក​ព្រៃ​ស

1249

រាជធានី​ភ្នំពេញ ៖ អគារ​ពន្ធនាគារ​ថ្មី​នៅ​បរិវេ​ណ​ពន្ធនាគារ​ព្រៃ​ស ​ដែល​បញ្ចប់​ការ​សាងសង់ និង​​ត្រូវ​បាន​ក្រុម​ហ៊ុន​ប្រគល់​ឱ្យ​ក្រសួងមហាផ្ទៃ និង​បាន​ផ្តល់​បន្ត​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារបើក​ទ្វារ​រាល់​ដំណើរការ​ក្នុង​ពន្ធ​នាគារ​ថ្មី​នេះ បាន​ចាប់ផ្តើម​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ហើយ ។ អគារ​ពន្ធនាគារ​ថ្មី​នេះ ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ក្រុមហ៊ុន​គន្ធ​រី​ខុន​ហូល​ឌី​ង និង​បានប្រគល់​ការ​គ្រប់គ្រង​ដល់​អគ្គនាយកដ្ឋាន​ពន្ធ​នាគារ ក្រសួង​មហា​ផ្ទៃ កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ។

Loading...

អគារ​ពន្ធនាគារ​ថ្មី​នេះ នឹង​ផ្តល់​ភាព​ងាយស្រួល​ជាង​អគារ​ពន្ធនាគារ​ចាស់ និង​ជួយ​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​នៃ​ចំនួន​អ្នកទោស​ផង​ដែរ ។អគារ​ពន្ធនាគារ​ថ្មី​ខា​ងើ់ ស្ថិត​នៅ​ក្នុង​បរិវេណ​ពន្ធនាគារ​ព្រៃ​ស ក្នុង​ខណ្​ឌដង្កោ ត្រូវ​បាន​សាងសង់​លើ​ផ្ទៃដី​ទំហំ​១,៥​ហិ​កតា ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​៤១​លាន​ដុល្លារ​អា​មេ​រិ​ក

ដំបូង​ឡើយ អគារ​ពន្ធនាគារ​ថ្មី​នេះ ត្រូវ​បាន​ចុះ​កិច្ចសន្យា​សាងសង់ ដំណើរការ និង​ផ្ទេរ​ជាមួយ​ក្រុមហ៊ុន
គន្ធ រី​ខុន ហូល​ឌី​ង ក្នុង​រយៈពេល​៤៥​ឆ្នាំ ។ ប៉ុន្តែ​បន្ទាប់​ពី​សាងសង់​រួចរាល់ អគារ​ពន្ធនាគារ​ថ្មី​នេះ​ត្រូវ​បាន​អគ្គនាយកដ្ឋាន​ពន្ធនាគារ ក្រសួងមហាផ្ទៃ ទិញ​ផ្តាច់​ពី​ក្រុមហ៊ុន យក​មក​គ្រប់គ្រង​ដោយ​ខ្លួនឯង​វិញ ។

មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធនាគារ មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​ការ​សាងសង់​អគារ​ពន្ធនា​គារ​ថ្មី​នេះ​បាន​នៅឡើយ​ទេ ប៉ុន្តែ​កន្លង​មក អគ្គនាយកដ្ឋាន​ពន្ធនាគារ​ធ្លាប់​បាន​គូសបញ្ជាក់​ថា អគារ​ពន្ធនាគារ​ថ្មី​នេះ​ត្រូវ​បាន​សាងសង់​ឡើង ដើម្បី​សម្រាល​ចំនួន​អ្នកទោស​ក្នុង​ពន្ធនាគារ​នៅ​រាជធានី​ភ្នំពេញ​សព្វថ្ងៃ​ដែល
ផ្ទុក​អ្នកទោស​យ៉ាង​ចង្អៀត​ណែន ។ អគារ​ពន្ធនាគារ​ថ្មី​នេះ​មាន​លក្ខណៈ​ទំនើប និង​ផ្តល់​ភាព​ងាយស្រួល​ជាង​អគារ​ពន្ធនាគារ​ចាស់ ដោយ​អាច​ផ្ទុក​អ្នកទោស​បាន​ប្រមាណ​៤០០​នាក់ ។

សូម​បញ្ជាក់​ថា អគារ​ពន្ធនាគារ​ទំនើប​ដែល​ទើប​មាន​លើក​ដំបូង​នៅ​កម្ពុជា​នេះ ត្រូវ​បាន​សាងសង់​ឡើង​​ដោយ​មាន​បំពាក់​ប្រព័ន្ធ​សន្តិសុខ​ខ្ពស់​ដែល​អាច​គ្រប់គ្រង​សន្តិសុខ​ក្នុង​ពន្ធនាគារ​បានយ៉ាង​តឹងរ៉ឹង​បំផុត ព្រោះ​បាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​សម្រាប់​ការ​ត្រួតពិនិត្យ ។ បន្ថែម​លើ​នេះ ពន្ធនាគារ​ថ្មី​នេះ ក៏​នឹង​ផ្តល់​ផាសុក​ភាពល្អ​ជាង​ពន្ធនាគារ​ផ្សេង​ៗ ព្រម​ជាមួយនឹង​ការ​ផ្តល់​សេវា​អប់រំផ្លូវចិត្ត ការ​អប់រំ​ផ្តាច់​គ្រឿងញៀន និង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផ្សេង​ៗ​ថែម​ទៀត ។

កន្លង​ទៅ អគ្គនាយកដ្ឋាន​ពន្ធនាគារ​ធ្លាប់​បានអះអាង​ថា អ្នកទោស​ដែល​អាច​សុំ​ផ្ទេរ​មក​ពន្ធ​នាគារ​ទំនើប​នេះ​បាន គឺ​តម្រូវ​ឱ្យ​មានការ​បង់ប្រាក់ ។ប៉ុន្តែ​ទោះជា​បែប​នេះ​ក្តី អគ្គនាយកដ្ឋាន​ពន្ធនាគារបាន​សង្កត់ធ្ងន់​ថា ថ្វី​ដ្បិត​អគារ​ពន្ធនាគារ​ថ្មី​នេះ ផ្តល់​ភាព​ងាយស្រួល​ខ្លះ​ដល់​អ្នក​ជាប់​ឃុំ ប៉ុន្តែ​ពួកគេ​នៅ​តែ​ជា​អ្នកទោស​ដែល​ត្រូវ​ដកហូត​សិទ្ធិ​សេរីភាព​ដូច​អ្នកទោស​ដទៃ​ទៀត​ដែរ ។

គួរ​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ​ចំនួន​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ទូ​ទាំង​ប្រទេស​មានជាង​៣៦.៦០០​នាក់ ក្នុង​នោះ​ស្រី​ជាង​៣.០០០នាក់ ដែល​ភាគច្រើន​ជា​បទល្មើស​គ្រឿងញៀន ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក នុ​ត សវ​នា អគ្គនាយករង​ពន្ធនាគារ និង​ជា​អ្នកនាំ​ពាក្យ​អគ្គនាយក​ពន្ធនាគារ ។ បើ​តាម​លោក នុ​ត សវ​នា ចំនួន​អ្នក​ជាប់​ឃុំ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី​១«​ម​១» មាន​ចំនួន​៩.៤៥០​នាក់ និង​មណ្ឌល​អប់រំ​កែប្រែ​ទី​២ «​ម​២» ហៅ​ថា​គុក​ព្រៃ​ស មាន​ចំនួន​១.៨៥៥​នាក់ ៕