កសិករ​ក្រៅពី​ធ្វើស្រែ​ចម្ការ​គាត់​ឆ្លៀត​ដាំ​ដំណាំ​ផង និង​ចិញ្ចឹម​ជន្លេន​ក្រហម​ផង​អាច​ក្លាយជា​អ្នក​មានបាន

ខេត្តកំពង់ឆ្នាំង ៖ កសិករ​មួយ​គ្រួសារ​រស់​ក្នុងភូមិ​ទំនប់ ឃុំ​ត្រងិល ស្រុក​កំពង់លែង បាន​បង្កើត​មុខរបរ​បន្ថែម​មួយទៀត​ក្រៅពី​ការងារ​ស្រែ​ចម្ការ គឺ​ការ​ចិញ្ចឹម​ជន្លេន​ក្រហម និង​ដាំ​ដំណាំ​គ្មាន​សារធាតុ​គីមី​បន្តិចបន្តួច​លក្ខណៈ​គ្រួសារ​នៅ​ជុំវិញ​ផ្ទះ ។ ប៉ុន្តែ​ពេល​នេះ​ដោយសារ​តែ​មាន​ទំនុកចិត្ត​ប្រធាន​ការិយាល័យ​កសិកម្ម ស្រុក​កំពង់លែង បាន​ប្រគល់​ដី​ជូន​គាត់​ចំនួន​ជាង​កន្លះ​ហិ​កតា ដើម្បី​ឲ្យ​បង្កបង្កើន​ផល​ដាំ​ដំណាំ សិរី​រា​ង្គ គ្មាន​សារធាតុ​គីមី បង្កើន​ជីវភាព​គ្រួសារ ។

Loading...

លោក ម៉ក់ ថា អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទំនប់ ឃុំ​ត្រងិល ស្រុក​កំពង់លែង បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កន្លង​ទៅ​គាត់​ធ្លាប់​ទទួល​ការ​បណ្ដុះបណ្ដាល​ការ​ដាំ​ដំណាំ គ្មាន​សារធាតុ​គីមី ពី លោក​ប្រធាន​ការិយាល័យ​កសិកម្ម ស្រុក​កំពង់លែង រួម​ទាំង​ការ​ចិញ្ចឹម​ជន្លេន​ក្រហម​ផង​ដែរ ។ ប្រធាន​ការិយាល័យ​កសិកម្ម​ស្រុក​ក៏​បាន​ផ្ដល់​ដីស្រែ​ឲ្យ​គាត់​ចំនួន​ប្រមាណ​ជាង​កន្លះ​ហិ​កតា ដើម្បី​ធ្វើការ​ដាំ​បន្លែ​គ្មាន​សារធាតុ​គីមី បើ​គិត​មក​ដល់​ពេល​នេះ បន្លែ​មួយ​ចំនួន​បាន​ប្រមូល​ផល​មួយ​សារ​ហើយ ។ បន្លែ​ដែល​គាត់​បាន​ដាំ​មាន ស្ពៃ សណ្ដែកកួរ ត្រកួន ភ្លៅកង្កែប និង​ម្រះ​ជាដើម ។ ក្រៅពី​នោះ​នៅ​មាន​ដាក់​ចិញ្ចឹម​ជន្លេន​ក្រហម​ជា​បន្ត​ទៀត​ផង​ដែរ ។

លោក ម៉ក់ ថា បាន​បញ្ជាក់​ថា ដី​ដែល​គាត់​ទទួល​ដាំ​បន្លែ​នៅ​ពេល​នេះ កាល​ដើម គឺជា​ដី ស្រែ​ធម្មតា ប៉ុន្តែ​ពេល​នេះ​បាន​ប្រែ​ក្លាយជា​ចម្ការ​វិញ​ដែល​ពេល​នេះ​គាត់​កំពុង​តែ​ដាំ​ដំណាំ​គ្មាន​សារធាតុ​គីមី ។ ចំពោះ​ជី​ដែល​គាត់​បាន​ប្រើ គឺជា​ជីកំប៉ុស ក្នុង​នោះ​មាន​លាមក​គោ លាមក​មាន់ ផេះ អង្កាម កាក​កាហ្វេ និង​សំណល់​ផ្ទះបាយ​ជាដើម ។ បន្លែ​របស់​គាត់​លូតលាស់​មិន​ចាញ់​បន្លែ​ដែល​គេ​ប្រើ​ជីគីមី​នោះ​ទេ ប៉ុន្តែ​បន្លែ​មាន​សារធាតុ​គីមី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ហេតុនេះ​ហើយ​ក្នុង​នាម​លោក​ជា​កសិករ​មួយ​រូប សូម​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ប្តូរ​គំនិត​មក​ដាំ​បន្លែ​គ្មាន​សារធាតុ​គីមី​វិញ ដើម្បី​សុខភាព​ទាំងអស់​គ្នា ។

សូម​បញ្ជាក់​រំ​ឮ​កថា ៖ កសិករ​ឈ្មោះ ម៉ក់ ថា កន្លង​ទៅ​ទទួល​ជោគជ័យ​ក្នុង​ការ​ចិញ្ចឹម​ពូជ​ជន្លេន​ក្រហម ហើយ​ត្រូវ​បាន​អតិថិជន​ទំនាក់ទំនង​ទិញ​ជា​ច្រើន ដើម្បី​យក​ទៅ​ចិញ្ចឹម​បន្ត ព្រោះតែ​ជន្លេន​ក្រហម​នេះ​ជា​ប្រយោជន៍​សម្រាប់​ជា​ចំណី​ត្រី ចំណី​មាន់ ធ្វើ​ឲ្យ​មាន​សុខភាព​ព្យាបាល​ជំងឺ និង​ដី​ដែល​ដាក់​ចិញ្ចឹម​យក​មក​ធ្វើ​ជី​ដាក់​ដំណាំ​ផ្សេង​ៗ​ជាដើម​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់