ច​ម្ង​ល់ជា​ច្រើន​​ទាក់ទង​នឹង ការ​ថត​កាំរស្មី​អុិច​​នៅ​ទ្រូង

159

ការ​ថតកាំរស្មីអ៊ិច​នៅ​ទ្រូង ច្រើន​តែ​ត្រូវ​បាន​គ្រូពេទ្យ​ណែនាំ​ឲ្យ​ថត​ដើម្បី​បញ្ជាក់​ថា មាន​អ្វី​ខុស​ប្រក្រតី​ចំពោះ​បេះដូង ឬ​សួត​ឬ​អត់​។ ដោយសារ​តែ​ការ​ថត​កាំរស្មី​នេះ​មាន​ល្បឿន​លឿន និង​ងាយ​ស្រួល ដូច្នេះ​វា​ពិតជា​អ្វី​ដែល​គ្រូពេទ្យ​ចង់​ឲ្យ​ធ្វើ​ដើម្បី​កំណត់​រោគវិនិច្ឆ័យ​បានជា​បន្ទាន់​។

Loading...

យ៉ាងណាមិញ មានរឿង​ច្រើន​ជាង​កាំរស្មីអ៊ិច​ទៅ​ទៀត​ដែល​ជ្រៀតចូល​ទៅ​ក្នុង​រាង​កាយ​របស់​មនុស្ស​យើង​ទើប​បង្កើត​បានជា​រូបភាព​ខាងក្នុង​ខ្លួន​បែប​នេះ​។​ដូច្នេះ បើសិនជា​អ្នក​កំពុង​តែ​ឆ្ងល់​តើ​គេ​ធ្វើ​វា​ដូច​ម្តេច ត្រូវ​រៀបចំ​ខ្លួន​បែប​ណា អត្ថប្រយោជន៍ និង​ការ​ប្រឈម​មុខ​ដូច​ម្តេច​ខ្លះ​នោះ សូម​តាមដាន​ជាមួយ​ខ្ញុំ​ដូច​តទៅ​៖

១-ហេតុ​អ្វី​គ្រូពេទ្យ​ណែនាំ​ឲ្យ​ថតកាំរស្មីអ៊ិច​នៅ​ទ្រូង?
វា​គឺជា​វិធី​កំណត់​រោគវិនិច្ឆ័យ​ជំងឺ​មួយ​ប្រភេទ​ដែល​មិន​មាន​អ្វី​ប៉ះពាល់​ដល់​សុខភាព​ឡើយ​តាម​រយៈ​ការ​ប្រើ​រ៉ៃ​យ៉ុ​ង​អ៊ិ​ច​កម្រិត​តិចតួច​ដើម្បី​ផ្តិត​យក​រូបភាព​បេះដូង សួត ផ្លូវដង្ហើម និង​ឆ្អឹង​របស់​ឆ្អឹង​កង​ខ្នង និង​ទ្រូង​។ បើសិនជា​អ្នកមាន​បញ្ហា​ពិបាក​ដកដង្ហើម ឈឺទ្រូង ក្តៅខ្លួន ឬ​ក្អក​ជាប់​រហូត នោះ​គ្រូពេទ្យ​អាច​នឹង​ត្រូវការ​កំណត់​រោគវិនិច្ឆ័យ​ថា​អ្នកមាន​ជំងឺ​រលាក​សួត ជំងឺ​Emphysema បញ្ហា​បេះដូង ជំងឺ​សួត និង​ជំងឺ​ផ្សេង​ៗ​ទៀត​តាម​រយៈ​ការ​ថតកាំរស្មីអ៊ិច​នេះឯង​។

២-តើ​ខ្ញុំ​ត្រូវ​រៀបចំ​ខ្លួន​អ្វី​ខ្លះទៅ​មុន​ពេល​ថត?
រឿង​នេះ​មិន​ដូច​គ្នា​នឹង​ការ​ធ្វើតេស្ត​ឈាម​រក​ជំងឺ​ទឹកនោមផ្អែម​ឡើយ តែ​ការ​ថតកាំរស្មីអ៊ិច​នៅ​ទ្រូង​នេះ​គឺ​មិន​ទាមទារ​ការ​រៀបចំ​អ្វី​ពិសេស​ឡើយ​។ យ៉ាងណាមិញ អ្នក​ប្រហែលជា​ត្រូវ​គេ​សុំ​ឲ្យ​ដោះ​ចេញ​ឲ្យ​អស់​នូវ​គ្រឿងអលង្ការ របស់របរ​មាន​ជាតិ​ដែក រ៉ូ​ត​ខោ អាវទ្រនាប់​ដែល​មាន​ជាតិ​ដែក វ៉ែនតា​ជាដើម ព្រោះ​វា​អាច​នឹង​រំខាន​ដល់​ការ​មើលឃើញ​រូបភាព​ក្នុង​ហ្វីល និង​ពិបាក​កំណត់​រោគវិនិច្ឆ័យ​ជំងឺ​។ អ្នក​ទំនងជា​ត្រុ​វ​សម្លៀក​សម្លៀក​បំបាក់​ដែល​រលង់​ៗ​។

៣-តើ​ស្ត្រី​មាន​ផ្ទៃពោះ​អាច​ថតកាំរស្មីអ៊ិច​បាន​ទេ?
បើសិនជា​អ្នកមាន​ផ្ទៃពោះ នោះ​ការ​ថតកាំរស្មីអ៊ិច​អាច​ធ្វើ​បាន​លុះត្រាតែ​មានការ​ណែនាំ​ពី​គ្រូពេទ្យ​ជា​ពិសេស​។ ទោះបីជា​អ្នក​សង្ស័យ​ថា​ខ្លួនឯង​មាន​ផ្ទៃពោះ ឬ​បាត់​រដូវ​ក៏​ដោយ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​មុន​ពេល​ថតកាំរស្មីអ៊ិច​។

៤-តើ​ត្រូវ​ស៊ីពេល​ប៉ុន្មាន​ទៅ​ពេល​ថត​កាំរស្មី​អ៊ី​ច​នៅ​ទ្រូង​ម្តង​ៗ​?
បើ​យើង​គិត​ចាប់ពី​ការ​ពិនិត្យ​ពេញលេញ​តាំងពីរ​ដើម​ដល់​ចប់​ចេញ​ជា​សន្លឹង​ហ្វីល គឺ​ស៊ីពេល​ប្រហែល ១៥ ទៅ​២០​នាទី​។ អ្នក​ទំនងជា​ត្រូវការ​រង​ចាំ​ពីរ​បី​នាទី​ទៀត​ដើម្បី​ឲ្យ​អ្នកជំនាញ​ខាង​រូបភាព​វេជ្ជសាស្ត្រ​បកប្រែ​លទ្ធផល​លើ​រូបភាព​ហ្វីល​នោះ​។

៥-តើ​ដំណើរ​ការណ៍​នៃ​ការ​ថត​នេះ​មានការ​ឈឺចាប់​ទេ?
ទេ វា​មិន​មានការ​ឈឺចាប់​អ្វី​ទាំងអស់​។ យ៉ាងណាមិញ អ្នក​ប្រហែល​ជាម​អារម្មណ៍​មិន​ស្រួល​បន្តិចបន្តួច​ដោយសារ​តែ​អាកាសធាតុ​ក្នុង​បន្ទប់​នោះ​ត្រជាក់​ខ្លាំង​។

៦-តើ​ហ្វីល​ដែល​ផ្តិត​មក​មាន​លក្ខណៈ​ដូច​ម្តេចទៅ?
កាំរស្មីអ៊ិច​ដែល​ថត​នៅ​ទ្រូង​នឹង​ចេញ​ជា​លទ្ធផល​ស ប្រផេះ និង​ខ្មៅ​។ ឆ្អឹងជំនី និង​ឆ្អឹង​កង​ខ្នង​មាន​ពណ៌​ស ឬ​ប្រផេះ ព្រោះ​វា​បឺត​ស្រូប​កាំរស្មីអ៊ិច​ខ្លាំង ចំណែកឯ​ជាលិកា​សួត​វិញ​ចេញ​ជា​ពណ៌​ខ្មៅ ព្រោះ​វា​ជា​ជាលិកា​ទន់ និង​ពោរពេញ​ទៅ​ដោយ​ខ្យល់ ដែល​បឺត​ស្រូប​ជាតិ​កាំរស្មីអ៊ិច​តិចតួច​។

៧-តើ​ថតកាំរស្មីអ៊ិច​ចឹ​ង​មាន​ផលវិបាក​ឬ​ប្រឈម​មុខ​នឹង​អ្វី​ដែរ​ទេ?
រឿង​នេះ​មិន​ដូច​គ្នា​នឹង​ជំនឿ​ដែល​គេ​កំពុង​តែ​ជឿ​នា​ពេល​បច្ចុប្បន្ន​ឡើយ ព្រោះ​វា​ក្រោយ​ពី​ថត​រួច រាង​កាយ​នឹង​គ្មាន​បន្សល​ទុក​នូវ​រ៉ៃ​យ៉ុ​ង​អ៊ិ​ច​ទៀត​ឡើយ​។ វា​អាច​ដែរ គឺ​ការ​ប្រឈម​នឹង​ជំងឺមហារីក​តិចតួច​បំផុត ដោយសារ​តែ​ការ​ប៉ះពាល់​នឹង​កាំរស្មីអ៊ិច​។

យ៉ាងណាមិញ បើ​យើង​ប្រៀបធៀប​គ្នា​វិញ គឺ​ប្រយោជន៍​របស់​វា​មាន​ច្រើន​ជាង​ការ​ប្រឈម​មុខ​ច្រើន​ណាស់​។ ជាមួយ​គ្នា​នេះ​ដែរ ផល​រំខាន​នៃ​ការ​ថតកាំរស្មីអ៊ិច​គឺ​គ្មាន​ឡើយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)