រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការបោះឆ្នោតឃុំ សង្កាត់នឹងប្រព្រឹត្តទៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនឹងប្រព្រឹត្តិនៅខែកក្កដា ឆ្នាំ២០២៣ជាធម្មតា ។ ថ្លែងក្នុងពីធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានៅសាកលវិទ្យាល័យធនធានមនុស្ស ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះ នៅវិទ្យាស្ថានជាតិអប់រំ ។

សម្ដេចតេជោបានគូសបញ្ជាក់ថា ថ្ងៃនេះខ្ញុំមិនចង់និយាយរឿងនយោបាយនោះទេ តែខ្ញុំគ្រាន់តែបញ្ជាក់ទៅកាន់អ្នកដែលគិតថា ឥឡូវហ្នឹងគេនឹងឱ្យយើងធ្វើជាប្រធានក្រុមប្រឹក្សា ហើយសងលុយយើងព្រមទាំងគិតចាប់តាំងពីថ្ងៃរំលាយខ្លួនទៅដែលអ្នកខ្លះគិត ថាអ្នកបានលុយ៩០លានដុល្លារឬក៏បានលើសពីនេះ ។ អ្នកគិតពីអ្វីគិតទៅប៉ុន្តែ ខ្ញុំសូមបញ្ជាក់ថាបោះឆ្នោតឃុំសង្កាត់ត្រូវធ្វើនៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២២ ។ នេះតាមការគ្រោងទុកខែ និងជាអណត្តិនៃការបោះឆ្នោតក្រុមឃុំសង្កាត់ ។
អញ្ចឹងអ្នកដែលនៅក្នុងតំណែងក្រុមប្រឹក្សាឃុំសង្កាត់នៅតែបន្តធ្វើការងារជាធម្មតា ចំណែកអ្នកដែលនៅក្រៅគេមិនទាន់នៅខាងក្រៅ ។ ជាមួយគ្នានោះដែរ សម្ដេចតេជោក៏បានឲ្យដឹងថាចំពោះការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រត្រូវធ្វើនៅក្នុងខែកក្កដា ឆ្នាំ២០២៣ ព្រោះនៅក្នុងច្បាប់បោះឆ្នោតគេបានចែងថា រៀងរាល់៥ឆ្នាំម្តង នាថ្ងៃអាទិត្យ សប្តាហ៍ទី៤ ខែកក្កដា ត្រូវធ្វើការបោះឆ្នោត ។
ដូច្នេះសូមបងប្អូនខិតខំធ្វើស្រែចម្ការទៅ កុំខិតខំនាំគ្នាមកមុខជញ្ជាំងនេះ គ្រាន់តែជាការដាស់តឿន ។ សម្ដេចក៏បានលើកឡើងទាក់ទងនឹងករណីលោកកឹម សុខា ថា គ្រាន់តែការបន្ធូរបន្ថយចំពោះមនុស្សម្នាក់ដោយតុលាការបានបិទការស៊ើបសួរ ក្រោយមកមានការលើកឡើងនិងមាននិយាយថា នឹងត្រូវបានដោះលែងអញ្ចេះអញ្ចុះ ប៉ុន្តែសូមចាំថា ដំណើរការរឿងមួយនេះមិនអាចធ្វើការមួយថ្ងៃ ឬពីរថ្ងៃមួយខែ ឬពីខែចប់នោះទេ គឺវាត្រូវប្រើរយៈពេលវែង ។
សម្ដេចបានបញ្ជាក់ថា មានអ្នកមួយចំនួនបានលើកឡើងថា បន្តិចទៀតលោក កឹម សុខា នឹងត្រូវបានព្រះមហាក្សត្រលើកលែងទោស សូមបញ្ជាក់ថា បើគ្មានទោសផង តើព្រះមហាក្សត្រមានអ្វីទៅលើកលែងទៅឱ្យនោះ ។ សូមពន្យល់មិនទាន់កាត់ទោសផង តើមានទោសឯណាសម្រាប់ការលើកលែង0x017d7 លើកលែងការចោទប្រកាន់ក៏គ្មានទេ យើងមិនដឹងថា ដំណើរការតុលាការពេលណា ប៉ុន្តែតុលាការគ្រាន់តែបានបញ្ចប់បិទសំណុំរឿងការស៊ើបអង្កេត ដើម្បីបញ្ជូនទៅជំនុំជម្រះ ប៉ុន្តែជំនុំជំរះហើយធ្វើពេលណាជារឿងរបស់តុលាការ យើងគ្មានសិទ្ធិទៅជ្រៀលជ្រែលទេ ។ សម្ដេចក៏បានលើកឡើងថា រឿងបញ្ហានិយាយនយោបាយយើងបានចាក់ផ្សាយពេញទូរទស្សន៍ តែគេ (សមរង្ស៊ី)និយាយវិញមកជា ក្របីដែលជាករណីផ្ទុយគ្នាដាច់ស្រឡះ ៕ កែសម្រួលដោយ ៖ សុឃាក់