មានអ្នកខ្លះមានមតិថា ត្រូវបិទបាំងមិនឲ្យក្មេងៗដឹងរឿងរ៉ាវអំពីមនុស្សបិសាចឃោរឃៅដូចអាដុលហ្វ៍ ហ៊ីត្លែរ ទេ ។ ពេលខ្លះគេនិយាយថាបើសរសេរអំពីមនុស្សបែបនេះគឺជាការលើកតម្កើងមនុស្សបិសាចហើយនាំអោយគេចង់យកតម្រាប់តាម ក៏ប៉ុន្តែអាដុលហ្វ៍ ហ៊ីត្លែរជាមនុស្សធ្លាប់បានរស់នៅជាក់ស្តែងប្រាកដណាស់ ។ យើងមិនអាចកែប្រែប្រវត្តិសាស្ត្របានទេ ។ បើយើងបិទភ្នែកហើយមិនព្រមមើលអំពើប្រព្រឹត្តជាក់ស្តែងរបស់ហ៊ីត្លែរ ក៏មិនមានន័យថាយើងលុបបំបាត់អំពើនោះបានដែរ ។

ផ្ទុយទៅវិញ វាជាការប្រសើរដែលយើងត្រូវយល់ដឹងអំពីប្រវត្តិរបស់ហ៊ីត្លែរ ទោះជារឿងនោះវាជារន្ធត់យ៉ាងណាក៏ដោយ ។ ការយល់ដឹងពីអតីតកាលអាចជួយធ្វើអោយយើងភ្ញាក់ខ្លួន ។ ពេលណាដែលមានមនុស្សបែបនេះ ចង់ឡើងធ្វើជាអ្នកដឹកនាំរបស់យើង យើងអាចនឹងស្គាល់បានភ្លាមនូវហេតុ ភេទដែលបញ្ជាក់អោយដឹងពីមហិច្ឆតាលោភលន់អំណាចផុតលេខរបស់មនុស្សនោះបាន ។ ស្គាល់មុខស្គាល់មាត់របស់មនុស្សកំណាច ស្គាល់ “មុខបិសាច” អាចអោយយើងត្រៀមខ្លួនជាមុនការពារមនុស្សលោកប្រឆាំងនឹងអំពើព្រៃផ្សៃរបស់វា ។ ពេលកាន់អំណាចឡើងដល់កំពូល ហ៊ីត្លែរបានប្រកាសដោយមោទនភាពថាខ្លួននឹងកសាងអាណាចក្រថ្មីមួយសំរាប់ប្រទេសអាល្លឺម៉ង់ដែលអាចមានអាយុ១០០០ឆ្នាំ ។
ហ៊ីត្លែរធ្លាប់អួតថា ប្រជាជនអាល្លឺម៉ង់ដែលជាពូជសាសន៍ “មហាមនុស្ស” ។ ពួកគេមុខជាកាន់កាប់
ត្រួតត្រាពិភពលោកតែម្តង ។ ពួកគេមុខជាមានដីដាំដំណាំ មានផ្ទះសម្បែងល្អប្រណីត ហើយ
មានលុយច្រើន ។ នេះបើតាមសំដីរបស់ហ៊ីត្លែរ ។ បើមានប្រជាជនណាហ៊ានរារាំងដំណើរឈានទៅរកភាពសម្បូរសប្បាយដូចដែលគាត់យល់ឃើញ ប្រជាជននោះមុខជាត្រូវផ្តន្ទាទោស ។ ប្រជាជនទាំងនោះភាគច្រើនត្រូវកំទេច ហើយអ្នកដែលនៅរស់នឹងក្លាយខ្លួនទៅជាទាសកររបស់ជនជាតិអាល្លឺម៉ង់ណាដែលស្មោះត្រង់ និងគោរពដើរតាមអ្នកដឹកនាំរបស់ប្រទេសជាតិ គឺអាដុលហ្វ៍ ហ៊ីត្លែរ ។ ហ៊ីត្លែរសឹងតែធ្វើបានដូចពាក្យសន្យារបស់គាត់ ។ ហ៊ីត្លែរសឹងតែត្រួតត្រា កាន់កាប់ពិភព
លោកបានមែន ។ មានពេលមួយនោះហ៊ីត្លែរស្ទើរតែសំរេចជោគជ័យក្នុងការប្រយុទ្ធរវាងអំពើបិសាចនឹងអំពើល្អ ។ ប្រសិនជាហ៊ីត្លែរឈ្នះមែននោះ ពិភពលោកយើងនេះមុខជានឹងក្លាយទៅជាឋាននរកជាក់ស្តែងតែម្តង ។
ហ៊ីត្លែរជាមនុស្សដែលពិភពលោកស្អប់តែជាកូនសំណព្វរបស់ម្តាយគាត់
ហ៊ីត្លែរកើតនៅអូទ្រីសជិតព្រំប្រទល់ប្រទេសអាល្លឺម៉ង់ ។ ពេលកើតឪពុកឈ្មោះអាឡយស៍ មានអាយុ៥២ឆ្នាំ ប្រពន្ធគាត់ឈ្មោះក្លារ៉ា ទើបតែបានអាយុ២៩ឆ្នាំ ដែលមើលទៅ សមជាកូនស្រីជាជាងប្រពន្ធរបស់អាឡយស៍ ។ តាមពិតមុនពេលរៀបការអាឡយស៍ធ្លាប់បានធ្វើជាឪពុកចិញ្ចឹមរបស់ក្លារ៉ា ។ គូស្រករនេះមានកូនបីនាក់ដែលស្លាប់តាំងពីនៅក្មេងៗ ឯហ៊ីត្លែរជាកូនទី៤ ។ ដោយហ៊ីត្លែរនៅរស់មានជីវិតគាត់ក៏ត្រូវបានទទួលការយកចិត្តទុកដាក់ជាពិសេសពីឪពុកម្តាយពិសេសជាងគេគឺម្តាយ ។ ពេលណាឪពុកខឹងខ្លាំងរករឿងគំរាមកុមារហ៊ីត្លែរ នាងក្លារ៉ាជាម្តាយតែងចេញការពារកូនជានិច្ច ម្តាយបានធ្វើអោយហ៊ីត្លែរក្លាយទៅជាកូនទំរើស កូនចង់បានអីគឺម្តាយរកអោយភ្លាម ម្ល៉ោះហើយអាដុលហ្វ៍ ហ៊ីត្លែរដែលឪពុកម្តាយហៅខ្លីថា “អាឌី”ក៏ក្លាយទៅជា “កូនប្រុសសំណព្វរបស់ម្តាយ” ។
នៅសាលារៀន គ្រូៗរបស់ហ៊ីត្លែរសង្កេតឃើញថាហ៊ីត្លែរជាសិស្សមានប្រាជ្ញាវាងវៃហើយមានចរិតត្រឹមត្រូវ ក៏ប៉ុន្តែដល់ហ៊ីត្លែរអាយុបាន១១ឆ្នាំ ប្អូនប្រុសឈ្មោះអេតម៉ុន ក៏ស្លាប់ដោយកើតជំងឺកញ្ជ្រឹល តាំងពីពេលនោះមកអត្តចរិតរបស់ហ៊ីត្លែរក៏បានប្រែប្រួល ។ហ៊ីត្លែរប្រហែលជាបន់អោយប្អូនស្លាប់ ដល់ប្អូនស្លាប់មែនក៏ស្តីបន្ទោសខ្លួនឯង តែទោះជាយ៉ាងណាក៏ដោយ ហ៊ីត្លែរក៏ក្លាយទៅជាមនុស្សស្រពាប់ស្រពោនហើយមានចរិតឆាប់ខឹងច្រលោត គាត់ឧស្សាហ៍គំហកអោយមិត្តភក្តិ និងគ្រូៗថែមទៀត ។ រឿងនេះនឹងមានផ្សាយជូននៅវគ្គបន្តទៀត ៕ កែសម្រួលដោយ ៖សុឃាក់