តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល លោក Tite និង កីឡាករក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi បានជាប់ទាក់ទងនឹងការឈ្លោះប្រកែកគ្នាក្នុងអំឡុងពេលប្រកួត Superclasico ហើយលោក Tite បានបង្ហើបពីអ្វីដែលគាត់បាននិយាយជាមួយនឹងជើងខ្លាំងអាហ្សង់ទីន។
Messi បានវិលត្រឡប់ពីការដាក់ពិន័យលើការប្រកួតក្រុមជម្រើសជាតិ ហើយមកលេងឱ្យអាហ្សង់ទីន បានជ័យជម្នះ ១-០ លើគូប្រជែងប្រេស៊ីល នៅល្ងាចថ្ងៃសុក្រ។ បន្ទាប់ពីការទាត់បាល់បញ្ចូលទីបាន១គ្រាប់ នៅនាទីទី១៤ Messi ជជែកតវ៉ាជាមួយនឹងគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល ហើយបានដាក់ម្រាមដៃរបស់គាត់ទៅលើបបូរមាត់របស់គ្រូបង្វឹក។

លោក Tite ត្រូវបានស្រង់សម្តីដោយ Mirror ថា៖ «ខ្ញុំសម្តែងការមិនពេញចិត្ត ពីព្រោះគាត់ [Messi] គួរតែត្រូវបានអាជ្ញាកណ្តាលបង្ហាញកាតលឿង តែគាត់បានប្រាប់ខ្ញុំឱ្យបិទមាត់ខ្ញុំ ហើយខ្ញុំបានប្រាប់គាត់ឱ្យបិទមាត់»។ លោកបានបន្តថា៖ «ខ្ញុំមិនចង់ឆ្លើយតទៅទៀតទេ។ អ្នកត្រូវការអាជ្ញាកណ្តាលរឹងមាំម្នាក់ ដើម្បីការពារបញ្ហាបែបនេះ»។
គួរបញ្ជាក់ផងដែរថា នៅពេលនេះក្រុមជម្រើសជាតិអាហ្សង់ទីនកំពុងតែត្រៀមខ្លួននឹងទៅប្រកួតជាមួយនឹងគូប្រជែងអាមេរិកខាងត្បូងមួយទៀត ដែលជាក្រុមជម្រើសជាតិអ៊ុយរូហ្គាយនៅល្ងាចថ្ងៃចន្ទនេះ៕