កាលពីខែឧសភា ឆ្នាំនេះ ក្រុមគ្រួសាររាជវង្សរបស់ចក្រភពអង់គ្លេសបានស្វាគមន៍សមាជិកថ្មីដែលជាកូនទីមួយរបស់ព្រះរាជបុត្រ ហារី (Harry) ។ ការស្វាគមន៍សមាជិកថ្មីនេះប្រៀបបានជារំឭកដល់មនុស្សគ្រប់គ្នាពីការបន្តជំនាន់របស់គ្រួសាររាជវង្សខាងលើដែលកើតមានឡើងអស់រយៈពេលជាយូរណាស់មកហើយ ។

ជាមួយគ្នានេះផងដែរ វាក៏បានរំឭកដល់មនុស្សពីទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភដែលត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់ដែរ ។ យោងទៅតាមទស្សនាវដ្តី Forbes បានឲ្យដឹងថាម្ចាស់ក្សត្រី អេលីហ្សាបេត ទីពីរ (Elizabeth II) មានទ្រព្យសម្បត្តិសរុបប្រមាណ ៥៣០ លានដុល្លារនៅឆ្នាំ ២០១៦ ។ ទស្សនាវដ្តីនេះបានឲ្យដឹងទៀតថា គ្រួសាររាជវង្សអង់គ្លេសចូលរួមប្រមាណ ២.៣២ ប៊ីលានដុល្លារឯណោះទៅសេដ្ឋកិច្ចរបស់ប្រទេស ។
ប្រមាណ ១០៤.៨ លានដុល្លារដែលបានពីការបង់ពន្ធរបស់ប្រជាជនត្រូវបានទុកសម្រាប់ផ្គត់ផ្គង់ឲ្យម្ចាស់ក្សត្រីសម្រាប់បំពេញតួនាទីដូចជាធ្វើដំណើរ ការកម្សាន្ត និងការមើលថែអចលនទ្រព្យជាដើម ។ ប្រាក់នេះស្មើ ១៥% នៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមគ្រួសាររាជវង្ស ។
ម្ចាស់ក្សត្រី អេលីហ្សាបេត ក៏មានប្រាក់ចំណូលផ្ទាល់ខ្លួនដែរ ហើយថែមទាំងបង់ពន្ធដល់រដ្ឋាភិបាលទៀតផង ។ ប៉ុន្តែម្ចាស់ក្សត្រីមិនមែនជាម្ចាស់កម្មសិទ្ធិរបស់វត្ថុមានតម្លៃផ្សេងៗដូចជាម្កុដឡើយ ។ វត្ថុមានតម្លៃទាំងនេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមគ្រួសារទាំងមូលហើយវារួមមានរូបគំនូរ គ្រឿងសង្ហារឹម រូបថត និងវត្ថុមានតម្លៃរាប់ពាន់ទៀតនៅបរមរាជវាំង ។
ប៉ុន្តែម្ចាស់ក្សត្រី និងព្រះរាជបុត្រ ឆាល (Charles) បានទទួលរងការរិះគន់យ៉ាងខ្លាំងទាក់ទិននឹងការវិនិយោគនៅ Bermuda និងកោះ Cayman ។ យោងទៅតាម BBC បានឲ្យដឹងថា ថវិកាមួយចំនួនក៏ត្រូវបានវិនិយោគលើក្រុមហ៊ុន BrightHouse ដែលត្រូវបានចោទប្រកាន់ថាផ្តល់ប្រាក់កម្ចីដោយមិនមានទំនួលខុសត្រូវ និងក្រុមហ៊ុន Threshers ដែលមិនបង់ពន្ធរដ្ឋាភិបាលចក្រភពអង់គ្លេសជាដើម ៕ កែសម្រួលដោយ ៖ សុឃាក់