តើ​វិនិយោគិន​ចិន​យល់​យ៉ាងណា​ចំពោះ​ការ​ចាកចេញ​របស់​ចិន​ពាក់ព័ន្ធ​រឿង​ល្បែង​អន​ឡាញ​នៅ​កម្ពុជា?

រាជធានី​ភ្នំពេញ ៖ ក្រោយ​មានការ​ចាកចេញ​របស់​ជនជាតិ​ចិន​ជា​បន្តបន្ទាប់​ពី​កម្ពុជា បង្ក​ការ​ព្រួយបារម្ភ​ចំនួន​ដល់​ម្ចាស់​ស្រុក ដែល​ហាក់​កំពុង​រង​នូវ​ផល​ប៉ះពាល់​អាជីវកម្ម​របស់​ពួក​គាត់​ដែល​មាន​ទាំង​អ្នក​ជួល​ឡាន​ឲ្យ​ចិន និង​ជួល​អាគារ​ស្នាក់​នៅ​និង​ជួល​អាគារ​ឲ្យ​ចិន​ធ្វើ​អាជីវកម្ម ។ ក៏​ប៉ុន្តែ​ការ​ចាកចេញ​យ៉ាង​គំហុក​របស់​ជនជាតិ​ចិន​ក្រោយ​រដ្ឋាភិបាល​ប្រកាស​បិទ​ល្បែង​អន​ឡាញ​នោះ អ្នកជំនាញ​និង​អ្នក​សេដ្ឋកិច្ច​ខ្លះ​ថា​ផល​ប៉ះពាល់​នឹង​កាន់តែ​ធំ​បើសិនជា​បណ្ដែតបណ្ដោយ​អោយ​ក្រុម​លេងល្បែង​នេះ​រីកសាយ​នៅ​កម្ពុជានោះ ។

Loading...

ទន្ទឹម​នឹង​នេះ វិនិយោគិន​ចិន​ដែល​កំពុង​ដាក់​ទុន​វិនិយោគ​ផ្សារ​ទំនើប អគារ​ខុន​ដូ និង​ពាណិជ្ជកម្ម​ធំ​ៗ​ជាដើម​នៅ​កម្ពុជា​បាន​សម្ដែង​ការ​សាទរ​ចំពោះ​ចំណាត់ការ​រាជរ​ដ្ឋា​ភិបាល​កម្ពុជា ដែល​មិន​អនុញ្ញាត​អោយ​ក្រុម​ចិន​មួយ​ចំនួន​ធ្វើ​អាជីវកម្ម​ល្បែង​អន​ឡាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បន្ត​ទៀត ។

នៅ​ក្នុង​ឱកាស​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​អចលនទ្រព្យ​មួយ លោក អួ​យ មីង​តុ​ន វិនិយោគិន​មួយ​រូប​ដែល​កំពុង​សាងសង់​គម្រោង​ផ្សារ​ទំនើប នៅ​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា លោក​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​រាជរដ្ឋាភិបាលកម្ពុជា​ចំពោះ​ការ​បិទ​ល្បែង​អន​ឡាញ​នៅ​កម្ពុជា​ពីព្រោះ​ថា​អាជីវកម្ម​នេះ មិន​ចំណេញ​អ្វី​ប៉ុន្មាន​ទេ​ដល់​សេដ្ឋកិច្ច តែ​ផ្ទុយ​ទៅ​វិញ​បើសិនជា​វា​រីកសាយ​កាន់តែ​ខ្លាំង នឹង​អាច​ប៉ះពាល់​ដល់​សង្គម​កម្ពុជា​ទៅ​វិញ​នោះ​ទេ ។

​វិនិយោគិន​ចិន​រូប​នេះ​បាន​បន្ត​ថា ការ​ចាកចេញ​របស់​ជនជាតិ​របស់​ខ្លួន​ទៅ​ប្រទេស​ផ្សេង​ឬ​ទៅ​ប្រទេស​ចិន​វិញ នឹង​មិន​ធ្វើ​អោយ​ប៉ះពាល់​ដល់​គម្រោង​វិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា​ឡើយ ផ្ទុយ​ទៅ​វិញ​ខ្លួន​មាន​តែ​ព​ន្លឿ​ន​ការ​សាងសង់​ដើម្បី​ផ្គត់ផ្គង់​ដល់​អតិថិជន​របស់​ខ្លួន​ដែល​បាន​ដាក់​ទុន​វិនិយោគ​រួម​គ្នា​រួច​ហើយ​ទាំង​អតិថិជន​កម្ពុជា ជនជាតិ​ចិន ឬ​ជនជាតិ​ដទៃ​ទៀត​ដែល​កំពុង​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ ។

​លោក អួ​យ មីង​តុ​ន បាន​បញ្ជាក់​ថា «​យើង​អត់​ព្រួយបារម្ភ​អ្វី​ទេ ចំពោះ​ការ​ចាកចេញ​របស់​ចិន​ដែល​លេងល្បែង​នៅ​កម្ពុជា តែ​យើង​មាន​តែ​សាទរ​ចំពោះ​ចំណាត់ការ​ទាន់​ពេលវេលា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ចាត់ការ​បញ្ហា​នេះ​» ។ លោក​បាន​បន្ថែម​ថា នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ ក៏​ប៉ុន្តែ​យើង​ត្រូវការ​រយៈពេល​វែង​ថែម​ទៀត ដើម្បី​ទាញ​យក​វិនិយោគិន​ចិន​អោយ​ចូល​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៅ​តាម​ជំនាញ និង​សក្ដានុពល​ដែល​កម្ពុជា​ហុច​អោយ​នៅ​ពេល​នេះ និង​ពេល​អនាគត​»​។

បើ​តាម​លោក ឈិ​ន ថៃ​អាន វិនិយោគិន​មួយ​រូប​កំពុង​បោះទុន​វិនិយោគ​វិស័យ​អចលនទ្រព្យ​ទៅ​លើ​គម្រោង​ខុន​ដូ​មួយ​ក្នុង​ទឹកប្រាក់​ជាង​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ន​នៅ​តំបន់​ឬ​ស្សី​កែវ ក៏​បាន​និយាយ​ផង​ដែរ​ថា ការ​លេងល្បែង​គឺ​ផ្ទុយ​នឹង​ច្បាប់ ហើយ​វា​នឹង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ បើសិនជា​វា​រីក​រាលដាល​កាន់តែ​ធំ​នោះ ។ ការ​ចាកចេញ​របស់​ជនជាតិ​ចិន​ដែល​លេងល្បែង​នៅ​កម្ពុជា គឺ​មិន​មាន​ផល​ប៉ះពាល់​អ្វី​ដល់​គម្រោង​វិនិយោគ​របស់ លោក​នោះ​ទេ ។ ​លោក​បាន​និយាយ​ថា «​ក្នុង​នាម​ជា​អ្នក​វិនិយោគ​មួយ​រូប​នៅ​កម្ពុជា សូម​សាទរ​ចំពោះ​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ទប់ស្កាត់​បន្ទាន់​ចំពោះ​អាជីវកម្ម​ខុសច្បាប់​នេះ » ។

លោក សួ​ស ចិន្តា អគ្គលេខាធិការ​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុកម្ពុជា បាន​លើក​ឡើង​ផង​ដែរ​ថា បន្ទាប់​ពី​មានការ​ចាកចេញ​របស់​ចិន​ពី​កម្ពុជា គម្រោង​អភិវឌ្ឍន៍​នានា​នៅ​កម្ពុជា ទាំង​នៅ​ភ្នំពេញ នៅ​តាម​បណ្ដា​ខេត្ត​នានា នៅ​តែ​ដំណើរការ​ជា​ធម្មតា ដោយ​មិន​មាន​គម្រោង​ណាមួយ​ផ្អាក​នោះ​ឡើយ ។ ក៏​ប៉ុន្តែ​យើង​ទទួលស្គាល់​ថា​វា​ពិតជា​មាន​ផល​ប៉ះពាល់​តិចតួច​ចំពោះ​អាជីវកម្ម​ដែល​ធ្លាប់ ទទួល​បាន​ផល​ពី​វត្តមាន​ជនជាតិ​ចិន​ទាំងនោះ ក៏​ប៉ុន្តែ​បើសិនជា​ទុក​កាន់តែ​យូរ​ទើប​ចាត់ការ​នោះ វា​អាច​នឹង​ធ្ងន់ធ្ងរ​ជាង​នេះ ។

លោក ហេ​រ៉ូ សុ​ជាតិ អ្នកជំនាញ​អចលនទ្រព្យ​មួយ​រូប​នៅ​កម្ពុជា ក៏​បានអោយ​ដឹង​ថា អ្នកខ្លះ​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​ចាកចេញ​របស់​ចិន ក៏​ប៉ុន្តែ​ធនាគារពិភពលោក និង​ស្ថាប័នហិរញ្ញវត្ថុ​ធំ​ៗ នៅ​តែ​ព្យាករណ៍​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​នេះ និង​ឆ្នាំ​បន្ទាប់​នៅ​តែ​មាន​តួលេខ​ខ្ពស់​ដដែល បើ​ទោះបីជា​វា​ថមថយ​កំណើន​បន្តិច​ក្ដី ។

លោក ហេ​រ៉ូ សុ​ជាតិ បាន​បន្ត​ថា «​នៅ​ប្រទេស​តំបន់​អាស៊ាន​នេះ កម្រ​មាន​ប្រទេស​ណា ដែល​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ដូច​នៅ​កម្ពុជា​នោះ​ទេ ដូច្នេះ​ហើយ​តម្រូវការ​នៃ​ការ​វិនិយោគ​ទៅ​លើ​អចលនទ្រព្យ​នឹង​នៅ​តែ​មាន​បន្ត​ទៀត បើ​ទោះបីជា​ជនជាតិ​ចិន​មួយ​យ​ចំនួន​បាន​ចាក​ចេញពី​កម្ពុជា​ក្ដី ព្រោះ ការ​វិនិយោគ​ទាំងអស់​នៅ​កម្ពុជា​មិនមែន​សម្រាប់​តែ​ផ្គត់ផ្គង់​ទៅ​ចិន​មួយ​នោះ​ទេ​»៕ កែសម្រួលដោយ ៖ សុឃាក់