ប្រទេសចិន-សហរដ្ឋអាមេរិក ៖ ក្រោយការជួបពិភាក្សាគ្នាកម្រិតរដ្ឋមន្ត្រីដែលបង្ហាញពីភាពតានតឹងរវាងក្រុងប៉េកាំងនិងក្រុងវ៉ាស៊ិនតោនមក តំណាងចិនមួយរូបបានថ្លែងថា ចិនអំពាវនាវកាលពីថ្ងៃទី១៨វិច្ឆិកាដល់សហរដ្ឋអាមេរិកឲ្យបញ្ឈប់ការបង្ហាញកម្លាំង ក្នុងសមុទ្រចិនខាងត្បូងនិងបន្ថែមភាពមិនច្បាស់លាស់លើបញ្ហាតៃវ៉ាន់។
នោះជាការលើកឡើងរបស់រដ្ឋមន្ត្រីការពារប្រទេសចិនលោកWEI FENGHE ចំពោះសមភាគីអាមេរិកលោកMARK ESPER ២សប្ដាហ៍បន្ទាប់ពីតំណាងជាន់ខ្ពស់សេតវិមានម្នាក់ បរិហារពីការសម្លុតបំភ័យរបស់ចិនក្នុងច្រកសមុទ្រតៃវ៉ាន់។ លោកMARK ESPER ខ្លួនឯងផ្ទាល់ កាលពីថ្ងៃទី១៧វិច្ឆិកាក៏បានចោទប្រកាន់ជាសាធារណៈដល់ក្រុងប៉េកាំងថា ប្រើកាន់តែខ្លាំងការចាប់បង្ខំនិងការសម្លុតបំភ័យ ដើម្បីជម្រុញបណ្ដាទិសដៅយុទ្ធសាស្ត្ររបស់ខ្លួនក្នុងតំបន់។
ក្នុងកិច្ចពិភាក្សាគ្នាជាសម្ងាត់ ខាងក្រៅកិច្ចប្រជុំក្រុងបាងកករបស់រដ្ឋមន្ត្រីការពារប្រទេសអាស៊ានបូក លោកWEI FENGHEបានស្នើដល់លោកMARK ESPER ឲ្យបញ្ឈប់ការបង្ហាញសាច់ដុំនៅសមុទ្រចិនខាងត្បូងហើយកុំបង្កភាពតានតឹងក្នុងសមុទ្រនោះ៕ (កែសម្រួលដោយ ៖ បុប្ផា)