កម្ពុជា​ស្នើ​អា​មេ​រិ​ក​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​មក​កម្ពុជា​ផ្តោត​លើ​ផ្លូវ​ហា​យ​វ៉េ​និង វិស័យ​ថាមពល

​រាជធានី​ភ្នំពេញ​៖ ក្នុង​ន័យ​លើកទឹកចិត្ត​ដល់​វិនិយោគ​គិ​ន​បរទេស​មក​វិនិយោគ​នៅ​កម្ពុជា​ឲ្យ​បាន​កាន់តែ​ច្រើន​ឡើង​និង​ចំ​ទិស​ដៅ ថ្មី​ៗ​នេះ​ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បាន​លើក​សំណើ​ឱ្យ​សហរដ្ឋអាមេរិក​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន មក​ប្រទេស​កម្ពុជា​ឱ្យ​បាន​រឹតតែ​ច្រើន​បន្ថែម​ទៀត ជា​ពិសេស​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ដូច​ជា ផ្លូវថ្នល់ ស្ពាន ផ្លូវ​ហា​យ​វ៉េ ក៏​ដូច​ជា​ក្នុង​វិស័យ​ថាមពល​ផង​ដែរ​។

Loading...

​លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ មន្ត្រីជាន់ខ្ពស់​នៃ​សភាពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ដែល​ដឹកនាំ​ដោយ លោក ច​ន ហ្គ​យ័រ (John Goyer) នាយក​ប្រតិបត្តិ​នៃ​សភាពាណិជ្ជកម្ម​អា​មេ​រិ​ក (US Chamber of Commerce) ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ស​ប្តា​ហ៍​មុន ។ នៅ​ក្នុង​កិច្ចប្រជុំ​នោះ​លោក​រដ្ឋមន្ត្រី បាន​ពន្យល់​ថា នៅ​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ទីក្រុង​បាងកក​ថ្មី​ៗ​នេះ លោក​បាន​ឆ្លៀត​ជួប​ពិភាក្សា​ជាមួយ​លោក ប៉ា​ទ្រី​ក មើ​ហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ហើយ​នៅ​ក្នុង​ជំនួប​នោះ​ដែរ​លោក​រដ្ឋមន្ត្រី «​បាន​លើក​សំណើ​ឱ្យ​សហរដ្ឋអាមេរិក​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន មក​ប្រទេស​កម្ពុជា​ឱ្យ​បាន​រឹតតែ​ច្រើន​បន្ថែម​ទៀត ជា​ពិសេស​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ដូច​ជា ផ្លូវថ្នល់ ស្ពាន ផ្លូវ​ហា​យ​វ៉េ ក៏​ដូច​ជា​ក្នុង​វិស័យ​ថាមពល​ផង​ដែរ​» ។

ជា​ការ​ឆ្លើយ​តប លោក ច​ន ហ្គ​យ័រ បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាកដឹកនាំ​កម្ពុជា​នឹង​សន្យា​ទទួលយក​សំណើ​ដែល​បាន​លើក​ឡើង​។ លោក ហ្គ​យ័រ ក៏​បាន​រាយការណ៍​ជូន​ផង​ដែរ​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​រវាង​សភាពាណិជ្ជកម្ម​អា​មេ​រិ​ក​នៅ​កម្ពុជា (AMCHAM) និង​សភាពាណិជ្ជកម្ម​សហរដ្ឋអាមេរិក (US Chamber of Commerce) ដោយ​ភាគី​ទាំង​ពីរ​ក៏​យល់​ដូច​គ្នា​ដែរ​ថា ពេល​នេះ​ជា​ពេល​ល្អ ដើម្បី​រឹត​បន្តឹង​ចំណង​ធុរកិច្ច និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​។ លោក ហ្គ​យ័រ ក៏​បាន​លើក​ឡើង​ដែរ​ថា កិច្ចការ​បន្ទាប់​ដែល​សភាពាណិជ្ជកម្ម​អា​មេ​រិ​ក​ត្រូវធ្វើ​បន្ទាប់ គឺ​លើកទឹកចិត្ត​ឱ្យ​ធុរកិច្ច​អា​មេ​រិ​ក​យល់​ច្បាស់​បន្ថែម​ពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​។

ទាក់ទង​នឹង​ការងារ​នេះ លោក ប៉ាន សូរ​ស័ក្ដិ បាន​បញ្ជាក់​ជូន​ទៅ​ធុរជន​អា​មេ​រិ​ក​គួរតែ​ចុះ​មក​ពិនិត្យ​បរិយាកាស​ធុរកិច្ច​កម្ពុជា​ដោយ​ផ្ទាល់​ទើប​អាច​យល់​កាន់តែ​ច្បាស់​។ ម្យ៉ាងទៀត ធុរជន និង​វិនិយោគិន​អា​មេ​រិ​ក​គួរតែ​យល់​ថា ការ​វិនិយោគ​នៅ​កម្ពុជា គឺ​មិនមែន​សម្រាប់​តែ​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺ​ដើម្បី​ធ្វើ​ធុរកិច្ច​នៅ​ក្នុង​អាស៊ាន​ទាំងមូល ហើយ​ជាមួយនឹង​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ (RCEP) ដែល​នឹង​ឈាន​មក​ដល់​ដំណាក់កាល​បញ្ចប់​ខាង​មុខ​នេះ ទោះបីជា​មិន​មាន​ប្រទេស​ឥណ្ឌា​ចូលរួម​ក៏​ដោយ ក៏​នៅ​តែ​ជាទី​ផ្សារ​មួយ​ដ៏​ធំ​ទូលំទូលាយ​ដែរ ហើយដោយ​កម្ពុជា​ស្ថិត​នៅ​ចំ​កណ្ដាល​អាស៊ាន ទីតាំង​កម្ពុជា​នឹង​ផ្ដល់​អត្ថប្រយោជន៍​ក្នុង​ការ​ក្លាយជា​ទីតាំង​ផលិត​ដើម្បី​ផ្គត់ផ្គង់​ទៅ​ក្នុង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​តំបន់​។

​ជាង​នេះ​ទៅ​ទៀត​លោក​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​អះអាង​ថា ការ​បង្កើន​ការ​វិនិយោគ​ពី​អា​មេ​រិ​ក​នៅ​កម្ពុជា គឺ​ការ​ពង្រឹង​ការ​ទំនាក់ទំនង និង​កិច្ច​ពិភាក្សា​រវាង​សមាគម​ធុរកិច្ច​អា​មេ​រិ​ក និង​រាជរដ្ឋាភិបាល ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី​យល់​ថា​ភាគី​ទាំង​ពីរ​អាច​មាន​យន្តការ​ពិភាក្សា​ប្រចាំឆ្នាំ​ដោយ​ភាគី​អា​មេ​រិ​ក​ដឹកនាំ​ដោយ​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក ដើម្បី​ដោះស្រាយ​បញ្ហា​បច្ចេកទេស​។ ក្នុង​ករណី​ចាំបាច់​ក្រុមហ៊ុន ឬ​សភាពាណិជ្ជកម្ម​អា​មេ​រិ​ក​ក៏​អាច​ចូលរួម​ក្នុង​វេទិកា​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន ក្រោម​ការ​ដឹកនាំ​ដោយ​ផ្ទាល់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ផង​ដែរ​។

សូម​រម្លឹក​ថា​យោង​តាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បានអោយ​ដឹង​ថា ក្នុង​រយៈពេល​៩​ខែ​នេះ​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​នូវ​ទំហំ​ទឹកប្រាក់​ប្រមាណ ១១,២​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​កម្ពុជា​នាំ​ចូល​មក​វិញ មាន​ទឹកប្រាក់​ប្រមាណ​១៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ឆ្នាំ ២០១៨​ទាំងមូល​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា មាន​សរុប​ប្រមាណ ៣០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​នោះ​កម្ពុជា នាំ​ចេញ​ជាង​១២,៧១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក នាំ​ចូល​មក​វិញ ១៧,៣៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។

​របាយការណ៍​ដដែល​បាន​បង្ហាញ​ផង​ដែរ​ថា ចាប់តាំងពី​ឆ្នាំ​២០១៧ ដល់​ដំណាច់ខែ កញ្ញា ឆ្នាំ ២០១៩​នេះ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា មាន​ប្រមាណ ៨១,៨៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ក្នុង​នោះ​ដែរ កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​រយៈពេល​២​ឆ្នាំ និង​៩​ខែ​សម្រេច​បាន ៣៥,១៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​នាំ​ចូល​វិញ​មាន​ទំហំ​ទឹកប្រាក់​៤៦,៦៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្ន​ង​រយៈពេល​២​ឆ្នាំ ៩​ខែ​កន្លង​ទៅ​នេះ​៕ កែសម្រួលដោយ ៖ សុឃាក់