សហរដ្ឋអាមេរិក ៖ ប៉ូលិសថ្លែងថា មនុស្សវ័យក្មេង៤នាក់បានត្រូវស្លាប់កាលពីយប់ថ្ងៃទី១៧វិច្ឆិកា ក្នុងការបាញ់ប្រហារមួយលើបណ្ដាមនុស្សដែលកំពុងជួបជុំគ្នា ក្នុងផ្ទះមួយនៃទីក្រុងFRESNOរដ្ឋកាលីហ្វ័រនីញ៉ា។ ក្រៅពីអ្នកស្លាប់ មានមនុស្ស៦នាក់ទៀតរងរបួស។
យោងតាមលទ្ធផលដំបូងៗនៃការស៊ើបអង្កេតថា ជនសង្ស័យម្នាក់ឬច្រើននាក់បានលុកចូលក្នុងផ្ទះមួយ ដែលមានការជួបជុំគ្នារបស់មនុស្សប្រមាណជា៣៥នាក់ ក្នុងនោះមានកុមារច្រើននាក់ផងដែរ ដើម្បីតាមដានការប្រកួតបាល់ទាត់មួយ ពេលមានការជួបជុំសាច់ញាតិគ្រួសារ។
ជនវាយប្រហារបន្ទាប់មកបានបាញ់ក្នុងសួនច្បារជាកន្លែងមានមនុស្សច្រើន ក្នុងចំណោមមនុស្សទាំងនេះបណ្ដាលឲ្យ១០នាក់ត្រូវគ្រាប់។ មនុស្ស៣នាក់ស្លាប់នៅនឹងកន្លែងដែលពួកគេសុទ្ធតែជាបុរស ហាក់មានដើមកំណើតពីអាស៊ីមានអាយុពី២៥ទៅ៣០ឆ្នាំ ហើយមនុស្សទី៤បានស្លាប់នៅមន្ទីរពេទ្យ។
ចំណែកមនុស្ស៦នាក់ទៀតរងរបួសស្រាល។ ជនវាយប្រហារនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ដោយបានរត់គេចខ្លួនហើយពួកអ្នកស៊ើបអង្កេតប៉ុនប៉ងស្វែងរកដាន ដោយពិនិត្យបណ្ដាវីដេអូត្រួតពិនិត្យនិងដោយសាកសួរអ្នកជិតខាងច្រើននាក់។
ការបាញ់ប្រហារថ្មីនោះកើតមានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការបាញ់ប្រហារក្នុងវិទ្យាល័យមួយនៃទីក្រុងសាន់តាក្លារីតាជិតក្រុងឡូសអេនចឺឡេសបណ្ដាលឲ្យសិស្សវិទ្យាល័យ២នាក់ស្លាប់និងរបួសច្រើននាក់មក៕ (កែសម្រួលដោយ ៖ បុប្ផា)