ស្រូវ​ផ្ការំដួល និង​សែន​ក្រអូប កំពុង​ត្រូវប៉ាន់

ខេត្តកំពង់ចាម ៖ ដំណាំ​ស្រូវ​ជា​ច្រើន​ប្រភេទ​ត្រូវ​បាន​ប្រជា​កសិករ​នាំ​គ្នា​ដាំ​ដុះ​នៅ​ក្នុងស្រុក​បា​ធា​យ ស្រុក​ជើងព្រៃ ស្រុក​ព្រៃឈរ រួម​និង​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ទៀត​ដែល​មាន​រហូត​ដល់​រាប់​ម៉ឺន​ហិ​កតា​។​ក្នុង​នោះ​ក៏​មាន​ស្រូវ​ខ្លះ​បាន​ហុច​ផល​ជា​បណ្ដើរ​ៗ និង​ស្រូវ​ខ្លះ​ទៀត​កំពុង​តែ​ឱនដាក់គ្រាប់ និង​ហុច​ផល​តាម​ក្រោយ​ជា​បណ្ដើរ​ៗ​។ ដោយឡែក​ស្រូវ​រំដួល​កំពុង​តែ​ត្រូវប៉ាន់ ត្រូវ​បាន​ឈ្មួញ​ប្រមូល​ចេញ​នាំ​ទៅ​លក់​នៅ​ទីផ្សារ​បរទេស​។

Loading...

លោក​ឃឹម សា​រ៉​ន អាយុ​៤០​ឆ្នាំ ជា​កសិករ​រស់នៅ​ភូមិ​កប្បាស ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ បានឱ្យ​ដឹង​ថា គាត់​បាន​ជួល​ដីស្រែ​របស់​អ្នក​ភូមិ​ចំនួន​២​ហិ​កតា ដើម្បី​ដាំ​ស្រូវ​ប្រភេទ​រំដួល​ក្នុង​នោះ​ជា​មធ្យម​១​ហិ​កតា​ហុច​ផល​ឲ្យ​បាន​២,៥​តោន សម្រាប់​តម្លៃ​ក្នុង​ឆ្នាំ​២០១៩​នេះ​ត្រូវ​បាន​ឈ្មួញ​ចុះ​ប្រមូល​ទិញ​ដល់​វាលស្រែ ដោយ​ស្រូវ​១​គីឡូក្រាម​លក់​បាន​តម្លៃ​១១០០​រៀល ដែល​ជា​តម្លៃ​មួយ​ថ្លៃ​ជាង​ឆ្នាំ​កន្លង​ទៅ​ចំនួន​២០០​រៀល ។

លោក​ឃឹម សា​រ៉​ន បានឱ្យ​ដឹង​បន្ត​ថា ប្រភេទ​ស្រូវ​រំដួល​នេះ ទោះបីជា​មាន​ប៉ុន្មាន​ក៏​ឈ្មួញ​ប្រមូល​ទិញ​យក​ទាំងអស់ ដើម្បី​យក​ទៅ​កិន​ជា​អង្ករ​លក់​នៅ​ក្នុងស្រុក និង​នាំ​ចេញ​ទៅ​កាន់​តំបន់​ផ្សេង​ៗ ប៉ុន្តែ​ស្រូវ​របស់​គាត់​ដែល​ប្រមូល​ផល​បាន​នេះ​គឺ​លក់​តែ​ពាក់កណ្ដាល​ទេ នៅ​សល់​ទុក​សម្រាប់​ហូប​។ នៅ​ពេល​នេះ គេ​មិន​បាន​ប្រើ​កម្លាំង​មនុស្ស​ដើម្បី​ច្រូតស្រូវ​ដូច​កាលពីមុន​នោះ​ទេ គឺ​ត្រូវ​ប្រើ​គ្រឿងយន្ត​ច្រូតស្រូវ​បាន​ហើយ​ត្រូវ​លើក​ស្រូវ​ចាក់​ចូល​ទៅ​ក្នុង​បាវ​ដែល​នៅ​កៀក​នឹង​ផ្លូវជាតិ​លេខ​៧ ងាយស្រួល​លើកដាក់​រថយន្ត​។

លោក​លាង វុ​ទ្ធី ប្រធាន​ការិយាល័យ​កសិកម្ម​ស្រុក​ព្រៃឈរ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៨ វិច្ឆិកា ឆ្នាំ​២០១៩ នេះ​ថា សម្រាប់​ដំណាំ​ស្រូវ​វស្សា​បង្កបង្កើន​ផល​បាន​សរុប​ចំនួន ២១.៦៨៤​ហិ​កតា ស្រូវកណ្ដាល​វិញ​ត្រូវ​បាន​ប្រមូល​ផល​អស់ហើយ​មាន​ចំនួន​៣.៩៣៩​ហិ​កតា ស្រូវធ្ងន់​ចំនួន​៦.១៣៥​ហិ​កតា និង​បាន​បន្ត​ធ្វើ​ស្រូវប្រាំង​ចំនួន​២.៥០០​ហិ​កតា​។

លោក​ប្រធាន​ការិយាល័យ​កសិកម្ម​ស្រុក​ព្រៃឈរ​បាន​បន្ត​ថា នៅ​ក្នុងស្រុក​ព្រៃឈរ​ទាំងមូល​មាន​រោង​ម៉ាស៊ីនកិនស្រូវ​ធំ​ៗ​ចំនួន​៧​កន្លែង​កំពុង​តែ​ប្រមូល​ទិញ​ស្រូវស្រាល និង​ស្រូវ​ផ្ការំដួល សែន​ក្រអូប ដើម្បី​កិន​ជា​អង្ករ​លក់​នៅ​លើ​ទីផ្សារ​ក្នុងស្រុក​និង​នាំ​ចេញ​ទៅ​កាន់​ខេត្ត​ផ្សេង​ៗ​។​ក្នុង​នោះ​ក៏​មាន​ប្រភេទ​អង្ករ​ផ្ការំដួល​និង​សែន​ក្រអូប​ត្រូវ​បាន​ឈ្មួញ​ប្រមូល​ចេញ​តាម​រយៈ​ក្រុមហ៊ុន​ឯកជន​ដើម្បី​នាំ​យក​ទៅ​លក់​លើ​ទីផ្សារ​បរទេស​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)