ម្ចាស់​មិន​នៅផ្ទះ​ចោរ​គាស់​ទម្លុះ ចូល​លួច​យក​ទ្រព្យសម្បត្តិ​អស់

ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ កាលពី​យប់​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ (​គាស់​ទម្លុះទម្លាយ​ផ្ទះ​ប្រជាពលរដ្ឋ​ចូល​លួច​ទ្រព្យសម្បត្តិ​)​។ ជន​ស​ង្ស​យ័​ឈ្មោះ រិ​ន ភា​រុណ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ តែ​មាន​លំនៅ​ឋាន​សង្កាត់​ស្ទឹង​មាន​ជ័យ រាជធានី​ភ្នំពេញ​។

Loading...

សេចក្តីរាយការណ៍​បន្ត​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៩ និង​៤៨​នាទី​យប់ ថ្ងៃ​ទី​១៧ ខែវិច្ឆិកា នោះ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​កាត់​សោ​ទ្វារ គាស់​ទម្លុះទម្លាយ​ចូល​ផ្ទះ​ឈ្មោះ អ៊ុំ ជី ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ប្រពន្ធ​ឈ្មោះ ប៉ឹង សំ​នៀ​ន អាយុ​៥៤​ឆ្នាំ នៅ​ភូមិ​ទួល​តា​សេក ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រសាទ ខេត្តឧត្តរមានជ័យ ក្នុង​ពេល​ដែល​ម្ចាស់ផ្ទះ បាន​ចេញដំណើរ​ទៅ​ភ្នំពេញ​។

នៅ​ពេល​ជនសង្ស័យ​គាស់​សោ​ទ្វារ​កំពុង​រុះរើ បម្រុង​លួច​យក​របស់​មាន​តម្លៃ​នោះ មាន​ប្រជាពលរដ្ឋ​ជិតខាង​បានឃើញ និង​បាន​រាយការណ៍​ប្រាប់​ទៅ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ទើប​កម្លាំង​មានការ​សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ចុះ​ទៅ​អន្តរាគមន៍​ធ្វើការ​ឡោម​ព័ទ្ធ និង​ចាប់ខ្លួន​ជន​ស​ង្ស​យ័​តែ​ម្តង​ទៅ​។ នៅ​ចំពោះ​មុខ​សមត​ត្ថ​កិច្ច ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​ជា​មនុស្ស​អនាថា ត្រូវ​ឪពុក​ម្តាយ​លេង​រាប់រក​។

មុន​ពេល​ចេញពី​ភ្នំពេញ​គឺ​រូបគេ​បាន​ដើរ​ស៊ីឈ្នួល​ធ្វើ​ការងារ​សំណង់ និង​បាន​មក​ដល់​ស្រុក​ត្រពាំង​ប្រសាទ​នេះ​ជាង​២០​ថ្ងៃ​ហើយ ដោយ​ពុំ​មានមុខ​របរ និង​កន្លែង​ស្នាក់​ពិតប្រាកដ​ទេ គឺ​ដេក​នៅ​តាម​វត្ត​តាម​ផ្សារ ហើយ​រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​គាស់​សោ​ទ្វារផ្ទះ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន និង​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ខណៈ​ពេល​កំពុង​រុះរើ​បម្រុង​លួច​របស់​មាន​តម្លៃ​ក្នុងផ្ទះ​ជន​រង​គ្រោះ​តែ​ម្តង​។ ក្នុង​ពេល​ចាប់ខ្លួន​សមត្ថកិច្ច​បាន​ដកហូត សរសៃ​លួស​សម្រាប់​ឆ្កិះ​សោ​ចំនួន​១ កូនសោ​ចំនួន​៣​គ្រាប់ ដង្កាប់​១ និង​តម្បៀត​(​ប៉ាំង​)​ចំនួន​១ និង​ថ្នាំ​ញៀន​១​កញ្ចប់​តូច​។ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់